ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ត្រៀមសម្រាប់រៀបចំការបោះឆ្នោត ស្ទាបស្ទង់ដើម្បីជ្រើសរើសបេក្ខជនគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ត្រៀមសម្រាប់រៀបចំការបោះឆ្នោត ស្ទាបស្ទង់មតិដើម្បីជ្រើសរើសបេក្ខជនគណបក្សប្រជាជនកម្ពុជា សម្រាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង នៅទីតាំងដាក់ដោយឡែកពីគ្នាចំនួន ២ទីតាំង គឺ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៨ នៃស្រុកទាំងពីរ ព្រមទាំងគណៈកម្មាធិការបក្សស្រុក សរុបចំនួន ៣៤០រូប។

នៅក្នុងដំណើរការនៃកិច្ចប្រជុំនីមួយៗ លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក បានឡើងធ្វើរបាយការណ៍ស្វាគមន៍ជូនដល់អង្គពិធី ដោយបានគូសបញ្ជាក់អំពីស្ថានភាពទូទៅ, ការកសាងសមាជិកបក្ស, ការងារចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៦, ព្រមទាំងការរៀបចំសេចក្តីព្រាងបឋម បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើររើសក្រុមប្រឹក្សាឃុំ និងដំណើរការនៃការរៀបចំបោះឆ្នោត ស្ទាបស្ទង់បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ ផងដែរ។ បន្ទាប់មកអង្គប្រជុំ បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ លើនីតិវិធីនានាសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតស្ទាបស្ទង់មតិដើម្បី ជាមូលដ្ឋានក្នុងការជ្រើសរើសបេក្ខជន គណបក្ស សម្រាប់ឈរឈ្មោះបោះឆ្នោត, ការពិនិត្យលើលក្ខណៈសម្បត្តិបេក្ខជន ការកំណត់ថ្ងៃ និងសមាសភាពអង្គបោះឆ្នោត ដោយផ្អែកលើលក្ខណៈសម្បត្តិនៃការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលគណបក្សប្រជាជនកម្ពុជាបានកំណត់ និងស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការរៀបចំសម្ភារនានាសម្រាប់បម្រើដល់ដំណើការនៃការរៀបចំការបោះឆ្នោតស្ទាបស្ទង់។

អញ្ជើញមានប្រសាសន៍ដឹកនាំកិច្ចប្រជុំទាំងពីរទីតាំង លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចយ៉ាងល្អនាពេលកន្លងមក រហូតធ្វើឱ្យគណបក្សសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

ជាមួយគ្នានោះដែរ លោក ឆាយ ឫទ្ធិសែន បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់តម្រង់ទិសបន្ថែមដល់ការត្រៀមរៀបចំការបោះឆ្នោត ស្ទាបស្ទង់មតិនៅតាមឃុំនីមួយៗ ធ្វើយ៉ាងណាឱ្យដំណើរការនៃការរៀបចំការបោះឆ្នោតនោះ ដំណើរការទៅដោយរលូន និងមានសុក្រឹតភាព។

លោក ឆាយ ឫទ្ធិសែន ក៏បានបញ្ជាក់បន្ថែមដល់ ក្រុមការងារគណបក្សចុះមូលដ្ឋាន គ្រប់ថ្នាក់នៃស្រុកទាំងពីរ សូមយកស្មារតីដែលបានឯកភាពក្នុងកិច្ចប្រជុំនេះ ទៅអនុវត្តឱ្យសម្រេចបានជោគជ័យ និងត្រូវត្រៀមលក្ខណៈសម្បត្តិ និងគ្រប់មធ្យោបាយដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះទទួលបានជោគជ័យ។ គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យទី៦ ខែ មិថុនា ឆ្នាំ២០២៧ ជាកាលបរិចេ្ឆទនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦៕

To Top