សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបញ្ជូនកម្លាំងជាង ១ម៉ឺន ទៅចូលរួមបំពេញបេសកម្មរក្សាសន្ដិភាព
កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០០៦ មកពេលនេះ កម្ពុជា បានបញ្ជូនកម្លាំងសរុបជាង ១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ។
ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរវីរភាពរបស់កងទ័ពមួយខៀវកម្ពុជា ដែលតែងបង្ហាញសមត្ថភាព វិជ្ជាជីវៈ ការគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ការរក្សាបាននូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អនៅគ្រប់កន្លែង។
សម្ដេចធិបតី មានប្រសាសន៍ថា «រហូតមកដល់ពេលនេះ យើងបានបញ្ជូនកម្លាំងសរុបជាង ១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ពោល គឺនៅស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ»។
សម្ដេចធិបតី បន្ថែមថា ក្នុងរយៈពេលជាង ៣០ឆ្នាំ កម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួលផលនូវការរក្សាសន្ដិភាពរបស់កងកម្លាំងរក្សាសន្ដិភាពនៅដើមទស្សវត្ត៩០ ទៅជាអ្នកដែលចូលរួមផ្ដល់នូវកម្លាំងដើម្បីចូលរួមថែរក្សាសន្ដិភាព និងជួយនូវការងារមនុស្សធម៌ជាច្រើន ទៅលើបណ្ដាលប្រទេសនានា។
គូសបញ្ជាក់ថា ការចូលរួមបេសកកម្មរក្សាសន្តិភាព គឺជាភារកិច្ចមួយដ៏ឧត្ដុង្គឧត្តមស្របតាមរដ្ឋធម្មនុញ្ញ ដែលរួមចំណែកធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែង, កិត្យានុភាពរបស់កម្ពុជា ត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ ទង់ជាតិកម្ពុជាត្រូវបានបង្ហូតយ៉ាងខ្ពស់ត្រដែត ស្មើមុខស្មើមាត់ ស្មើសិទ្ធិ ស្មើភាព ជាមួយបណ្តាប្រទេសដែលបានបរិច្ចាគកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប៕
