គម្រោងអន្ដរាគមន៍ សង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារ ដំណាក់កាលទី២ចាប់ផ្តើម
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបញ្ជាក់ថា គម្រោងអន្ដរាគមន៍ទល់ទ្រ សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ដែលរងការខូចខាតដោយការបំផ្លាញ របស់យោធាថៃ ត្រូវបានចាប់ផ្តើមធ្វើហើយ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា គម្រោងអន្ដរាគមន៍ ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ត្រូវបានចាប់ផ្តើមធ្វើថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ដោយក្រុមការងារជំនាញបានចុះអនុវត្ដគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ចំនួន២៩ទីតាំងទៀត ដែលរងការខូចខាតដោយការវាយប្រហារប្រដាប់អាវុធពីកងកម្លាំងថៃ។
លោកថា កិច្ចអន្ដរាគមន៍ដូចគ្នានេះ ត្រូវបានធ្វើម្តងរួចហើយក្នុងដំណាក់កាលទី១ ចំនួន២៣ទីតាំង ចាប់ពីគោបុរៈទី១ដល់ទី៥ ។
អ្នកនាំពាក្យបញ្ជាក់ថា “គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារ មានគោលបំណងទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត ដើម្បីធានាថា ប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត” ។
អង្គការយូណេស្កូ កាលពីដើមខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយរបាយការណ៍ដោយបានបញ្ជាក់ពីទំហំ នៃការខូចខាតយ៉ាងធ្ងន់ធ្ងរ នៃប្រាសាទព្រះវិហារដែលបណ្តាលមកពីការវាយប្រហារ ប្រដាប់អាវុធក្នុងខែកក្កដានិងខែធ្នូ ឆ្នាំ២០២៥ ដោយបានរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស , ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទព្រះវិហារ ។
សូមបញ្ជាក់ថា ប្រាសាទព្រះវិហារបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំនួន៥៦២កន្លែងក្រោមស្នាដៃយោធាថៃ៕
