រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំមន្ត្រីច្រកទ្វារព្រំដែន រក្សាឥរិយាបថទន់ភ្លន់ ដើម្បីផ្ដល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ
ស្វាយរៀង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីច្រកទ្វារព្រំដែន រក្សាឥរិយាបថទន់ភ្លន់ មានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់នៅកម្ពស់ ៥ជាន់ នៃប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរម្លឹកអតីតកាល ដែលច្រកទ្វារព្រំដែននេះ ដើមឡើយជាចំណុចឆ្លងកាត់ព្រំដែន មានសមត្ថកិច្ចការពារព្រំដែន និងនគរបាលត្រួតពិនិត្យការចេញចូលបន្តិចបន្តួច ប៉ុន្តែក្រោយពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ច្រកទ្វារបាវិតត្រូវបានដំឡើងកម្រិតទៅជាច្រកទ្វារព្រំដែនអន្តរជាតិ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បើតាមប្រមុខក្រសួងមហាផ្ទៃ ការសាងសង់អគារថ្មីនេះឡើង គឺកើតចេញពីការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយពេលថ្នាក់ដឹកនាំបាន មើលឃើញពីការលំបាករបស់មន្ត្រីផ្ទាល់ ពិសេស អគារចាស់មានសភាពទ្រុឌទ្រោម និងបន្ទប់ស្នាក់នៅមានភាពចង្អៀតណែន ដែលមិនឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងនៃការបំពេញការងារប្រចាំថ្ងៃរបស់កងកម្លាំង។

លោក ឧបនាយករដ្ឋមន្ត្រី បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទាំងអស់ ដែលជាកម្លាំងជួរមុខ ត្រូវតែប្រកាន់ខ្ជាប់នូវឥរិយាបថទន់ភ្លន់ សុភាពរាបសារ ពោរពេញដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារ ដោយត្រូវចៀសវាងឱ្យបាននូវការប្រព្រឹត្តអំពើមិនល្អផ្សេងៗដែលប៉ះពាល់ដល់កិត្តិយសអង្គភាព។

ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា មន្ត្រីអន្តោប្រវេសន៍នៅតាមច្រកទ្វារព្រំដែន និងអាកាសយានដ្ឋាននានា គឺជាមុខមាត់ដំបូងបង្អស់នៃប្រទេសជាតិ ដែលភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេសបានជួបប្រទះមុនគេ ពេលឈានជើងចូលមកកាន់កម្ពុជា៕

