សម្តេចធិបតី ៖ កម្ពុជានឹងធ្វើសមយុទ្ធជាមួយចិន-អាមេរិក
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធនាគមាសជាមួយមិត្តដែកថែបចិន និងភាគីសហរដ្ឋអាមេរិកនៅឆ្នាំបន្តបន្ទាប់។

ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិបនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ឆ្នាំ២០២៦នេះ កម្ពុជានឹងធ្វើសមយុទ្ធជាមួយចិន ជាលើកទី៨ និងឆ្នាំ២០២៧ កម្ពុជានឹងធ្វើសមយុទ្ធឆ្មាំអង្គរជាមួយអាមេរិកលើកទី៨ ផងដែរ ។

សម្តេចធិបតីបញ្ជាក់ថា “ឆ្នាំនេះ យើងត្រូវធ្វើម្ចាស់ផ្ទះលើកទី៨ នៃសមយុទ្ធនាគមាសជាមួយចិន ។ ឆ្នាំក្រោយយើងត្រូវរៀបចំសមយុទ្ធលំហាត់រួមគ្នា ជាមួយអាមេរិកលើកទី៨ដែរ ឆ្មាំអង្គរ”។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តី ក៏បានប្រកាសថា កម្ពុជាក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃការហ្វឹកហ្វឺនរួមគ្នា៣ប្រទេសថែមទៀតផង រវាងកងកម្លាំងកម្ពុជា ជាមួយអង្គការសហប្រជាជាតិ និងជាមួយភាគីជប៉ុន ។ បន្ថែមពីលើនេះទៀត កងកម្លាំងកម្ពុជា ក៏នឹងចូលរួមហ្វឹកហ្វឺន ជាមួយបណ្តាប្រទេសផ្សេងទៀត នៅតំបន់អាស៊ានផងដែរ ។ ដោយសម្តេចធិបតីគូសបញ្ជាក់ថា នេះគឺជាកិច្ចការ និងអភិក្រមដែលកម្ពុជា ត្រូវអនុវត្តដើម្បីកែទម្រង់ពង្រឹងខាងក្នុងនិងពង្រីកប្រតិបត្តិការខាងក្រៅ៕







