ព័ត៌មានជាតិ

អង្គការ WWF កោតសរសើរ ចំពោះការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់ របស់ឧទ្យានុរក្សទាំងអស់

ភ្នំពេញ៖ ខណៈពេលដែលពិភពលោក ប្រារព្ធទិវាឧទ្យានុរក្សពិភពលោក នៅថ្ងៃនេះ អង្គការ WWF សូមកោតសរសើរ និងទទួលស្គាល់ចំពោះសមិទ្ធិផល និងការងារជាច្រើនដែល មន្រ្តីឧទ្យានុរក្សសម្រេចបាន ជាពិសេសឧទ្យានុរក្សទាំងអស់ ដែលបាននិងកំពុង ពុះពារនិងប្តេជ្ញាចិត្ត ដើម្បីបុព្វហេតុការពារ ធនធានធម្មជាតិ និងវប្បធម៌នៅក្នុងតំបន់ព្រៃ ទេសភាពភាគខាងកើត និងមេគង្គនៃប្រទេសកម្ពុជា ។

អង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រដល់ការគ្រប់គ្រង តំបន់ការពារធម្មជាតិសំខាន់ៗ និងផ្តល់ការកសាងសមត្ថភាព ជំនាញសម្រាប់ការអនុវត្តច្បាប់ ព្រមទាំងផ្តល់នូវរាល់សម្ភារៈគ្រឿងបរិក្ខារ និងឧបករណ៍ចាំបាច់នានា ជូនដល់មន្ត្រីឧទ្យានុរក្ស និងមន្រ្តីឆ្មាំទន្លេសរុបទាំងអស់ចំនួន ២៧១នាក់ សម្រាប់បំពេញភារៈកិច្ចរបស់ខ្លួន កិច្ចការងារល្បាត និងការចុះត្រួតពិនិត្យ ជាប្រចាំនៅក្នុងតំបន់ការពារ។

លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា “អង្គការ WWF សូមអរគុណដោយក្តីគោរព ដល់ឧទ្យានុរក្សទាំងអស់ ដែលបានពុះពារ ប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាង ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួន ជាប្រចាំថ្ងៃនៅសមរភូមិមុខនៃការអភិរក្ស ។ យើងខ្ញុំសូមកោតសរសើរ ចំពោះការលះបង់ និងប្តេជ្ញាចិត្តខ្ពស់របស់ ឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សា និងការពារធនធានសត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងទន្លេដែលមនុស្សយើងទាំងអស់ គ្នាពឹងអាស្រ័យសម្រាប់ជីវិត” ។

មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ច របស់ខ្លួនជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ ប៉ុន្តែត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ដោយចៃដន្យផ្សេងៗ រួមមានដូចជាទឹកជំនន់ អគ្គីភ័យ ជំងឺឬសត្វដែលអាចបង្កគ្រោះថ្នាក់ ក៏ដូចជាត្រូវប្រឈមនឹងហានិភ័យ នៃការក្លាយជាគោលដៅ របស់ជនល្មើសខណៈមន្រ្តីឧទ្យានុរក្ស ចុះអនុវត្តច្បាប់នៅក្នុង តំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់។

លោក James Peter Lourens ទីប្រឹក្សាបច្ចេកទេស សម្រាប់ការអនុវត្តច្បាប់ នៃអង្គការ WWF បាននិយាយថា “តួនាទីជាឧទ្យានុរក្ស គឺជាកាតព្វកិច្ចមួយដែល មិនងាយស្រួលនោះទេ ហើយឧទ្យានុរក្សជារឿយៗ ត្រូវបំពេញការងារក្នុងស្ថានភាព ប្រឈមនិងគំរាមកំហែង ដល់អាយុជីវិត” ។
“ប៉ុន្តែដោយសារតែចំណូលចិត្ត និងការស្រឡាញ់ធម្មជាតិ ឧទ្យានុរក្សទាំងអស់មាន និងបានបង្ហាញភាពតស៊ូ អត់ធ្មត់ ពុះពារការលំបាកនិងហានិភ័យ គ្រប់យ៉ាងដើម្បីបំពេញភារៈកិច្ចថែរក្សា និងការពារសត្វព្រៃសំខាន់ៗ ព្រមទាំងទីជម្រកធម្មជាតិ របស់សត្វទាំងនេះឲ្យស្ថិតនៅគង់វង្ស”។

