បច្ចុប្បន្នភាព
ការឆ្លងរាលដាល វីរុស Covid-19 នៅជុំវិញពិភពលោក កំពុងធ្វើអោយមនុស្សមួយចំនួន បាត់បង់ទំនុកចិត្ត លើអ្នកវិទ្យាសាស្ត្រ ដោយសារវីរុសនេះ បានឆ្លងទៅមនុស្ស កាន់តែច្រើន និងបានសម្លាប់មនុស្ស ក៏កាន់តែច្រើនដែរ នៅជុំវិញពិភពលោក ។
ក្រុមអាជ្ញាធរសុខាភិបាលចិន បានប្រកាសជាផ្លូវការ ពីវត្តមានរបស់វីរុសនេះ លើភពផែនដីចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រ មិនអាចទប់ស្កាត់វីរុសCovid-19 មិនអោយឆ្លងរាលដាល ឬការសម្លាប់មនុស្សបានទេ ។
វីរុសCovid-19 បានវាយប្រហារលើមនុស្ស នៅទូទាំងពិភពលោក អស់រយៈពេលជាងមួយឆរមាស ទៅហើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ នៅតែមិនអាចរកវ៉ាក់សាំងការពារ ឬថ្មាំសម្រាប់ព្យាបាល វីរុសនេះបានឡើយទេ ។
ចាប់តាំងពីឆ្នាំ១៩៥១កន្លងមក ជំនួបជ័យលាភីណូបែលលីនដូ (Lindau Nobel Laureate Meetings) ត្រូវបានប្រារព្ធឡើង ជារឿងរាល់ឆ្នាំនៅទីក្រុង លីនដូ ប្រទេសអាល្លឺម៉ង់ ដោយមានការចូលរួម ពីអ្នកវិទ្យាសាស្រ្ដ និងអ្នកសេដ្ឋកិច្ច មកពីគ្រប់ទិសទី ជុំវិញពិភពលោក ។
ទោះជាយ៉ាងណា ក្រោមហេតុផលវិបត្តិ ជំងឺរាតត្បាតសក Covid-19 ជំនួបនេះត្រូវបានលើក ពេលទៅឆ្នាំក្រោយវិញ ប៉ុន្តែជំនួបនៅឆ្នាំនេះ ត្រូវបានធ្វើឡើងតាមវីដេអូ ខនហ្វ្រិន (Video Conference) ក្រោមកម្មវីធី Online Science Days 2020 ។
ជំនួបរបស់អ្នកវិទ្យាសាស្ត្រនៅឆ្នាំនេះ ផ្តោតលើបញ្ហាចម្បង២ គឺទី១ ពាក់ព័ន្ធទៅនឹង វិធីសាស្រ្ដផ្សព្វផ្សាយ ពីបម្រែបម្រួលអាកាសធាតុ និងទី២ ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធ សេដ្ឋកិច្ចក្រោយការផុត រលត់ទៅនៃវីរុសCovid-19 ។
តាំងពីដើមរហូតមក ដល់ពេលបច្ចុប្បន្ននេះ វិទ្យាសាស្រ្ដនៅតែដើរតួនាទីយ៉ាងចម្បង ក្នុងការស្រាវជ្រាវដោះស្រាយ បញ្ហាមនុស្សជាតិនានា ក៏ប៉ុន្តែវិបត្តិវីរុសCovid-19 បានបង្កឱ្យមាននិន្នាការ យល់ឃើញអវិជ្ជមានផងដែរ ចំពោះទំនុកចិត្តលើវិទ្យាសាស្ត្រ ។
ទោះបីជាបាតុភូតធម្មជាតិយ៉ាងច្រើន ត្រូវបានអ្នកវិទ្យាសាស្ត្រ រកឃើញហេតុនិងផល នៃ ដំណើរកកើតរបស់វាក៏ដោយ ក៏នៅមានរឿងយ៉ាងច្រើន អនេកផ្សេងទៀត ដែលអ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញនៅឡើយ ។
រឿងទាំងនោះបានក្លាយជាប្រធានបទ នៃការស្រាវជ្រាវថ្មីៗរបស់អ្នកវិទ្យាសាស្រ្ដជំនាន់ក្រោយៗ ហើយតាមគោលការណ៍ វិទ្យាសាស្រ្ដ គេជឿជាក់ថា អ្វីៗក្នុងធម្មជាតិ សុទ្ធតែអាចស្វែងរកហេតុ និងផលបានហើយអ្នកវិទ្យាសាស្រ្ដ ត្រូវតែស្មោះត្រង់ ចំពោះការស្រាវជ្រាវរបស់ខ្លូន ។
