លោក ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌ សង្កាត់ និងមន្ទីរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ ចំពោះមនុស្សវ័យចាស់
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុកឱ្យពួកគាត់រស់នៅ ក្នុងភាពឯកកោឡើយ ក្នុងករណីមណុស្សចាស់មានការខ្វះខាតអ្វីមួយ ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌ នៅជិតបំផុត នោះអាជ្ញាធរនឹងចុះជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយឡើយ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ សមាជិកអតីតយុទ្ធជន និវត្តជននិងមនុស្សវ័យចាស់កម្ពុជា ក្នុងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៨ ក្រោមប្រធានបទ “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍ ” នាព្រឹកថ្ងៃទី២១ តុលា២០២៦នេះនៅសាលារាជធានីភ្នំពេញ ដោយមាន សមាជិកជាអតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់ មកពីតាមបណ្តាសង្កាត់ទាំង១០៥ ខណ្ឌទាំង១៤ចំនួន ៥២៥នាក់។

លោក ឃួង ស្រេង បានរំលឹកថា សម្តេចទាំងទ្វេ យកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់ ដូចនេះសូមជឿជាក់មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន។

លោក ឃួង ស្រេង បានបន្តទៀតថា ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខមនុស្សវ័យចាស់ ក្នុងរាជធានីភ្នំពេញនេះធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមក បានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិ និងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលនេះ។

អំណោយដែលផ្តល់ជូនមនុស្សចាស់ ទាំង៥២៥នាក់ នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុងម្នាក់ៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម, ភួយ០១,ក្រមា០១, ត្រីខ ០១យូរ ,មី ០១កេសតូច,ទឹកបរិសុទ្ធ
០១កេសនិងថវិកា ចំនួន១០ម៉ឺនរៀល។

លោកតា ងួន ឈិន អាយុ៨៤ឆ្នាំ រស់នៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅនិងលោកតា ម៉ៅ សួន អាយុ៧១ឆ្នាំ រស់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ក្នុងឱកាសនោះដែរ បានថ្លៃនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោក ឃួង ស្រេង ដែលតែតែយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ទាំងពេលកន្លងមកនិងបច្វុប្បន្ននេះ៕



