សមាគម២ ពង្រឹងការផ្តល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការបង្កើនការយល់ដឹង អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពដល់អតិថិជន សម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ ព្រមទាំងពង្រឹងយន្តការកិច្ចការពារអតិថិជន និងការដោះស្រាយបណ្តឹង តវ៉ាសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាទាំងមូល។
ការលើកឡើងជាសាធារណៈ នាពេលថ្មីៗអំពីបំណុលគ្រួសារ និងកិច្ចការពារអ្នកខ្ចីប្រាក់ បង្ហាញពីសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងការអនុវត្តផ្នែកហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ។ ខណៈដែលលទ្ធភាពទទួល បានសេវាហិរញ្ញវត្ថុផ្លូវការ បានរួមចំណែកគាំទ្រ ដល់ជីវភាពរស់នៅ សកម្មភាពអាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ទទួលស្គាល់ថា អ្នកខ្ចីប្រាក់មួយចំនួន កំពុងប្រឈមនឹងការ លំបាកផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានបញ្ហាប្រឈម។
យោងតាមសេចក្ដីថ្លែងការណ៍របស់សមាគមទាំងពីរ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ថា ក្នុងរយៈពេលកន្លងមក សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា (NBC) គ្រឹះស្ថានជាសមាជិក និងដៃគូអភិវឌ្ឍន៍ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនានាក្នុងការពង្រឹងស្តង់ដារបស់វិស័យ លើកកម្ពស់ការអនុវត្តការផ្តល់ឥណទាន និងពង្រឹងកិច្ចការពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាសកម្មភាពបំពេញបន្ថែមពីលើបទប្បញ្ញត្តិ និងវិធានការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។
លើសពីនេះ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក៏បានដាក់ចេញវិធានការការពារអ្នកខ្ចីប្រាក់ជាក់លាក់ផងដែរ រួមមានការរឹតបន្តឹងលើការទទួលយកដីរដ្ឋ ដីការពារ និងដីសហគមន៍ធ្វើជាទ្រព្យធានាសម្រាប់ការស្នើសុំប្រាក់កម្ចីថ្មី ការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនធ្វើជាទ្រព្យធានា និងការង្កើនការវាយតម្លៃសមត្ថភាពបង់សងប្រាក់ត្រឡប់សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប។ វិធានការទាំងនេះមានគោលបំណងពង្រឹងការការពារអ្នកខ្ចីដែលងាយរងគ្រោះ។
សម្រាប់សមាគមទាំងពីរ ការពង្រីកការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងព័ត៌មានច្បាស់លាស់ ការអនុវត្តដោយយុត្តិធម៌ និងដំណោះស្រាយឆាប់រហ័សពេលដែលអតិថិជនជួបប្រទះការលំបាក។
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ពហុភាគីស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ៕