នេះសំដៅថា តាមរយៈការអនុវត្តវិធីសាស្រ្ដ តែមួយអ្នកវិទ្យាសាស្ត្រប្រាកដ ជាទទួលបានលទ្ធផលស្រាវជ្រាវ តែមួយដូចគ្នា ដោយក្នុងបញ្ហាវីរុសCovid-19 ក៏ដូចគ្នាផងដែរ អ្នកវិទ្យាសាស្រ្ដ កំពុងសិក្សាស្វែង រកថ្នាំវ៉ាក់សាំង ដើម្បីបង្ការជំងឺដ៏កាចសាហាវនេះ ។
គោលការណ៍ នៃការស្វែងរកហេតុនិងផល បានក្លាយជាវប្បធម៌ នៃការយល់ឃើញ ឬការ ភ្ញាក់ពីជំនឿគ្មានហេតុផល តាំងពីអតីតកាលដ៏យូរអង្វែងមកម៉្លេះ ពោលគឺចាប់តាំង ពីសម័យកាលជាង២៥០០ឆ្នាំមុន ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏គោលការណ៍នេះ ត្រូវគេបំភ្លេចរហូតដល់សករាជពន្លឺ ក្នុងតំបន់អឺរ៉ុប នៅចន្លោះសតវត្សរ៍ទី១៧ និងទី១៩ ដែលគោលការណ៍វិទ្យាសាស្រ្ដ បែបហេតុនិងផល បានក្លាយជាចលនាគំនិតថ្មី ហើយបន្តមានឥទ្ធិពល រហូតមកដល់ពេលបច្ចុប្បន្ន ។
ដើមចមនាំអោយកើតរឿង
ការសិក្សាអំពីទំនុកចិត្ត របស់ សាធារណជន លើវិទ្យាសាស្រ្ដ ត្រូវបានធ្វើឡើង ដោយមជ្ឈមណ្ឌលហានិភ័យ ជាប្រព័ន្ធនៃសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយ នៅទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស ដើម្បីដឹងពីជំនឿ របស់មនុស្សលើវិទ្យាសាស្ត្រ ។
ការសិក្សានេះ បានសួរទៅកាន់សាធារណជន ប្រមាណ ជាង៧ម៉ឺននាក់ មកពី១៦០ប្រទេស អំពីទំនុកចិត្ត របស់ពួកគេលើវិទ្យាសាស្ត្រ ដោយសួរថា តើអ្នកមានទំនុកចិត្តលើវិទ្យាសាស្ត្រ ក្នុងកម្រិតណា ជឿកម្រិតច្រើន ជឿខ្លះ ឬមិនជឿតែម្ដង ។
ការសិក្សាបានរកឃើញថា ការរីករាលដាល នៃរោគរាតត្បាតសកល ដូចជាវីរុសCovid-19 មានឥទ្ធិពលអវិជ្ជមាន និងគួរឱ្យកត់សម្គាល់ ចំពោះសាធារណជនលើគុណតម្លៃវិទ្យាសាស្រ្ដ និងភាពស្មោះត្រង់របស់អ្នកវិទ្យាសាស្រ្ដ ។
ក្នុងបណ្ដាប្រទេសខ្លះ សាធារណជន បង្ហាញក្តីបារម្ភលើការជឿ ជាក់របស់ខ្លួនថា អ្នកវិទ្យាសាស្ត្រដែលធ្វើការ ឱ្យក្រុមហ៊ុនឯកជន ពិតជាបានផ្តល់ផល ប្រយោជន៍ដល់សាធារណជន ឬអ្នកវិទ្យាសាស្ត្រដែលធ្វើការឱ្យក្រុមហ៊ុនឯកជន ឬនៅសាកលវិទ្យាល័យ មានភាពស្មោះត្រង់ចំពោះការស្រាវជ្រាវរបស់ខ្លួន ។
ទោះជាយ៉ាងណា ក្នុងបណ្ដាប្រទេសភាគច្រើនលើសលុប លទ្ធផលនៃការសិក្សាបង្ហាញថា រោគរាតត្បាតសកល ដូចជាវីរុសCovid-19 មិនមានផលប៉ះពាល់ ដល់ទំនុកចិត្តលើវិទ្យាសាស្ត្រទេ ដែលភាគច្រើន នៃប្រទេសជឿនលឿន មានការជឿទុកចិត្តលើវិទ្យាសាស្ត្រ ។
សន្និដ្ឋាន៖ តើវិទ្យាសាស្ត្រផ្តល់ផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះដល់មនុស្ស ?
