Feature

រថយន្តវេអង ដែលបង្ករកកស្ទះចរាចរណ៍ នៅចំណុចអូររមីស ត្រូវបានអូសចេញ បង្ករលក្ខណៈធម្មតាវិញហើយ

ខេត្តមណ្ឌលគិរី ៖ គិតត្រឹមវេលាម៉ោង ០៩:៥០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ ផ្លូវជាតិលេខ៧៦ ត្រូវបានបើកឱ្យចរាចរណ៍ឡើងវិញ ជាធម្មតាហើយ ក្រោយពីកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ អូសទាញរថយន្តដឹកទំនិញធុនធ្ងន់ដែលខូចខាតបិទផ្លូវ ចេញពីទីតាំងកើតហេតុរួចរាល់។
ការបើកផ្លូវនេះធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ កកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅត្រង់ចំណុចជិតស្ពានអូររមីស លើកំណាត់ផ្លូវជាតិលេខ៧៦ ដោយសាររថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង បានបើកបរឡើងចំណោទមិនរួច ហើយរអិលថយក្រោយ បណ្តាលឱ្យឃាំងទទឹងផ្លូវ និងផ្អាកដំណើរការធ្វើចរាចរណ៍ របស់អ្នកដំណើរជាបណ្តោះអាសន្ន ។
ដើម្បីដោះស្រាយបញ្ហាចរាចរណ៍នេះ លោកគង់ គឹមនី អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ ដោយផ្ទាល់នៅកន្លែងកើតហេតុ។

ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត ក្រុមការងារបច្ចេកទេសបានសហការជាមួយអាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន ចុះអន្តរាគមន៍យ៉ាងសកម្ម ដោយដំបូងឡើយបានបើកផ្លូវឱ្យរថយន្តខ្នាតតូចអាចធ្វើដំណើរឆ្លងកាត់បានជាបណ្តោះអាសន្ន មុននឹងសម្រេចការអូសទាញរថយន្តធុនធ្ងន់ចេញទាំងស្រុង ដើម្បីស្តារចរាចរណ៍ធម្មតាឡើងវិញ។

ប្រភពព័ត៌មានមួយបង្ហើបថា នេះជាឡានដឹកឈើ១គ្រឿងក្នុងចំណោម ១១គ្រឿងដែលដឹកឈើចេញពីស្រុកកោះញែក។ក្នុងនោះប្រភពថា មានក្រុមហ៊ុន ជា ចិត្តា  ចំនួន ៧គ្រឿង ខាងក្រុមហ៊ុន ៩៥ ចំនួន៤គ្រឿង ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top