ដើម្បីជាការទទួលស្គាល់ នូវការប្តេជ្ញាចិត្តខ្ពស់ របស់មន្រ្តីឧទ្យានុរក្ស នៅឆ្នាំនេះអង្គការ WWF បានជ្រើសរើសក្នុងចំណោម មន្រ្តីឧទ្យានុរក្សឆ្នើមជាច្រើនរូប ពីទូទាំងពិភពលោក ហើយបានប្រគល់ជូនដល់ លោក ស៊ីន សត្ថា ដែលជាមន្រ្តីឧទ្យានុរក្សមួយរូប ធ្វើការនៅដែនជម្រកសត្វព្រៃស្រែពក ដែលគាំទ្រដោយអង្គការ WWF បានទទួលនូវពានរង្វាន់ Dr Rimington សម្រាប់ការរួមចំណែក ដ៏ពិសេសរបស់គាត់ក្នុង ការអភិរក្សធនធានព្រៃឈើ ដែលផ្តល់ជាទីជម្រកដល់សត្វព្រៃ ដែលរងគ្រោះថ្នាក់ជិតផុតពូជ ជាច្រើនប្រភេទ ដូចជា៖ ដំរីអាស៊ី ខ្លារខិន ទន្សោង ខ្ទីង រមាំង និងឈ្លូសជាដើម។
ពានរង្វាន់កម្រិតអន្តរជាតិនេះ ក៏បានទទួលស្គាល់ផងដែរ ដល់សមិទ្ធិផលដែល លោក ស៊ីនសត្ថា សម្រេចបាន ដោយមានការប្រឈម នឹងហានិភ័យខ្ពស់ក្នុងការរួមចំណែក ការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ដែលប្រជាជនសហគមន៍ មូលដ្ឋានពឹងអាស្រ័យ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសទិវាឧទ្យានុរក្ស ពិភពលោកនេះដែរ WWF សូមគោរពដល់វីរៈភាពរបស់ឧទ្យានុរក្សចំនួន ៤ រូប ដែលបានពលីជីវិត ខណៈពេលពួកគេបំពេញភារៈកិច្ច ក៏ដូចជាដល់ឧទ្យានុរក្សមួយចំនួន ផ្សេងទៀតដែលបានរងរបួស ក្នុងពេលបំពេញការងារ។
ក្នុងចំណោមឧទ្យានុរក្សពលីជីវិត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ មានឧទ្យានុរក្សមួយរូប បានបាត់បង់ជីវិតដោយការ ជួបគ្រោះថ្នាក់ដោយចៃដន្យ ខណៈពេលខ្លួនបំពេញការងារ និងឧទ្យានុរក្សចំនួន ៣រូប ទៀតបានស្លាប់ដោយសារជំងឺ ក្នុងរយៈពេលបំពេញការងារ ។

លោក សេង ទៀក បានថ្លែងថា “យើងខ្ញុំសូមឆ្លៀតឱកាស ទិវាឧទ្យានុរក្សពិភពលោកថ្ងៃនេះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ នៃឧទ្យានុរក្ស ដែលបានពលីជីវិត ក្នុងបុព្វហេតុកាតព្វកិច្ចការពារ ធនធានធម្មជាតិ ហើយយើងខ្ញុំសូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់” ។

ការអនុវត្តច្បាប់ គឺជាសមាសធាតុសំខាន់មួយ សម្រាប់ការគ្រប់គ្រងតំបន់ការពារ នៅក្នុងតំបន់ព្រៃទេសភាព ភាគខាងកើត និងមេគង្គនៃប្រទេសកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ អង្គការ WWF កម្ពុជា ក្នុងរយៈពេលជាង ២ទសវត្សកន្លងទៅនេះ បាននិងកំពុងគាំទ្រយ៉ាង សកម្មដល់ការអនុវត្ត និងការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងច្បាប់ស្តីពីជលផល ក៏ដូចជាការអនុវត្តនូវកម្មវិធីផ្សេងៗ ទៀតដើម្បីលើកទឹកចិត្ត និងកៀរគរការចូលរួមរបស់សហគមន៍ មូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ ព្រមទាំងការតាមដាន និងស្រាវជ្រាវជីវៈចម្រុះ នៅក្នុងតំបន់ការពារទាំងនេះ ដោយថ្លែងអំណរគុណ ដល់ការគាំទ្រនិងឧបត្ថម្ភពី USAID, EU, DGD, SDC, BMZ, GEF / UNEP / MOE, H&M, WWF-BE, WWF-US, WWF-SE និង WWF-NL ៕

To Top