ព័ត៌មានជាតិ

ខេត្តសៀមរាប ក្លាយជាខេត្តដំបូងគេ ដែលហាមឃាត់ ការហូបសាច់ឆ្កែនៅកម្ពុជា

ភ្នំពេញ : បន្ទាប់ពីអង្គការ FOUR PAWS បានបង្ហាញពីការឈឺចាប់ របស់សត្វឆ្កែប្រមាណ៣លានក្បាល ដែលត្រូវបានគេសម្លាប់ យកសាច់ នៅកម្ពុជាជារៀងរាល់ឆ្នាំ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញលិខិតមួយហាមឃាត់ការសម្លាប់និងការជួញដូរសត្វឆ្កែយកសាច់នេះតទៀត។

ឆ្លើយតបនឹងសេចក្តីជូនដំណឹង ស្តីពីហាមឃាត់ការធ្វើការអាជីវកម្មទិញ-លក់ ពិឃាតសត្វសុនខ(ឆ្កែ) អង្គការ FOUR PAWS នៅព្រឹកថ្ងៃទី៩ កក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា អង្គការនេះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ តាមរយៈការតស៊ូមតិដើម្បីហាមឃាត់ សាច់ឆ្កែដោយសារតែភាពសាហាវឃោរឃៅចំពោះសត្វពាហនៈ និងហានិភ័យសុខភាពសាធារណៈដែលភាគច្រើនបណ្ដាលមកពីជំងឺឆ្កែឆ្កួត និងការរីករាលដាលនៃជំងឺដែលឆ្លងមកសត្វ។ ការវិវត្តថ្មីៗត្រូវបានគេមើលឃើញថា ជារបត់សំខាន់មួយសម្រាប់សុខុមាលភាពសត្វនៅក្នុងតំបន់។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេត នៅទូទាំងប្រទេស អង្គការខេត្តសៀមរាបពិនិត្យឃើញថា ខេត្តសៀមរាប គឺជាចំណុចក្តៅដ៏សំខាន់ក្នុងការជួញដូរសាច់ឆ្កែ ដែលជាប្រភពផ្គត់ផ្គង់តម្រូវការសាច់ និងជួញដូរសត្វឆ្កែទ្រង់ទ្រាយធំដល់ខេត្តផ្សេងៗទៀត ជាពិសេសគឺរាជធានីភ្នំពេញ។

ប្រភពដដែលឱ្យដឹងទៀតថា ការជួញដូរសាច់ឆ្កែរបស់ខេត្តនេះមានទំហំធំគួរឱ្យកត់សម្គាល់ដែលពាក់ព័ន្ធនឹងសត្វឆ្កែប្រមាណ ៧០០០ក្បាលក្នុងមួយខែ។ រហូតមកដល់ពេលបច្ចុប្បន្ននេះការជួញដូរដ៏ឃោរឃៅនៅតែបន្តឥតឈប់ឈរបើទោះបីជាចំនួនអ្នកបរិភោគសាច់ឆ្កែមានចំនួនតិចជាងមុន១២%ក៏ដោយ ។

លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា សេចក្តីសំរេចរបស់រដ្ឋាភិបាលខេត្តសៀមរាបក្នុងការហាមឃាត់ការលួច ការធ្វើពាណិជ្ជកម្ម និងការសម្លាប់សត្វឆ្កែ គឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់សុខុមាលភាពសត្វនៅក្នុងប្រទេស និងឆ្លុះបញ្ចាំងពីអារម្មណ៍បច្ចុប្បន្នរបស់ប្រជាជនខ្មែរ។ លោកស្រីសង្ឃឹមថា ខេត្ដសៀមរាបនឹងធ្វើជាគំរូសម្រាប់ខេត្តផ្សេងៗទៀតក្នុងការធ្វើតាមដើម្បីការពារជីវិតសត្វឆ្កែរាប់លានក្បាល ខណៈក្នុងអំឡុងពេលនៃការស៊ើបអង្កេត បានរកឃើញថា មានភោជនីយដ្ឋានសរុបចំនួន២១កន្លែងដែលមានសត្វឆ្កែប្រមាណ២,៩០០ ក្បាល ក្នុងមួយខែ ក្នុងខេត្តសៀមរាបដែលភាគច្រើនស្ថិតនៅជិតប្រាសាទអង្គរវត្ត។ 

យោងតាមការស្រាវជ្រាវរបស់ អង្គការ FOUR PAWS សត្វឆ្កែនៅរស់មានតម្លៃចាប់យកពី២ ទៅ ៣ដុល្លារ ក្នុង១គីឡូក្រាម ខណៈសាច់ឆៅ ១គីឡូត្រូវបានលក់ក្នុងតម្លៃរហូតដល់ ៤ដុល្លារ។ អ្នកបរិភោគភាគច្រើនជាបុរសដែលមានទំនោរក្នុងការញ៉ាំសាច់ឆ្កែជាអាហារសម្រន់ជាមួយមិត្តភក្តិអមដោយគ្រឿងស្រវឹង។ ស្ត្រីដែលបរិភោគសាច់ឆ្កែផ្ទុយទៅវិញមានទំនោរញ៉ាំសាច់ឆ្កែនៅផ្ទះ និងដោយសារតែគេជឿថាជាថ្នាំព្យាបាលជំងឺ៕

To Top