ណៃរ៉ូប៊ី ៖ មនុស្សយ៉ាងហោចណាស់ ៧៣នាក់ បានបាត់បង់ជីវិត នៅពេលដែលយន្តហោះដ្រូនជាច្រើនគ្រឿងបានវាយប្រហារលើទីផ្សារមួយ ក្នុងតំបន់ជម្លោះ អាប៊ីយី (Abyei) ស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសស៊ូដង់ខាងត្បូង និងស៊ូដង់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីស្តីទីក្រសួងព័ត៌មានប្រចាំតំបន់រដ្ឋបាលរួមនេះ កាលពីថ្ងៃអង្គារ ដោយបានចោទប្រកាន់ថាកងទ័ពស៊ូដង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ទោះបីជាមិនទាន់មានភស្តុតាងបញ្ជាក់ក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។
លោក Yohana Akol Ngor រដ្ឋមន្ត្រីស្តីទីក្រសួងព័ត៌មានប្រចាំតំបន់ Abyei បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ "មនុស្សប្រមាណ ៧៣នាក់ ត្រូវបានសម្លាប់ និង ១៩នាក់ផ្សេងទៀតរងរបួស… យន្តហោះដ្រូនមួយចំនួនត្រូវបានបាញ់បង្ហោះកាលពីម្សិលមិញ ដោយកងកម្លាំងប្រដាប់អាវុធស៊ូដង់"។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសស៊ូដង់ខាងត្បូង បានចេញសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃចន្ទថា យន្តហោះដ្រូនបានវាយប្រហារទីផ្សារមួយស្ថិតនៅភាគខាងជើងទីក្រុង Abyei ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនជនរងគ្រោះស៊ីវិលនោះទេ។ ក្រសួងក៏បានកោះហៅឯកអគ្គរដ្ឋទូតស៊ូដង់ប្រចាំប្រទេសខ្លួន ដើម្បីបង្ហាញពី "ការតវ៉ាយ៉ាងខ្លាំងក្លា និងក្តីបារម្ភយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាលចំពោះការវាយប្រហារនេះ ព្រមទាំងផលវិបាកដល់សន្តិសុខជនស៊ីវិល និងស្ថិរភាពនៅក្នុងតំបន់ Abyei"។
ចំណែកឯ អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងព្យាបាលអ្នករបួសជាង ២០នាក់ នៅមន្ទីរពេទ្យ Ameth Bek ដែលនៅក្បែរនោះ។ លោក Christian Lindauer អ្នកគ្រប់គ្រងសកម្មភាពវេជ្ជសាស្ត្ររបស់ MSF បានឱ្យដឹងថា៖ "រហូតមកដល់ពេលនេះ យើងទទួលបានអ្នកជំងឺជាង ២០នាក់ រួមទាំងអ្នករបួសធ្ងន់ធ្ងរ និងអ្នករងរបួសដោយសារការរលាក ដោយកំពុងផ្តល់សេវាវះកាត់ រុំរបួស និងការថែទាំសង្គ្រោះបន្ទាន់ផ្សេងទៀត"។
គួរបញ្ជាក់ថា Abyei គឺជាតំបន់សម្បូរប្រេង ដែលគ្រប់គ្រងរួមគ្នាដោយស៊ូដង់ខាងត្បូង និងស៊ូដង់ ខណៈប្រទេសទាំងពីរសុទ្ធតែទាមទារកម្មសិទ្ធិរៀងៗខ្លួន។ តំបន់នេះតែងតែជួបប្រទះអំពើហិង្សាជាញឹកញាប់ ដែលភាគច្រើនពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នារវាងក្រុមជនជាតិភាគតិច ឬក្រុមប្រដាប់អាវុធ។ កាលពីឆ្នាំមុន កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិជនជាតិបង់ក្លាដែសយ៉ាងហោចណាស់ ៦នាក់បានស្លាប់ និង ៨នាក់រងរបួស ក្នុងការវាយប្រហារដោយយន្តហោះដ្រូនពីសំណាក់ក្រុមប្រដាប់អាវុធអបគមន៍ ទៅលើមូលដ្ឋានអង្គការសហប្រជាជាតិក្នុងតំបន់នេះ។
ព្រឹត្តិការណ៍នេះកើតឡើងស្របពេលដែល ប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មកម្ល៉េះ ដែលជាការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF)។
ជម្លោះនេះបានអូសទាញក្រុមប្រដាប់អាវុធក្នុងស្រុក និងមហាអំណាចបរទេសចូលរួម បំផ្លិចបំផ្លាញប្រទេសយ៉ាងធ្ងន់ធ្ងរ និងបង្កើតនូវអ្វីដែលអង្គការសហប្រជាជាតិហៅថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោក៕
ប្រែសម្រួល៖ គីរី
