ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក Ishizuki Hideo ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ (២ដងក្នុង១ឆ្នាំ) ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបង្កើនជំនឿទុកចិត្តជូនដល់សហគមន៍ធុរកិច្ចជប៉ុន សំដៅទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
កិច្ចប្រជុំនាឱកាសនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, សមាជិកក្រុមការងារសហបង្កើតធុរកិច្ច (BCT) តាមក្រសួង-ស្ថាប័ន និងតុជំនាញតាមវិស័យ, តំណាងសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅកម្ពុជា (JBAC), តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃជប៉ុន (JICA) ប្រចាំកម្ពុជា, តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំរាជធានីភ្នំពេញ, ព្រមទាំងតំណាងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មអាស៊ាន-ជប៉ុន (AMEICC)។
មតិបើកកិច្ចប្រជុំថ្លែងដោយ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតជប៉ុន ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់បរិយាកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំលើកទី៣២ នេះ គឺជាយន្តការសន្ទនាផ្លូវការដ៏មានប្រសិទ្ធភាព និងជាវេទិកាយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនជប៉ុន ក្នុងការឆ្លើយតបទាន់ពេលវេលាចំពោះសំណូមពរ ក៏ដូចជាលុបបំបាត់របាំងធុរកិច្ចផ្សេងៗ។
តាមរយៈកិច្ចប្រជុំនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកែលម្អបរិយាកាសវិនិយោគ ធានានូវតម្លាភាព និងភាពព្យាករណ៍បាន ដើម្បីទាក់ទាញ និងរក្សាទុកនូវវិនិយោគិនជប៉ុន ព្រមទាំងបង្កើនទំនុកចិត្តលើការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានចីរភាព និងរីកចម្រើនឥតឈប់ឈរ៕



