លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន ឆ្លើយតបទៅនឹងក្តីបារម្ភ ក៏ដូចជាសំណូមពររបស់អ្នកស្រី Rhona Smith និងអង្គទូតមួយចំនួននៅកម្ពុជា លើករណីសំណុំរឿង លោក កឹម សុខា សូមធ្វើការបញ្ជាក់អំពីទិដ្ឋភាពច្បាប់ ជាតិនិងអន្តរជាតិ ពាក់ព័ន្ធករណីនេះ ដូចតទៅ៖
ទី១. ការបង្ហាញនូវក្តីបារម្ភក៏ដូចជា សំណូមពររបស់អ្នកស្រី Rhona Smith និងអង្គទូតមួយចំនួននៅកម្ពុជា គឺជាសិទ្ធិសេរីភាពក្នុងការ សំដែងមតិនិងការយល់ឃើញ ផ្ទាល់ខ្លួនរបស់ពួកគាត់ តែអ្វីៗ ត្រូវអនុលោមតាមបញ្ញត្តិច្បាប់ ជាតិរបស់កម្ពុជាដែលមានជាធរមាន ជៀសវាងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ រដ្ឋអធិបតេយ្យ ដែលត្រូវបានហាមប្រាមដោយច្បាប់ អន្តរជាតិ រួមមានធម្មនុញ្ញអង្គការ សហប្រជាជាតិ និងបញ្ញត្តិច្បាប់អន្តរជាតិផ្សេងៗទៀតស្តី ពីទំនាក់ទំនងការទូត និងនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ។
ទី២. ផ្អែកលើបញ្ញត្តិច្បាប់ជាតិ របស់កម្ពុជាដែលមានជាធរមាន ស្ថានភាពលោក កឹម សុខា បច្ចុប្បន្ននេះ មិនដូចស្ថានភាពរបស់ពលរដ្ឋ និងអ្នកនយោបាយទូទៅនោះទេ ព្រោះគាត់កំពុងជាប់ពិរុទ្ធ និងបទចោទ និងស្ថិតក្នុងដំណាក់កាលនីតិវិធី នៃការស៊ើបសួររបស់តុលាការ ហើយត្រូវបានតុលាការសម្រេចដោះលែង ឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលក្នុងដំណាក់កាលនេះ ច្បាប់អនុញ្ញាតឱ្យតុលាការអាចធ្វើការកម្រឹតនូវសិទ្ធិសេរីភាព មួយចំនួន រួមទាំងសិទ្ធិនយោបាយ ផងដែរ ដើម្បីជាប្រយោជន៍នៃការស៊ើបសួរ។
ទី៣. ក្នុងដំណាក់កាលនីតិវិធីនៃការ ស៊ើបសួរ និងរបបនៃការដាក់ឱ្យនៅ ក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវ តុលាការនេះ ច្បាប់មិនបានកំណត់អំពីរយៈពេលអតិបរិមាឡើយ ពោលគឺអាស្រ័យលើចៅ ក្រមស៊ើបសួរជាអ្នកកំណត់ដោយផ្អែក លើលទ្ធផលនៃការស៊ើបអង្កេត។
ទី៤. ផ្អែកលើបញ្ញត្តិនីតិវិធីច្បាប់ជាតិ របស់កម្ពុជាដែលមានជា ធរមាន ការសម្រេចទម្លាក់ចោលបទចោទឬ មិនទម្លាក់ ជាសិទ្ធិរបស់តុលាការដែល ជាស្ថាប័នឯករាជ្យ ហើយត្រូវធ្វើឡើងដោយផ្អែកលើមូល ដ្ឋានច្បាប់និងលទ្ធផលនៃ ការស៊ើបអង្កេត ដោយមិនត្រូវទទួលរងសម្ពាធនិងការបង្គាប់ បញ្ជារបស់ភាគីណាមួយឡើយ រួមទាំងស្ថាប័នអន្តរជាតិ និងអង្គទូតផងដែរ ។