មណ្ឌលគិរី ៖ ប្រជាពលរដ្ឋប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នា នៅមុខសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែតុលា ដើម្បីស្នើសុំអាជ្ញាធរអនុញ្ញាត ឱ្យរែងមាសពីកាកសំណល់រ៉ែមាស នៅលើដីកម្មសិទ្ធិរបស់ពួកគាត់ និងទាមទារសំណងសមរម្យ ចំពោះផលប៉ះពាល់ ដែលអាចកើតមានពីគម្រោងស្តារអូរ និងបរិស្ថាន ។ ប៉ុន្តែ អាជ្ញាធរបញ្ជាក់ថា ការរែងមាសជាលក្ខណៈគ្រួសារនៅតំបន់នោះ មិនអាចអនុញ្ញាតបានទេ ដោយសារតំបន់នេះ ស្ថិតក្នុងដែនអាជ្ញាបណ្ណអាជីវកម្មរ៉ែមាស និងត្រូវអនុវត្តតាមវិធានការការពារបរិស្ថាន ។
តំណាងប្រជាពលរដ្ឋ ចំនួន១០នាក់ ក្នុងចំណោមអ្នកចូលរួមប្រមាណ២០០នាក់ បានអះអាងថា ពួកគាត់បានរស់នៅ និងប្រកបរបររែងមាស ជាលក្ខណៈគ្រួសារ នៅតំបន់នេះ អស់រយៈពេលជាង៣៩ឆ្នាំមកហើយ ។ ពួកគាត់ថា ក្រោយពីអាជ្ញាធរ ចុះបង្ក្រាបសកម្មភាពរ៉ែមាស កាលពីប្រមាណ៨ឆ្នាំមុន ពួកគាត់មិនបានធ្វើសកម្មភាព រុករករ៉ែមាសទ្រង់ទ្រាយធំទៀតទេ ប៉ុន្តែចង់ប្រមូលមាស ដែលនៅសេសសល់ ក្នុងកាកសំណល់រ៉ែមាសលើដីដែលពួកគាត់អះអាងថា មានបណ្ណកម្មសិទ្ធិស្របច្បាប់ ។
ក្នុងការស្នើសុំនេះ ប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរពិចារណាលើចំណុចសំខាន់ពីរ គឺអនុញ្ញាតឱ្យពួកគាត់រែងមាសដើម្បីរកចំណូលចិញ្ចឹមគ្រួសារ និងផ្តល់សំណងសមរម្យ ប្រសិនបើគម្រោងស្តារអូរបង្កឱ្យខូចខាតលំនៅឋាន ឬទ្រព្យសម្បត្តិរបស់ពួកគាត់។ ពួកគាត់ក៏ស្នើឱ្យទុកដីដែលកាយចេញពីការស្តារអូរឱ្យម្ចាស់ផ្ទះនីមួយៗផងដែរ ។
ប្រជាពលរដ្ឋមួយចំនួនបារម្ភថា ទំហំការងារស្តារអូរអាចធំជាងការព្រមព្រៀងពីមុន។ ពួកគាត់អះអាងថា កន្លងមកធ្លាប់យល់ថា គម្រោងស្តារអូរមានទទឹងត្រឹម៥ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែសេចក្តីជូនដំណឹងថ្មីធ្វើឱ្យពួកគាត់ព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានលើលំនៅឋាន និងដីធ្លី។
ឆ្លើយតប នឹងសំណើនេះ លោក ឈិត សុផល នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា គម្រោងស្តារតំបន់រ៉ែមាស ដែលមានសកម្មភាពអនាធិបតេយ្យ មានគោលបំណងកែលម្អបរិស្ថាន លើកកម្ពស់ប្រព័ន្ធធារាសាស្ត្រ និងដោះស្រាយបញ្ហាសារធាតុពុល ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ស្របតាមផែនការរបស់ក្រសួងរ៉ែ និងថាមពល ។
លោកបន្តថា កាកសំណល់រ៉ែមាស ដែលកាយចេញក្នុងអំឡុងពេលស្តារអូរ មិនអាចប្រគល់ជូនប្រជាពលរដ្ឋបានទេ ប៉ុន្តែត្រូវដឹកជញ្ជូនទៅរក្សាទុកនៅទីតាំង មានសុវត្ថិភាព តាមគោលការណ៍របស់ក្រសួងរ៉ែ និងថាមពល។
ចំពោះការទាមទារសំណង លោក ឈិត សុផល បញ្ជាក់ថា ការវាយតម្លៃនឹងធ្វើឡើងដោយផ្អែកលើផលប៉ះពាល់ជាក់ស្តែងក្នុងពេលអនុវត្តគម្រោង។ ដូច្នេះ អាជ្ញាធរមិនទាន់អាចកំណត់ទំហំសំណងជាមុនបានទេ រហូតដល់ក្រុមការងារចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង ។
លោកក៏បានបញ្ជាក់ថា សំណើសុំអនុញ្ញាតឱ្យរែងមាសជាលក្ខណៈគ្រួសារមិនអាចទទួលយកបានឡើយ ដោយសារតំបន់អតីត សហគមន៍រ៉ែមាស ទំហំ៤៣ហិកតា ស្ថិតក្នុងដែនអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន អេផិច ផៅវ័រ ដែលទទួលបានសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋក្នុងតំបន់បានលើកឡើងថា ការមិនអាចបន្តរបររែងមាសបាន ធ្វើឱ្យអ្នកខ្លះត្រូវចាកចេញទៅស្វែងរកការងារ ធ្វើនៅកន្លែងផ្សេង ខណៈអ្នកដែលនៅសេសសល់ កំពុងជួបការលំបាកក្នុងការរកចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ ។
ទោះជាយ៉ាងណា ការអនុវត្តគម្រោង ស្តារបរិស្ថាន និងការដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ នៅតែជាបញ្ហាដែលត្រូវការការពិភាក្សា និងការបញ្ជាក់ឱ្យ បានច្បាស់លាស់ អំពីទំហំការងារ ផលប៉ះពាល់ និងលទ្ធភាពផ្តល់សំណង ស្របតាមច្បាប់ និងវិធានការការពារបរិស្ថាន ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល





