ប្រធានសម្ព័ន្ធអារ៉ាប់ អំពាវនាវឱ្យមានការគាំទ្រ ជាក់ស្តែងពីសំណាក់បណ្តាប្រទេសអារ៉ាប់ ជុំវិញការវាយប្រហារ របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
បេរូត៖ អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ លោក Nabil Fahmy បានឧ្យដឹងថា ការវាយប្រហារ និងការរំលោភបំពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាពលរដ្ឋនៅភាគខាងត្បូងប្រទេសលីបង់ គឺជារឿង «មិនអាចទទួលយកបាន»។
លោកបានអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែងពីសំណាក់បណ្តាប្រទេសអារ៉ាប់ ដើម្បីគាំទ្រដល់ប្រទេសលីបង់ ពង្រឹងស្ថាប័នរដ្ឋ និងជួយឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់ភូមិ និងលំនៅឋានរបស់ពួកគេវិញបាន។
ទីភ្នាក់ងារព័ត៌មានជាតិផ្លូវការរបស់លីបង់បានរាយការណ៍ថា លោក Fahmy បានលើកឡើងបែបនេះក្នុងអំឡុងពេលចុះទស្សនកិច្ចនៅតំបន់ Zawtar al-Gharbiyah និងបន្ទាយទាហាន Benoit Barakat ក្នុងទីក្រុង Tyre ដោយមានការអមដំណើរពីរដ្ឋមន្ត្រីក្រសួងកិច្ចការសង្គមរបស់លីបង់ គឺលោកស្រី Haneen Sayed។
ដោយពណ៌នាអំពីអ្វីដែលលោកបានឃើញផ្ទាល់ភ្នែកថា ជាស្ថានភាព «គួរឱ្យសោកសៅ» លោក Fahmy បានលេីកឡេីងថា ទិដ្ឋភាពទាំងនោះឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃស្ថានភាព ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ក្នុងនោះរួមមានការខូចខាតតំបន់លំនៅឋាន ការរឹបអូសដីធ្លី និងការប៉ុនប៉ងបង្ខំឱ្យប្រជាជនចាកចេញពីលំនៅឋានរបស់ខ្លួន។
លោកបានបញ្ជាក់ថា ការគាំទ្រដល់ប្រទេសលីបង់ គឺជាការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់សម្ព័ន្ធអារ៉ាប់ និងបណ្តាប្រទេសអារ៉ាប់នានា។ លោកបន្ថែមថា សម្ព័ន្ធនេះនឹងបន្តពិគ្រោះយោបល់ជាមួយអាជ្ញាធរលីបង់ និងធ្វើការរួមគ្នាជាមួយពួកគេ ដើម្បីគាំទ្រដល់រដ្ឋាភិបាល ប្រជាជន និងកងទ័ព។
លោកបានសង្កត់ធ្ងន់ថា ជំហររបស់បណ្តាប្រទេសអារ៉ាប់ គួរតែលើសពីការគ្រាន់តែថ្កោលទោសប៉ុណ្ណោះ ប៉ុន្តែត្រូវប្រែក្លាយទៅ ជាសកម្មភាពជាក់ស្តែង និងមានលក្ខណៈស្ថាបនា ដោយផ្តោតលើការពង្រឹង សមត្ថភាពរដ្ឋលីបង់ក្នុងការផ្តល់សេវាជូនពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពកងទ័ពក្នុងការការពារប្រទេស និងរក្សាស្ថិរភាព៕
ប្រែសម្រួល ឈូក បូរ៉ា
