ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ញើសារផ្ដាំ ទៅក្រុមចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ ត្រូវប្រកាន់ខ្ជាប់ នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យបានភាព យុតិ្តធម៌ ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងយុត្តិធម៌។
ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តព្រះសីហនុ នៅខេត្តព្រះ សីហនុ នាពេលថ្មីៗនេះ លោក កើត រិទ្ធ បានថ្លែងថា ការផ្លាស់ប្តូរ និងការផ្ទេរភារកិច្ចរបស់ចៅក្រម-ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជា ចៅក្រម-ព្រះរាជអាជ្ញា ស្របតាមច្បាប់កំណត់ ។ ធ្វើនេះក្នុងគោល បំណងដើម្បីធានា ឲ្យមានកិច្ចដំណើរការការងារកាន់តែមាន ភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ ការបម្រើសេវាយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ ជាពិសេស ដើម្បីធានាការកាត់សេចក្តី ដោយមិនលំអៀង ដោយត្រឹមត្រូវ និងដោយយុត្តិធម៌។
ដើម្បីលើកកម្ពស់គុណភាព នៃការកាត់ក្តីឲ្យបានត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជា លើកកម្ពស់ការផ្តល់ សេវាយុត្តិធម៌ឲ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ លោក កើត រិទ្ធ បានធ្វើការណែនាំដល់ ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ មន្រ្តីរាជការ ក៏ដូចជា នៅតាមសាលាជម្រះក្តីផ្សេងទៀត នៅទូទាំង ប្រទេស មានដូចជា ៖
ទី១-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជា ក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី។
ទី២-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគិតធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់ បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។
ទី៣-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ របស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រមខ្លួនឯង ហើយវាជាកត្តារួមចំណែកដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្ត ពីសាធារណជនចំពោះវិស័យយុត្តិធម៌”។
ទី៤-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញ ដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ”។
ទី៥-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងកិច្ចសហប្រតិបតិ្តការល្អ ជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អ នៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាព នៃការបម្រើសេវាយុតិ្តធម៌ ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។
ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែម ទៀត៕