ព័ត៌មានជាតិ

សម្តេចធិបតី៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គ្រោងបើកវគ្គដំបូងនៅថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃកំណើតកងទ័ព និងបុណ្យឯករាជ្យជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា ពោលគឺកំណត់យកថ្ងៃទី៩ វិច្ឆិកា ដែលត្រូវជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យជាតិ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនោះ សម្តេចធិបតី បានរំលឹកថា រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធផលធំៗជាច្រើន រួមមានការកសាងស្ថាប័នរដ្ឋមួយរឹងមាំ និងឯករាជ្យដែលប្រព័ន្ធអភិបាលកិច្ច ត្រូវបានធ្វើទំនើបកម្មជាប្រចាំ ឱ្យមានឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

សម្តេចធិបតី ជឿជាក់ថា ការអភិវឌ្ឍសង្គម​ សេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័ស ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់និងរឹងមាំ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក, ការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ និងត្រូវត្រៀមចាកចេញ ពីស្ថានភាពប្រទេសមានការអភិវឌ្ឍតិចតួច​ នៅចុងឆ្នាំ២០២៩ខាងមុខ ដែលបានកាត់បន្ថយភាពក្រីក្រយ៉ាងលឿន និងការធ្វើសមាហរណកម្មដោយជោគជ័យ ទៅក្នុងរចនាសម្ព័ន្ធ និងនិម្នាបនកម្មសេដ្ឋកិច្ចតំបន់ និងសកលលោក។

បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តជំរុញការកែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត អភិក្រមនៅក្នុងការកែទម្រង់របស់យើង គឺផ្អែកទៅលើការកែទម្រង់ដើម្បីពង្រឹងខាងក្នុង និងកិច្ចសហប្រតិបត្តិការដើម្បីពង្រីកមិត្តខាងក្រៅ។ ការធ្វើកែទម្រង់ពង្រឹងសមត្ថភាពកងទ័ព គឺជាការចាំបាច់ ការធ្វើកែទម្រង់ទំនើបកម្មរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា ពោលគឺយើងកំណត់យកថ្ងៃទី៩ វិច្ឆិកា ដែលត្រូវជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យជាតិរបស់យើង គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្ត នូវគោលការណ៍ និងការអនុវត្តច្បាប់កាតព្វកិច្ចជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមក្នុងការពង្រឹងកងទ័ពរបស់យើងនេះ ហើយយើងនឹងបន្តរើសរាល់ឆ្នាំ ហើយតាមតម្រូវការជាក់ស្តែងរបស់កងទ័ព”៕

To Top