ព័ត៌មានអន្តរជាតិ

‎លោក ម៉ាក្រុង និយាយថា ការបាញ់ប្រហារនៅជាយក្រុងប៉ារីស ដែលបានសម្លាប់មនុស្សម្នាក់ គឺជាអំពើភេរវកម្ម និងការរើសអើងជាតិសាសន៍‎

‎បរទេស៖ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សម្នាក់ និងបណ្តាលឱ្យមនុស្ស ៥ នាក់ផ្សេងទៀតរងរបួស (ក្នុងនោះមានក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់) នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅតំបន់ជាយក្រុងប៉ារីស។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានហៅហេតុការណ៍នេះថា ជាការវាយប្រហារ «ភេរវកម្ម និងរើសអើងពូជសាសន៍»។

‎យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា លោក ម៉ាក្រុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺជាចំណុចរបត់មួយ។ នេះជាលើកដំបូងហើយដែលយើងជួបប្រទះអំពើភេរវកម្ម ដែលត្រូវបានរៀបចំឡើងដើម្បីសម្លាប់ពលរដ្ឋរបស់យើង និងកូនចៅរបស់យើង ដោយផ្អែកលើពណ៌សម្បុរ ឬសាសនារបស់ពួកគេ»។
‎
‎ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីថ្ងៃសុក្រ នៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានប្រើប្រាស់អាវុធស្វ័យប្រវត្តិ បាញ់ទៅលើស្ថានីយប្រេងឥន្ធនៈមួយកន្លែង មជ្ឈមណ្ឌលសុខភាពមួយ និងទីលានលេងកុមារមួយកន្លែង នៅក្នុងតំបន់ Trappes ដែលស្ថិតនៅជាយក្រុងប៉ារីស។
‎
‎មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលមានអាយុ ៣៩ ឆ្នាំ ឈ្មោះ Kevin T ត្រូវបានចាប់ខ្លួនបានហើយ។ នាមត្រកូលរបស់ជននេះមិនត្រូវបានបញ្ចេញឱ្យដឹងនោះទេ ដែលនេះគឺជាការអនុវត្តជាទូទៅ នៅក្នុងការស៊ើបអង្កេតលើបទឧក្រិដ្ឋបែបនេះនៅក្នុងប្រទេសបារាំង។
‎
‎ប្រែសម្រួល: តុលា

To Top