នយោបាយ

វិភាគ ៖ ដំណើរទស្សនកិច្ច រដ្ឋមន្ត្រីសុខាភិបាល អាមេរិក ទៅកោះតៃវ៉ាន់ ជាជំហានខិតកាន់តែជិត បន្ទាត់ក្រហមរបស់ចិន

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ The New York Times បានចុះផ្សាយថា លោក ចាវ លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួង ការបរទេស របស់ប្រទេសចិន បានបង្ហាញកាយវិការ ខឹងក្រេវក្រោធយ៉ាងខ្លាំង ចំពោះលោក អាឡិច អាហ្សា (Alex Azar) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រជាសេវា របស់សហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ ។

កាយវិការខឹងក្រេវក្រោធ របស់លោក ចាវ លីចៀន ត្រូវបានបង្ហាញក្រោយពីលោក អាឡិច អាហ្សា បានធ្វើដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ ទី១០ ខែសីហានេះ ដែលជាការបង្ហាញពីការពង្រឹងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់អោយកាន់តែរឹងមាំថែមទៀត ដោយបំពាន់លើគោល នយោបាយចិនតែមួយ ។

ដែលថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី ក្រសួងសុខាភិបាលអាមេរិ ទៅកាន់កោះតៃវ៉ាន់ ជាជំហានឈានទៅជិតខ្សែបន្ទាត់ក្រហម របស់ប្រទេសចិន គឺដោយសារសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់ នយោបាយចិនតែមួយ និងបានសន្យាមិនលូកលាន់ ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនទេ ហើយកោះតៃវ៉ា់ន់ ក៏ត្រូវបានចិន ចាត់ទុកជាដែនខេត្តរបស់ខ្លួនដែរ ។

ខ្សែបន្ទាត់ក្រហមរបស់ចិននេះ គឺចិនហាមដាច់ខាតមិន អោយសហរដ្ឋអាមេរិកបញ្ជូន ទីប្រឹក្សាសន្តិសុខ ឬរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិ អាមេរិក ទៅតៃវ៉ាន់នោះទេ ហើយជាក់ស្តែង នាពេលកន្លងមក សហរដ្ឋអាមេរិក ក៏គោរពលក្ខខណ្ឌនេះដែរ ដោយមិនបានបញ្ជូនរដ្ឋមន្ត្រី ឬមន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខ ទៅកាន់កោះតៃវ៉ាន់នោះទេ ។

ប៉ុន្តែរយៈពេលប្រមាណ៤០ឆ្នាំចុងក្រោយនេះ តាំងពីអាមេរិកាំងទទួលស្គាល់ គោលនយោបាយចិន តែមួយមក គឺជាផ្លូវការ ពុំមានដំណើរទស្សនកិច្ច ថ្នាក់រដ្ឋមន្ត្រីការពារជាតិ ទៅកាន់ទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់នោះទេ ដែលកាលពីអំឡុងឆ្នាំ១៩៩០កន្លងទៅ មានមន្ត្រីជាន់ខ្ពស់អាមេរិក ខាងពាណិជ្ជកម្ម បានចុះទៅកាន់កោះតៃវ៉ាន់ច្រើនសា ។

កាលនោះ មន្ត្រីជាន់ខ្ពស់អាមេរិកខាងពាណិជ្ជកម្ម បានបង្កអោយមានភាពតានតឹងខ្លាំងបន្តិចដែរ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ហើយកាលពីឆ្នាំ២០១៤កន្លងទៅ មានត្រឹមតែដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់និងអ្នកជំនាញ ខាងបរិស្ថានអាកាសធាតុប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដោយសារអាមេរិកគោរពពាក្យសន្យា ។
នៅពេលនេះ ស្ថិតក្នុងដំណាក់កាលដែលពិភពលោកជួបគ្រោះភ័យវីរុសCovid-19 រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលជាជំហានឈានទៅជិតខ្សែបន្ទាត់ក្រហមរបស់ចិន ដែលកាលពីមុន មិនដែលមានរដ្ឋមន្ត្រីអាមេរិកគ្រប់ក្រសួង ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ទេ ។
ការបញ្ចូនរដ្ឋមន្ត្រីសុខាភិបាលអាមេរិកទៅតៃវ៉ាន់ អាចនិយាបានថា ត្រូវបានធ្វើឡើងក្នុងបរិបទនៃការរៀនសូត្រពីចំណាត់ការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលតៃវ៉ានចាត់ចែងបានល្អ និងមានប្រសិទ្ធភាព ក៏ប៉ុន្តែការបញ្ចូនមន្ត្រីលំដាប់ថ្នាក់សក្តិរដ្ឋមន្ត្រីទៅតៃវ៉ាន់ ចំពេលដែលចិន និងអាមេរិក កំពុងតែមានភាពតាន់តឹងគ្នា និងជាចេតនាបង្កហេតុ ។
ការបញ្ចូនរដ្ឋមន្ត្រីសុខាភិបាលទៅតៃវ៉ាន់ ជាការបង្ហាញថា សហរដ្ឋអាមេរិកនៅតែគោរពបន្ទាត់ក្រហមរបស់ចិន តែក៏ចង់ទៅកៀកៗក្បែរៗនឹងព្រំខណ្ឌដែលចិនគូសដែរ ហើយបើនិយាយបែបផ្សេង គឺអាមេរិកចង់ទៅឱ្យកៀកបំផុតនឹងបន្ទាត់ក្រហម តែក៏មិនដើររំលងព្រំខណ្ឌដែរ ដោយគ្រាន់មានចេតនាធ្វើអោយចិនក្តៅក្រហាយតែប៉ុណ្ណោះ ។

