សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចុះផ្សាយកាលពីថ្ងៃពុធថា កូរ៉េខាងជើងបានបញ្ជាឱ្យកងទ័ពប្រចាំការនៅតាមព្រំដែនរបស់ខ្លួន ត្រៀមចាត់ "វិធានការភ្លាមៗ និងដាច់ខាត" ប្រសិនបើកងកម្លាំងយោធាកូរ៉េខាងត្បូង មានសកម្មភាពណាមួយដែលគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កាលពីថ្ងៃអង្គារ សេនាប្រមុខកងទ័ពកូរ៉េខាងជើង លោក Pak Jong Chon បានចុះត្រួតពិនិត្យបន្ទាយការពារនៅតាមបណ្តោយព្រំដែនដែលជាប់ជាមួយកូរ៉េខាងត្បូង។ ការចុះត្រួតពិនិត្យនេះ ក៏មានការអមដំណើរដោយអ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ផងដែរ។
នៅក្នុងឱកាសនោះ អ្នកស្រី Kim Yo Jong បានបញ្ជាក់ថា អង្គភាពកាំភ្លើងធំ និងអាវុធធុនធ្ងន់ថ្មីៗ បាន "រៀបចំទីតាំងត្រៀមបាញ់ប្រហាររបស់ពួកគេរួចរាល់ហើយ" នៅតាមតំបន់ព្រំដែន។
ប្រែសម្រួល៖ គីរី
