Feature

៩ខែ មានជនជាប់ឃុំជាង ៨ពាន់នាក់ ទទួលការបណ្តុះបណ្តាល និងជាង ២០០នាក់បានវិញ្ញាបនបត្រ

ភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបន្តជំរុញ ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដល់ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ ក្នុងនោះមានស្ត្រី៧០៣នាក់ ដើម្បីផ្តល់បំណិនជីវិតការងារ ក្រោយពេលទទួលបានសេរីភាពឡើងវិញ ក្នុងនោះ មានជនជាប់ឃុំចំនួន ២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាផ្លូវការ។

របាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងទៀតថា ក្នុងចំណោមជន ជាប់ឃុំជាង៨ពាន់នាក់ ដែលទទួលបានការបណ្ដុះបណ្ដាលនោះ រួមមាន ការអនុវត្តសាកល្បងជំនាញ និងមុខរបរជាក់ស្តែងមានចំនួន ៤.៥២១នាក់ ការបណ្តុះបណ្តាលដោយអង្គភាពផ្ទាល់មាន១.២០៩នាក់ និងការបណ្តុះបណ្តាលក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល ព្រមទាំងអង្គការដៃគូនានាចំនួន២.៤១៩នាក់។

ជំនាញសំខាន់ៗដែលអគ្គនាយកដ្ឋានពន្ធនាគារ បានបណ្ដុះបណ្ដាល រួមមាន ជំនាញកាត់ដេរ សម្អាងការ ការងារសំណង់ ការប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច បរិក្ខារត្រជាក់ និងគ្រឿងយន្តជាដើម។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានពង្រឹងការរៀបចំ និងអភិវឌ្ឍន៍ឧស្សាហកម្មខ្នាតតូច សិប្បកម្ម កសិកម្ម និងជំនាញសំណង់ក្នុងពន្ធនាគារ ដោយផ្អែកលើសក្តានុពលនៅតាមពន្ធនាគារនីមួយៗ ព្រមទាំងស្វែងរកប្រភពធនធាន និងដៃគូវិនិយោគបន្ថែម។

សូមរំលឹកថា បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំប្រមាណ ជាង៧២០០០នាក់ និងមានពន្ធនាគារចំនួន២៥ ព្រមទាំងមណ្ឌលអប់រំកែប្រែចំនួន៤៕

To Top