ដើមចមនាំអោយកើតរឿង

មូលហេតុដែលចិនក្តៅ ក្រហាយនឹងដំណើរ ទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាមេរិកទៅកាន់កោះតៃវ៉ាន់ គឺដោយសារចិន បានចាត់ទុកកោះតៃវ៉ាន់ជាដែនខេត្តរបស់ខ្លួន ប៉ុន្តែកោះតៃវ៉ាន់ ខិតខំរើបម្រះចេញពីការត្រួតត្រារបស់ចិន ដោយពង្រឹងទំនាក់ទំនងជាមួយអាមេរិក និងប្រទេស ឬដែនដីផ្សេងទៀត នៅជុំវិញពិភពលោក ។

មិនត្រឹមតែនៅពេលនេះទេ គឺចិនបានខឹងសម្បានឹងអាមេរិកចាប់តាំងពីសប្តាហ៍មុន ក្រោយពីទទួលបានដំណឹងពីដំណើរទស្សនកិច្ចនេះ ហើយចិនបានថ្កោលទោសអាមេរិក និងព្រមានឱ្យលុប ចោលដំណើរទស្សនកិច្ចនេះ ហើយនិងបានដាស់តឿនថា ដំណើរទស្សនកិច្ចនេះ វាបង្កការគំរាមកំហែង ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។
នៅមុនពេលបន្តិច នៃជំនួបសន្ទនាគ្នារវាងរដ្ឋមន្ត្រី ក្រសួងសុខាភិបាលអាមេរិក និងប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន គឺចិនបានបញ្ចូនយន្តហោះ ប្រដេញជាច្រើនគ្រឿង ទៅហោះហើរក្បែរៗព្រំដែនទឹក ជាប់រវាងចិននិងតៃវ៉ាន់។

សន្និដ្ឋាន៖ តើអាមេរិកអាចជួយកោះតៃវ៉ាន់ បានកម្រិតណា ?

គោលដៅសំខាន់របស់សហរដ្ឋអាមេរិក គឺជួយកោះតៃវ៉ាន់ បែបចុងដៃចុងជើងប៉ុណ្ណោះ ដោយសារតែចិនគឺជាមហាអំណាច សេដ្ឋកិច្ចលំដាប់លេខ២នៅលើពិភពលោក និងជាមហាអំណាចនុយក្លេអ៊ែរផងដែរ ហើយចិនក៏ជាគូប្រជែងដ៏ចំបងរបស់សហរដ្ឋអាមេរិកថែមទៀត ដូច្នេះ បើអាមេរិកហ៊ានលូកដៃខ្លាំង ប្រហែលជាចិនមិនអត់អោនអោយទេ ។
ប៉ុន្តែដើម្បីបញ្ឈឺចិត្តចិន និងដើម្បីចំណេញនយោបាយក្នុងស្រុក និងក្រៅប្រទេស មេដឹកនាំអាមេរិក ត្រូវតែហ៊ានជួយកោះតៃវ៉ាន់ ដោយភ្ជាប់ទំនាក់ទំនង ជាមួយគ្នាតាម រយៈការបំពេញដំណើរទស្សនកិច្ចបែបនេះ ប៉ុន្តែប្រសិនបើកោះតៃវ៉ាន់តានតឹងជាមួយចិនខ្លាំង និងប៉ះពាល់ផលប្រយោជន៍អាមេរិក នោះអាមេរិកមិនលូកដៃទែ ។

ផលប៉ះពាល់

ផលប៉ះពាល់មានធំធេងណាស់សម្រាប់ភាគីចិន និងអាមេរិក រួមទាំងពិភពលោកទាំងមូលផងដែរ ប្រសិនបើអាមេរិក និងចិន មានជម្លោះជាមួយគ្នាដោយសារតែកោះតៃវ៉ាន់ ដោយប៉ះពាល់ផ្នែកសេដ្ឋកិច្ច នយោបាយ និងឥទ្ធិពលក្នុងតំបន់ថែមទៀត ៕

ដោយ ៖ អ៊ី ជិន

To Top