ភ្នំពេញ ៖ កម្ពុជា បានដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញយុទ្ធសាស្ត្រនានា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជា ការជំរុញសហគមន៍ឱ្យមានភាពធន់ និងការរស់នៅដោយចីរភាព។
នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Amitabh Behar ប្រធានអង្គការអុកស្វាមអន្តរជាតិ (Executive Director of Oxfam International) នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
លោក រដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមសកល និងជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក រដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល គឺមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីជំរុញឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
លោក រដ្ឋមន្ត្រី បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជានឹងបង្ហាញការប្តេជ្ញាចិត្តជាថ្មីទៀត នៅក្នុងកិច្ចប្រជុំកំពូលលើកទី៣១ នៃរដ្ឋភាគីអនុសញ្ញាអង្គការសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅប្រទេសតួកគីយ៉េ នាពេលខាងមុខ ដើម្បីធ្វើការជំរុញ ឱ្យសហគមន៍អន្តរជាតិ មានការផ្តល់ហិរញ្ញប្បទាន អាកាសធាតុប្រកបដោយសមធម៌ ជាពិសេសដល់ប្រទេសដែលរងគ្រោះ ដូចជាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសដែនកោះជាដើម។
លោកនាយកអង្គការអុកស្វាមអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព និងជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុសកល៕


