ព័ត៌មានជាតិ

វិភាគ ៖ ទីក្រុងហុងកុង ជាប្រធានបទ ជម្លោះថ្មីមួយទៀត ក្នុងការប្រជែងអំណាច ក្នុងតំបន់រវាងចិន និងអាមេរិក

បច្ចុប្បន្នភាព
ទីក្រុងហុងកុង គឺជាប្រធានបទជម្លោះថ្មីមួយទៀត ក្នុងចំណោមប្រធានបទជាច្រើន ក្នុងការប្រជែងអំណាចគ្នា ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលធ្វើអោយប្រទេស មហាអំណាចទាំងពីរនេះ មើលមុខគ្នាកាន់តែមិនចំ និងប៉ះពាក្យសម្តីគ្នាកាន់តែធ្ងន់ធ្ងរឡើង ។

សហរដ្ឋអាមេរិក ចោទប្រកាន់ប្រទេសចិនថា ចិនកំពុងព្យាយាមសង្កត់សង្កិន ក្រសោបយកអំណាច និងព្យាយាមលុបបំបាត់ ស្វ័យភាពនៅទិក្រុងហុងកុង ប៉ុន្តែប្រទេសច បានព្រមានថា ហុងកុងជាដែនដីចិន ដែលអាមេរិកបានលូកដៃ ចូលទាំងបំពាន និងញយដងពេកហើយ ។

សង្គ្រាមពាក្យសម្តីរវាងចិន និងអាមេរិក បានផ្ទុះឡើងក្រោយពី រដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសកាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនានេះថា រដ្ឋាភិបាលអាមេរិក បានសម្រេចដាក់ទណ្ឌកម្មទៅលើសមាជិកធំៗ នៃគណបក្សកុម្មុយនីស្តចិន ដោយបិទទិដ្ឋាការ មិនឲ្យចូលទឹកដីអាមេរិកទេ ។

លោក Mike Pompeo មិនបានបញ្ជាក់ពីចំនួនមន្ត្រី របស់បក្សកុម្មុយនីស្តចិន ដែលជាប់ទណ្ឌកម្មអាមេរិកនេះទេ ដោយរដ្ឋមន្ត្រីការបរទេសរូបនេះ បានបញ្ជាក់ថា មន្ត្រីបក្សកុម្មុយនីស្តចិន ដែលជាប់ទណ្ឌកម្ម គឺមិនអាចជាន់ដីអាមេរិកបានទេ ។

ចាប់តាំងពីការពីផ្ទុះចលនាបាតុកម្ម នៅទីក្រុងហុងកុងកន្លងមក សហរដ្ឋអាមេរិក បានប្រកាសពីគោលជំហរគាំទ្រ ក្រុមប្រជាធិបតេយ្យហុងកុង ដោយបានចោទប្រកាន់ចិនថា កំពុងសង្កត់សង្កិនសិទ្ធិសេរីភាព នៅទីក្រុងនេះ ដែលបានបំពានពាក្យសន្យារបស់ខ្លួន ក្នុងការផ្តល់ស្វ័យភាពដល់ហុងកុង រហូតដល់ឆ្នាំ២០៤៧ខាងមុខ ។

ការចោទប្រកាន់ពីអាមេរិកលើចិននេះ គឺសំដៅលើគម្រោងច្បាប់គ្រប់គ្រង សន្តិសុខជាតិ ដែលចិនមានផែនការ អនុវត្តទៅលើទីក្រុងហុងកុង ដែលក្រុមប្រជាធិបតេយ្យហុងកុង បានចាត់ទុកថា ជាការពង្រឹងអំណាចផ្តាច់ការ យ៉ាងណែន របស់បក្សកុម្មុយនីស្តចិន លើសិទ្ធិសេរីភាព ដែលប្រជាជនហុងកុងធ្លាប់មាន ។

ចំណែកអគ្គរដ្ឋទូត របស់ប្រទេសចិន ប្រចាំនៅសហរដ្ឋអាមេរិក បានប្រតិកម្មថា សហរដ្ឋអាមេរិក កំពុងតែធ្វើខុសម្តងហើយម្តងទៀត និងញឹកញយពេកហើយ ហើយអាមេរិកត្រូវតែបញ្ឈប់ សកម្មភាពនេះជាបន្ទាន់ ដោយកុំលូកដៃចូលជ្រៀតជ្រែកក្នុងកិច្ចការរបស់ចិន ។

ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសចិន បានចេញលិខិតប្រកាសមួយ ដោយបានបញ្ជាក់ថា ទោះជាមានរឿងអ្វីក៏ដោយ រដ្ឋាភិបាលចិនប្តេជ្ញាដាក់ចេញនូវវិធានការចាំបាច់ និងរឹងមាំ ក្នុងការពង្រឹងសន្តិសុខ សន្តិសភាព អធិបតេយ្យភាពជាតិចិន ព្រមទាំងការពារផលប្រយោជន៍ចិន មិនអោយបាត់បង់បានទេ ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំអោយកើតរឿង គឺដោយសារអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច មានគោលដៅអូសទាញទីក្រុងហុងកុង និងដែនដីផ្សេងទៀតរបស់ប្រទេសចិន ដូចជាកោះតៃវ៉ាន់ ទីក្រុងម៉ាកាវជាដើម អោយក្លាយទៅជាដែនដីមានលទ្ធិប្រជាធិបតេយ្យ មានសេរីភាព និងអាចងាកទៅប្រឆាំងជាមួយប្រទេសចិនពេញទំហឹងនៅពេលខាងមុខ ។
គោលដៅយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច គឺធ្វើយ៉ាងណាអោយចិនមានអស្ថិរភាពសន្តិសុខ ហើយបើចិនបែកបាក់ បើចិនមានជម្លោះផ្ទៃក្នុង ឬបើចិនមានសង្គ្រាមជាមួយទីក្រុងហុងកុង កោះតៃវ៉ាន់ ឬទីក្រុងម៉ាកាវ គឺចិននឹងទន់ខ្សោយនៅពេលខាងមុខ និងមិនអាចប្រជែងជាមួយអាមេរិក និងសម្ព័ន្ធមិត្តបានទេ ។
សួមបញ្ជាក់ជូនថា ចាប់តាំងពីក្រោយសង្គ្រាម លោកលើកទី២ ឬក្រោយឆ្នាំ១៩៤៥កន្លងមក សហរដ្ឋអាមេរិក និងសម្ព័ន្ធ បានវាយប្រហារ ផ្តួលរំលំរដ្ឋាភិបាល របស់ប្រទេសច្រើនណាស់ នៅលើពិភពលោក ដោយចោទប្រកាន់ដដែលៗ ពីបទរំលោភសិទ្ធិមនុស្ស និងបំបិទសេរីភាព ប៉ុន្តែយុទ្ធសាស្ត្របែបនេះ លែងមានប្រសិទ្ធភាព ហើយនៅពេលបច្ចុប្បន្ន ។

សន្និដ្ឋាន៖ តើហុងកុង ទទួលបានមានប្រយោជន៍ទេ ពីជម្លោះចិននិងអាមេរិកនេះ?

អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានទាញហេតុផលថា ជម្លោះរវាងចិន និងអាមេរិកនេះ មិនបានផ្តល់ផលប្រយោជន៍ អោយទីក្រុងហុងកុងទេ ហើយអាមេរិកក៏ខាតប្រយោជន៍ច្រើនជាងចិនដែរ ដោយសារការនាំចេញទំនិញ គ្រប់ប្រភេទពីហុងកុង ទៅអាមេរិកមានតម្លៃទឹកប្រាក់ តែជាង៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ តែអាមេរិក បាននាំចូលទំនិញតម្លៃ ជាង៣០ពាន់លានដុល្លារ អាមេរិក ចូលទីក្រុងហុងកុង ។

ជាការសងសឹកនឹងទណ្ឌកម្មអាមេរិក ប្រទេសចិន អាចនឹងដាក់ទណ្ឌកម្មតបទៅអាមេរិកវិញ ដោយការដំឡើងពន្ធនាំចូលពីអាមេរិកទៅកាន់ក្រុងហុងកុងនៅពេលខាងមុខ ហើយក្រុមហ៊ុនអាមេរិកប្រមាណជាង១៣០០ក្រុមហ៊ុននៅទីក្រុងនេះ អាចនឹងទទួលរងផលប៉ះពាល់ពីការដំឡើងពន្ធនាំចូលរបស់ប្រទេសចិន ។

អ្នកជំនាញដដែលបានបន្តថា ការដកឋានៈពិសេសពីទីក្រុងហុងកុង និងការដាក់ទណ្ឌកម្មលើប្រទេសចិន មិនមែនជាដំណោះស្រាយជួយដល់ទីក្រុងនេះទេ តែផ្ទុយទៅវិញ អាមេរិកកំពុងបោះបង់ចោលទីក្រុងហុងកុង និងរុញច្រានអោយទីក្រុងនេះ ធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ប្រទេសចិន កាន់តែណែនថែមទៀត ។

ផលប៉ះពាល់

ផលប៉ះពាល់លើទីក្រុងហុងកុង នៅពេលខាងមុខ ក្រោយពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដាក់អោយអនុវត្តច្បាប់ សន្តិសុខជាតិ គឺពិតជាកើតមានដោយចៀស មិនរួចទេ គឺប៉ះពាល់ទៅលើសិទ្ធិសេរីភាព ក្នុងការបញ្ចេញ ប៉ះពាល់ដល់ស្វ័យភាព ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងប៉ះពាល់សន្តិសុខផងដែរ ប្រសិនបើក្រុមគាំទ្រ ខាងប្រជាធិបតេយ្យ ចេញទៅធ្វើបាតុកម្មប្រឆាំង នឹងច្បាប់នេះកាន់តែច្រើន ៕

ដោយ៖ អ៊ិន ជិន

To Top