Feature

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នៃក្រសួងការងារ ៖ ភាពជោគជ័យរបស់និស្សិត គឺផ្ដោតលើការអនុវត្តជាក់ស្ដែង ដើម្បីពង្រឹងជំនាញ និងឱកាសការងារ

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល ដោយផ្ដោតលើការអនុវត្តជាក់ស្ដែង និង សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាថាជំនាញដែលសិស្សនិស្សិត ទទួលបានឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ នេះបើតាមលោក ចាន់ ជឿន នាយករងវិទ្យាស្ថាន PPI។

លោក ចាន់ ជឿន បានថ្លែងថា កម្មវិធីសិក្សារបស់វិទ្យាស្ថានរួមបញ្ចូលទាំងការសិក្សាទ្រឹស្ដី ការអនុវត្តនៅតាមរោងជាង និងមន្ទីរពិសោធន៍ ព្រមទាំងការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងសហគ្រាស ដើម្បីឱ្យសិស្សនិស្សិតស្គាល់ពីបរិយាកាសការងារជាក់ស្ដែង មុនពេលបញ្ចប់ការសិក្សា។

លោកបានមានប្រសាសន៍ថា៖ «យើងរៀបចំកម្មវិធីសិក្សាដែលផ្ដោតសំខាន់លើការអនុវត្ត ដោយសិស្សនិស្សិតសិក្សាទ្រឹស្ដី និងអនុវត្តនៅតាមរោងជាង និងមន្ទីរពិសោធន៍។ ទន្ទឹមនឹងនេះ យើងក៏បញ្ជូនពួកគេទៅធ្វើកម្មសិក្សានៅតាមក្រុមហ៊ុន និងសហគ្រាសនានា ដើម្បីឱ្យពួកគេសម្របខ្លួនទៅនឹងបរិយាកាសការងារ»។

លោកបានបន្ថែមថា ការចុះកម្មសិក្សាមិនត្រឹមតែជួយឱ្យសិស្សនិស្សិតពង្រឹងជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យពួកគេអភិវឌ្ឍជំនាញទន់ ដូចជាការប្រាស្រ័យទាក់ទង ការសហការជាក្រុម និងការសម្របខ្លួនក្នុងបរិយាកាសការងារ។

លោក ចាន់ ជឿន បានបញ្ជាក់ថា៖ «ក្រៅពីជំនាញរឹង ការចុះធ្វើការនៅតាមរោងចក្រ និងសហគ្រាសក៏ជួយឱ្យសិស្សនិស្សិតទទួលបានជំនាញទន់ ឬបំណិនជីវិត ដូចជាការធ្វើការជាក្រុម និងការសហការជាមួយអ្នកដទៃ ព្រមទាំងទទួលបានបទពិសោធន៍ការងារជាក់ស្ដែង»។

លោកបញ្ជាក់បន្ថែមថា ចំពោះកម្មវិធីបណ្ដុះបណ្ដាល វិទ្យាស្ថាន PPI បានបែងចែកជាពីរផ្នែកធំៗ គឺផ្នែកបច្ចេកទេស និងផ្នែកពាណិជ្ជកម្ម។ ផ្នែកបច្ចេកទេសរួមមាន វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រូនិក វិស្វកម្មព័ត៌មានវិទ្យា និងវិស្វកម្មមេកាត្រូនិក។ ចំណែកផ្នែកពាណិជ្ជកម្មរួមមាន គណនេយ្យអាជីវកម្ម ការគ្រប់គ្រងអាជីវកម្ម និងទីផ្សារ។៕

To Top