ភ្នំពេញ៖ យោងតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចសម្រេចបានអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ដោយបានពិភាក្សា និង សម្រេចរបៀបវារៈសំខាន់ៗ ចំនួន៤ ។
បើតាមរបៀបវារៈទី១លើរបាយការណ៍ ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការ កែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) បានឱ្យដឹងថា ដើម្បីធានាបាន នូវភាពជាក់ស្តែងនិយម ក្នុងការវាយតម្លៃ ការវិវត្តរបស់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីធានាភាពជឿទុកចិត្តបាន នៃការរៀបចំគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ព្រមទាំងអនុលោមតាមមាត្រា៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំធ្វើបច្ចុប្បន្នកម្មលើ “ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩» ដោយផ្អែកលើទិន្នន័យ ៩ខែ ឆ្នាំ២០២៦ និងផ្តោតតែលើការវាយតម្លៃឡើងវិញ នៃសមិទ្ធកម្ម ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ និងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ សម្រាប់ឆ្នាំ២០២៧។
ក្នុងនោះ ផ្អែកតាមការវាយតម្លៃ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឡើងវិញ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចសម្រេចបានអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧។
បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងបន្តពង្រឹងការកៀរគរចំណូល ធ្វើអាទិភាវូបនីយកម្ម និងលើកកម្ពស់ប្រសិទ្ធភាព ចំណាយ ព្រមទាំងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុសាធារណៈ ដោយប្រយ័ត្នប្រយែង ដើម្បីរក្សាលំហថវិកា និងធានា ចីរភាពហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលមធ្យមផងដែរ៕
