ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងការចាប់អារម្មណ៍៤ចំណុច ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហានកងការពារព្រំដែន លេខ៥០២ យោធភូមិភាគទី៥ នាខេត្តបាត់ដំបង, ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០)។
១. សូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចភារកិច្ច របស់អង្គភាព កងការពារព្រំដែន៥០២ ក្នុងរយៈពេលកន្លងមក ដែលបង្ហាញអំពីការរួបរួមសាមគ្គីភាពផ្ទៃក្នុង របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងការបំរើជាតិមាតុភូមិស្រប តាមទិសដៅកំណត់ ។
សូមជូនពរដល់នាយទាហាន ដែលទទួលភារកិច្ចថ្មី ក្នុងការដឹកនាំអង្គភាពឱ្យកាន់តែមានភាពជោគជ័យ ដែលជាការចូលរួមចំណែក ក្នុងការជួយកសាងភាពរឹងមាំ របស់កងទ័ពយើង។ ការសម្រេចក្នុងការដំឡើងឋានៈ និងតែងតាំងមុខងារ ដែលបានធ្វើឡើងនាពេលនេះ គឺ ជាការសម្រេច ដោយឈរ លើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ស្របនឹងគោលការណ៍ច្បាប់ជាធរមាន ជាពិសេសជាការវាយតម្លៃអំពីឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ និងលក្ខណៈសម្បត្តិ ជាច្រើនទៀត ដើម្បីទទួលបាននូវនាយទាហាន ដែលមានទំនួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តកិច្ចការងារ ចម្បងជាច្រើន ។ ការក្លាយខ្លួនជាមេដឹកនាំអង្គភាព គឺជាការទទួលបាននូវឱកាស ក្នុងការបង្កើតនូវស្នាដៃ សម្រាប់ឱ្យជំនាន់ក្រោយ មានការចងចាំ និងជាការទទួល បាននូវឱកាសក្នុងការបង្ហាញ អំពីសមត្ថភាពដឹកនាំការងារ ទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលជាបច្ច័យមួយយ៉ាងល្អ ក្នុងការអភិវឌ្ឍអាជីព ការងារបន្តរទៅទៀត ។
២. មេដឹកនាំអង្គភាព ជាអ្នកកាន់ចង្កូតដ៏សំខាន់ ហើយទាមទារជាចាំបាច់នូវការចូលរួមសហការ អំពីយោធិនទាំងអស់ ដើម្បីបន្តនិរន្តរភាព និងការអភិវឌ្ឍអង្គភាពទៅទៀត។ មេដឹកនាំអង្គភាព ត្រូវយល់ដឹង ឱ្យបានច្បាស់អំពីអត្ថន័យនៃពាក្យ អំណាច និងឥទ្ធិពល ។ មានអំណាចមិនប្រាកដថា មានឥទ្ធិពល ហើយអត់អំណាច ក៏មិនមែនមានន័យថា មិនមានឥទ្ធិពលដែរ ។ អំណាចគឺផ្អែកទៅលើតួនាទី ឋានន្តរសក្តិ សិទ្ធិក្នុងការចុះហត្ថលេខា និង អាចបង្ខំជម្រុញ ក្នុងកាលៈទេសៈមួយចំនួន ប៉ុន្តែឥទ្ធិពលធ្វើឱ្យ មនុស្សមានការ គោរពស្រលាញ់ មានបេះដូងកក់ក្តៅ មានការតស៊ូជាមួយគ្នា ក្នុងគ្រាលំបាក ។ ជាមេដឹកនាំអង្គភាព ត្រូវកសាងឥទ្ធិពលឱ្យបានរឹងមាំ ។ ជាមេដឹកនាំអង្គភាព គឺមានន័យថា បានទទួលនូវអំណាច ដែលមកជាមួយការ ទទួលខុសត្រូវ ដើម្បីឈានទៅទទួល បាននូវឥទ្ធិពល ដែលកើតចេញពីការស្រលាញ់ ដក់ជាប់ក្នុងក្រអៅបេះដូង របស់យោធិនគ្រប់រូប ។ ជាមេដឹកនាំអង្គភាព ត្រូវមានចិត្តធ្ងន់ ត្រូវពិនិត្យពិចារណាឱ្យបានដិតដល់ និងត្រូវផ្តល់ឱកាសផ្តល់យុត្តិធម៌ ដល់គ្រប់ភាគី ។ មេដឹកនាំអង្គភាពត្រូវចាំថា កត្តាសំខាន់ក្នុងការសម្រេចភារកិច្ច គឺទាមទារអោយមានការដើរទន្ទឹមគ្នារវាង បច្ចេកទេស និងនយោបាយ ។ ដើម្បីបាននូវលទ្ធផលយើង ត្រូវពឹងលើបច្ចេកទេស តែដើម្បីលើកទឹកចិត្តមនុស្ស ឱ្យចូលរួមអនុវត្ត យើងទាមទារនូវសិល្បៈនៃការបត់បែន ។ ភារកិច្ចក្នុងការដឹកនាំបន្តរជាកិច្ចការសំខាន់ ។ សូមបន្តយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ និងស្រូបយកបទពិសោធន៍ ពីនាយទាហានជំនាន់មុន ដោយផ្តល់នូវការគោរព រាល់តួនាទី និងភារកិច្ច ។
៣. ចូរថែរក្សា ពង្រឹងស្មារតីស្នេហាជាតិ មាតុភូមិឱ្យបាន ។ កងកម្លាំង ប្រដាប់អាវុធ គឺជាខែលសម្រាប់ការពារសន្តិភាព យោធិនគ្រប់រូប ត្រូវមានភាពរឹងមាំ ហើយច្បាស់លាស់ ជាមួយគោលការណ៏ ថែរក្សាសុខសន្តិភាព ដែលបានមកដោយការលំបាក និងមិនចាញ់ការញុះញង់ណាមួយ ក្នុងន័យបំបែកបំបាក់សន្តិភាព ។ ទាំងនេះហើយជាខែលការពារជាតិ ដ៏រឹងមាំដែលយើងបានថែរក្សា ជាច្រើនឆ្នាំមកហើយ ។ តែកងកម្លាំងប្រដាប់អាវុធក៏អាចជាដាវ កាត់ផ្តាច់សន្តិភាពផងដែរ បើមានការធ្វេសប្រហែស បាត់ម្ចាស់ការ បាត់ការស្មោះត្រង់ បាត់ការជឿជាក់លើរាជរដ្ឋាភិបាល។ ពួកអគតិនៅតែចិញ្ចឹមចិត្ត បន្តញុះញង់ បំបែកបំបាក់ ហើយរង់ចាំគ្រប់ពេលវេលា ដូចេ្នះយើងត្រូវតែរក្សា អោយមានភាពម្ចាស់ជាចាំបាច់ ។ គោលដៅអាទិភាពរបស់យើង គឺជាការថែរក្សាសុខសន្តិភាព ស្ថិរភាព ឱ្យបានដាច់ខាត មិនឱ្យអ្នកណាបំផ្លាញបាន។ គោលដៅបន្ទាប់របស់យើងគឺ ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋាភិបាលស្របច្បាប់។ ទាំងនេះហើយជាភារកិច្ចរបស់យោធិនគ្រប់រូប ក្រោមការដឹកនាំ របស់មេបញ្ជាការអង្គភាព និងថ្នាក់ដឹកនាំអង្គភាព។
៤. សូមរក្សានូវសាមគ្គីភាព និងសតិអារម្មណ៍ផ្ទៃក្នុង អង្គភាពអោយបានល្អ ហើយចងចាំថា សន្តិភាពផ្ទៃក្នុង ជាកត្តាចំាបាច់ណាស់ ក្នុងការគ្រប់គ្រង សភាពការណ៍យថាហេតុណាមួយ ដែលអាចកើតទ្បើង។ សូមមេដឹកនាំអង្គភាពគ្រប់ជាន់ ថ្នាក់បន្តការប្រុងប្រយ័ត្ន ក្នុងការប្រយុទ្ធប្រឆាំង ជាមួយជម្ងឺកូវីដ-១៩ ដើម្បីរក្សានូវសុខភាពល្អ របស់យោធិនគ្រប់រូប៕