ព័ត៌មានជាតិ

ខ្មែរ នឹងទទួលបាន ប្រយោជន៍ជាច្រើន ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជានឹងទទួល បានផលប្រយោជន៍ច្រើនជាងប្រទេសចិន ពីការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន FTA ។

ក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន FTA នៅថ្ងៃទី២៨ កក្កដា លោក រដ្ឋលេខាធិការមានប្រសាសន៍ថា កម្ពុជាបានបើកផ្សារ ដែលអាចនាំចូលទំនិញ ៣៤០មុខ ទៅចិនដែលមុខទំនិញទាំងអស់នោះ ត្រូវបានចុះពន្ធទៅ ០% ភ្លាមៗប្រហែលជា ៩៥% មានដូចជា ផលិតផលកសិកម្ម និងផលិតផលសម្រេចហើយនៅសល់ ៥% ទៀត នឹងចុះពន្ធជាបន្តបន្ទាប់ក្នុងរយៈពេលពី ១០-២០ឆ្នាំ ទើបដល់ ០% ។

លោកបន្តថា ការនាំចូលរបស់កម្ពុជាទៅចិន មានល្បឿនប្រហែលជា ២០-២៥% ហើយក្នុងឆ្នាំ២០១៩កន្លងទៅ ដោយនាំចេញទៅចិនកើនឡើងដល់ ១ពាន់លានដុល្លារ និង នាំចូលពីចិនជិត ៧ពាន់លានដុល្លារ​ ហើយល្បឿននៃការនាំចេញនាំចូល គឺកម្ពុជាលឿនជាងចិន ។

លោកបន្ថែមថា ចំពោះការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន គឺសម្ដេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពឲ្យ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ចំពោះពេលវេលានៃ ការចុះហត្ថលេខា នៅពេលណានោះ នឹងជម្រាបជូននាពេលក្រោយ ។

ក្នុងឱកាសនោះដែរលោក ចាន់ សុភាព អគ្គនាយករង នៃ អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមចរចាផ្នែកទំនិញ បានលើកឡើងដែរថា «ខ្ញុំគ្រាន់តែបញ្ជាក់ថា អ្វីដែល មានសំណួរមួយថា ចិននឹងអាចមានផលប្រយោជន៍ ពី FTA នេះច្រើនជាងកម្ពុជា គឺសុំឲ្យលុបបំបាត់នូវការគិតអវិជ្ជមាននេះចេញ ។ ទោះជាអត់មាន FTA នេះ ក៏កម្ពុជានៅតែត្រូវការនាំទំនិញ មកពីចិនដដែល…កម្ពុជា សម្រុកពន្ធនាំចូលទំនិញទៅចិន បានច្រើនភាគរយជាងចិន ។ ចឹងបានថា កុំឲ្យមានទុទិដ្ឋិនិយម និងមានគំនិតថា ចិនអាចចំណេញពី FTA នេះ ច្រើនជាងកម្ពុជា មិនមែនទេ» ។ 

ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគសេវា និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកដំបូងហើយ សម្រាប់កម្ពុជា ៕ 

ដោយ ខា ដា

To Top