Feature

ក្រសួងការងារ ក្រើនរំលឹកឱ្យបងប្អូនពលរដ្ឋ ចាប់យកឱកាសការងារក្នុងស្រុក ដែលមានអត្ថប្រយោជន៍សម្បូរបែប ជាជាងប្រថុយឆ្លងដែនខុសច្បាប់ និងមានហានិភ័យខ្ពស់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ សូមកុំចំណាកស្រុកដោយខុសច្បាប់ និងចាប់យកឱកាសការងារនៅក្នុងស្រុក ខណៈបច្ចុប្បន្នឱកាសការងារនៅកម្ពុជាមានជិត ៩ម៉ឺនកន្លែង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរ ដែលបានត្រឡប់មកមាតុប្រទេស គួរពិនិត្យ និងចាប់យកឱកាសការងារក្នុងស្រុកឱ្យបានច្រើន ព្រោះនៅកម្ពុជាមានឱកាសការងារជាច្រើនដែលកំពុងរងចាំបងប្អូន ទោះបីជាបងប្អូនមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ក៏ដោយ។

លោកមានប្រសាសន៍ថា៖ «ការធ្វើការនៅក្នុងស្រុកមិនត្រឹមតែអាចទទួលបានប្រាក់ឈ្នួល និងអត្ថប្រយោជន៍សមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យបងប្អូនរស់នៅជិតក្រុមគ្រួសារ កាត់បន្ថយចំណាយ ព្រមទាំងកសាងជីវភាពឱ្យកាន់តែមានស្ថិរភាពផងដែរ។ ដូច្នេះ សូមបងប្អូនដែលកំពុងត្រូវការឱកាសការងារសូមទាក់ទងទៅលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ»។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ ខណៈដែលប្រទេសទាំងពីរកំពុងបន្តមានអរិភាពនៅតាមបន្ទាត់ព្រំដែន ព្រោះបងប្អូនអាចប្រឈមនឹងហានិភ័យជាច្រើន រួមមានការខាតបង់ថវិកា ការចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការមិនទទួលបានប្រាក់ឈ្នួលត្រឹមត្រូវ និងមិនមានការការពារសិទ្ធិ ប្រសិនបើកើតមានវិវាទការងារ ឬគ្រោះថ្នាក់ផ្សេងៗ។

លោក ស៊ុន មេសា បានបន្តថា៖ «សូមបងប្អូនកុំប្រថុយធ្វើចំណាកស្រុកដោយខុសច្បាប់ តាមការបញ្ចុះបញ្ចូល ឬការសន្យាផ្តល់ការងារដែលមិនច្បាស់លាស់។ ក្រសួងសូមលើកទឹកចិត្តឱ្យបងប្អូនស្វែងរកការងារនៅក្នុងស្រុក ដែលសម្បូរបែប មានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជាច្រើន»។

អ្នកនាំពាក្យរូបនេះបានលើកទឹកចិត្តឱ្យបងប្អូនអតីតពលករដែលមានជំនាញស្រាប់សូមប្រើប្រាស់ជំនាញ និងបទពិសោធន៍ដែលទទួលបានពីការងារកន្លងមក ដើម្បីបន្តអាជីពនៅកម្ពុជា។ ចំពោះអ្នកដែលត្រូវការបង្កើនសមត្ថភាព អាចស្វែងរកឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនលទ្ធភាពទទួលបានការងារសមស្រប និងមានស្ថិរភាព។ ដោយឡែក សម្រាប់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករដែលកំពុងត្រូវការឱកាសការងារ សូមទាក់ទងមកប្រព័ន្ធ Hotline ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាម៕

To Top