ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេងមួយគ្រឿងទៀតត្រូវផ្ទុះឆេះ បន្ទាប់ពីបុកមីនសមុទ្រ​ នៅជិតច្រកសមុទ្រហ័រមូស

តេអេរ៉ង់៖​ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នាវាដឹកប្រេងខ្នាតយក្សមួយគ្រឿង​ ដែល «បំពានច្បាប់» បានផ្ទុះ និងឆេះនៅថ្ងៃដដែលនោះ បន្ទាប់ពីបានបុកមីនសមុទ្រនៅភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស។ នេះគឺជាករណីទី ៣ ហើយដែលនាវាដឹកប្រេងបានឆេះ បន្ទាប់ពីបុកមីននៅក្នុងច្រកសមុទ្រនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយលើគេហទំព័រព័ត៌មានផ្លូវការរបស់ IRGC ឈ្មោះថា Sepah News កងទ័ពជើងទឹកបានបញ្ជាក់ថា នាវាខាងលើដែលផ្ទុកប្រេងឆៅជាង ២ លានបារ៉ែល បានបិទប្រព័ន្ធរ៉ាដា និងប្រព័ន្ធរុករកផ្លូវ ព្រមទាំងមិនអើពើនឹងការព្រមានពីសំណាក់កងទ័ពជើងទឹក ខណៈដែលព្យាយាមចាកចេញពីច្រកសមុទ្រនេះតាមរយៈផ្លូវដែលមិនមានការអនុញ្ញាតនៅភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស។

កងទ័ពជើងទឹក IRGC បានព្រមានថា នាវាទាំងឡាយណាដែលប្រើប្រាស់ផ្លូវ «ដែលមិនមានការអនុញ្ញាត» នឹងត្រូវទទួលខុសត្រូវ ហើយរាល់សកម្មភាព​ ដែលមិនគិតពីសន្តិសុខនៅក្នុងច្រកសមុទ្រនេះ នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបយ៉ាង «ដាច់ណាត់»។

មុននេះបន្តិចនៅថ្ងៃដដែលនោះ IRGC បានឱ្យដឹងថា មាននាវាដឹកប្រេងចំនួន ២ គ្រឿងដែល «បំពានច្បាប់» បានឆេះ បន្ទាប់ពីបុកមីន​ ដែលដាក់ដោយកងកម្លាំងជើងទឹករបស់ខ្លួន​ នៅក្នុងច្រកសមុទ្រនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top