ព័ត៌មានជាតិ

ពីថ្ងៃ២១មីនា ដល់២៣ កក្កដា មានពលករខ្មែរជាង១០ ម៉ឺននាក់ត្រឡប់មក

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជា ដែលវិលត្រឡប់ពីការធ្វើ ទេសន្តរប្រវេសន៍ ក្នុងអំឡុងកូវីដ១៩ ជាង១០ម៉ឺននាក់។

នេះបើតាមសម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជូញដូរមនុស្ស (គ.ជ.ប.ជ) ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្នុងដំណាក់កាល បច្ចុប្បន្នការធ្វើទេសន្តរប្រវេសន៍រឹតតែប្រឈមខ្លាំង ដោយហេតុការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ មិនតែប៉ុណ្ណោះប្រទេសមួយចំនួនបាន និងកំពុងតែកើនឡើងចំនួនអ្នកឆ្លងថ្មី យ៉ាងច្រើនលើសលប់ជារៀងរាល់ថ្ងៃ។

សម្ដេចក្រឡាហោមបន្ដថា ស្ថានភាពនេះបានធ្វើឲ្យប្រទេសដែលទទួលពលករ ក៏ប្រឈមខ្លាំងទៅនឹងភាព ប្រែប្រួលជាអវិជ្ជមាននៃចរន្តសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងស្រុក ដែលជំរុញឲ្យដំណើរការរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ និងត្រូវផ្អាកដំណើរការជាបន្តបន្ទាប់។

សម្ដេចក្រឡាហោមបន្ថែមថា ចំណែកឯវិធានការណ៍ បិទព្រំដែន និងបិទការនាំចូលពលករបរទេស ក៏នៅបន្ត ដែលជាហេតុធ្វើឲ្យពលករ ត្រូវធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ តើគួរបន្តស្នាក់នៅក្នុងប្រទេសគោលដៅដោយមិនមានការងារ ប្រាក់ចំណូល ឬក៏ត្រូវត្រឡប់មកូមិស្រុកវិញ ដើម្បីជួបជុំគ្រួសារ ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «គិត ចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជាដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំឡុងខូវីដ ១៩ មានប្រមាណ ១០ម៉ឺន៣ពាន់នាក់ និងស្រ្តី ប្រមាណ ៤៥ភាគរយ ។យើងបាន និងកំពុងទទួលសង្គ្រោះពលករដែល វិលត្រឡប់មកវិញ ដោយគេចវេសពីស្ថានភាពលំបាក ក្នុងប្រទេសគោលដៅ និងព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការ ក្នុងអំឡុងេពេលដែលប្រទេសគោលដៅបាន និងកំពុងរឹតបន្តឹង និងបិទប្រទេស ដើម្បីកាត់បន្ថយការឆ្លងទៅមក នូវជំងឺកូវិដ-១៩» ។

សម្ដេចក្រឡាហោម បញ្ជាក់ថា ស្ថានភាពបែបនេះ នឹងមិនអាចបញ្ចប់ដោយងាយៗនោះទេ ហើយក៏អាចអូស បន្លាយបន្តទៀតក្នុងរយៈពេលវែង ហេតុនេះ កិច្ចការ ពារពលករ ទាំងនៅក្នុងប្រទេសដើម ទាំងនៅក្នុងប្រទេសគោលដៅ គឺជាភារកិច្ចចាំបាច់គប្បីត្រូវយកចិត្តទុកដាក់ ។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា ក៏បាន យកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រោះប្រជាជនកម្ពុជា បាននិងកំពុងតែទទួលរងនូវស្ថានភាពទាំងអស់នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

ដោយ ៖ អេង ប៊ូឆេង

To Top