ផលវិជ្ជមានដែលអ្នកវិទ្យាសាស្ត្រ ផ្តល់អោយមនុស្សនៅជុំវិញពិភពលោក គឺភាពងាយស្រួលគ្រប់យ៉ាង ដូចជាការធ្វើដំណើរ ការទទួលទាន និងការដឹងសព្វគ្រប់ពីពិភពលោក ដែលនិយាយសរុប គឺវិទ្យាសាស្ត្រធ្វើ អោយមនុស្សរស់នៅ ស្រួលជាងមុន ។
អ្នកវិទ្យាសាស្ត្របានផលិតម៉ូតូ រថយន្ត យន្តហោះ និងឧបករណ៍ធ្វើដំណើរជាច្រើន ប្រភេទផ្សេងទៀត និងត្រូវបានចែកចាយ នៅជុំវិញពិភពលោក ក្នុងបំណងសម្រួលការ ធ្វើដំណើររបស់មនុស្សទូទៅ នៅលើពិភពលោក ។
ចំពោះផលអវិជ្ជមាន របស់វិទ្យាសាស្ត្រវិញ គឺគ្រោះមហន្តរាយផ្សេងៗ ដែលអាចនឹងកើតចេញពីឧបករណ៍ របស់អ្នកវិទ្យាសាស្ត្រ ដូចជាអាវុធបរមាណូជាដើម ដែលអាចបំផ្លាញពិភពលោកបានដោយងាយ ប្រសិនបើមនុស្សប្រើប្រាស់វា ។
អ្នកវិទ្យាសាស្ត្រខ្លួនឯងក៏បារម្ភដែរថា ទោះបីជាមនុស្សនៅលើផែនដី មិនប្រើប្រាស់ អាវុធបរមាណូក៏ដោយ តែថ្ងៃណាមួយនៅពេលខាងមុខ គ្រោះធម្មជាតិ មានរញ្ជួយដី ឬរលកយក្សស៊ូណាមិ នឹងវាយបំផ្លាញអាវុធបរមាណូ ដែលនាំអោយអន្តរាយ ដល់មនុស្ស ។
ផលប៉ះពាល់
អ្នកវិទ្យាសាស្ត្រ របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា អ្នកវិទ្យាសាស្ត្រ បានធ្វើអោយមនុស្ស នៅលើផែនដី ជួបការលំបាកកាន់តែខ្លាំង ដោយសារមនុស្សភាគច្រើនចង់ ប្រើប្រាស់ឧបករណ៍នានា ដែលផលិតឡើង ដោយអ្នកវិទ្យាសាស្ត្រ ។
ជាឧទាហរណ៍ ដូចជាទូរស័ព្ទជាដើម ដែលមនុស្សនៅលើផែនដី ខិតខំធ្វើការងារស្ទើររកពេលសម្រាកគ្មាន ដើម្បីបានប្រាក់ទិញទូរស័ព្ទថ្មី និងទាន់សម័យ កាលតាមអ្នកវិទ្យាសាស្ត្រ បានផលិតឡើង និងមានឧបករណ៍ច្រើនប្រភេទទៀត ដែលមនុស្សមិនបានប្រើប្រាស់ ៕
ដោយ៖ អ៊ិន ជិន