ព័ត៌មានជាតិ

វិភាគ ៖ អាមេរិក ព្យាយាមជាន់ពន្លិច កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែត្រូវបរាជ័យ យ៉ាងអាម៉ាស់

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតា បានចុះផ្សាយថា សហរដ្ឋអាមេរិក នៅតែបន្តព្យាយាមជាន់ពន្លិច កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដោយស្នើទៅក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ អោយបន្តដាក់ទណ្ឌកម្មសព្វាវុធ លើប្រទេសអ៊ីរ៉ង់ ក្នុងគោលដៅបង្ខំសាធារណរដ្ឋអ៊ីស្លាមមួយនេះ អោយទ័លច្រក ។

យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកគឺ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បោះឆ្នោតសម្រេច តាមសំណើរបស់ខ្លួន ក្នុងការពន្យារពេលគ្មានទីបញ្ចប់ ក្នុងការដាក់ទណ្ឌកម្មសព្វាវុធ លើប្រទេសអ៊ីរ៉ង់ នោះអ៊ីរ៉ង់នឹងហែកកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលបានចុះហត្ថលេខាដោយប្រទេស មហាអំណាចពិភពលោក ៥+១ និងអ៊ីរ៉ង់ ។

អាមេរិកគិតថា ក្រោយពេលដែលអ៊ីរ៉ង់ហែកកិច្ចព្រមព្រៀង នុយក្លេអ៊ែររបស់ខ្លួនចោល ពេលនោះអាមេរិក មានលេសដាក់សម្ពាធគ្រប់យ៉ាង រួមទាំងដាក់ទណ្ឌកម្ម បន្ថែមលើអ៊ីរ៉ង់ ក្នុងគោលដៅបង្ខំអោយអ៊ីរ៉ង់ ជួបចរចាជាមួយអាមេរិក ដើម្បីបង្កើតកិច្ចព្រមព្រៀង នុយក្លេអ៊ែរថ្មីមួយ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បាន ។

យុទ្ធសាស្ត្រ និងគំនិតរបស់សហរដ្ឋអាមេរិក ត្រូវទទួលបរាជ័យទាំងស្រុងយ៉ាងអាម៉ាស់ កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០នេះ ក្រោយពីសមាជិក ទាំង១៥ ប្រទេសរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ មិនបានបោះឆ្នោតគាំទ្រ សំណើរបស់អាមេរិក ដែលសូម្បីតែប្រទេស ជាសម្ព័ន្ធមិត្តអាមេរិក ក៏មិនបោះឆ្នោតគាំទ្រ សំណើរបស់អាមេរិកដែរ ។

ក្រោយពីទទួលបរាជ័យ ប្រមុខការបរទេសអាមេរិក លោក Mike Pompeo បានចេញសេចក្តីថ្លែងការណ៍រិះគន់ស្ថាប័នអន្តរជាតិមួយនេះថា បរាជ័យ មិនអាចបំពេញបេសកកម្ម របស់ខ្លួន បានដូចជាការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ប៉ុន្តែប្រមុខការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Sarif បានអបអសាទរ ចំពោះការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដោយនិយាយថា អាមេរិកកំពុងធ្លាក់ខ្លួនឯកោរ ជាងពេលណាៗទាំងអស់ ។

បំណងរបស់អាមេរិកលើកនេះ មិនមែនត្រឹមតែចង់គេបន្តពន្យារទណ្ឌកម្មអាវុធអ៊ីរ៉ង់តែប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុតរបស់អាមេរិក គឺចង់ចាប់ពន្លិចកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឲ្យលិចលង់ស្លាប់ មិនងាយនឹងសង្រ្គោះបានមកវិញ មិនថានៅក្នុងកាលៈទេសៈ ដែលអាមេរិកត្រូវផ្លាស់ប្តូរប្រធានាធិបតីថ្មី ដែលនឹងអាចចង់ត្រលប់មកចូលរួមក្នុងកិច្ចព្រមព្រៀង ។
អាមេរិករបស់លោកដូណាល់ ត្រាំ ដឹងថា បើសិនអាមេរិកអនុវត្ត ជាឯកតោភាគី ឬជំរុញ ឲ្យគេអនុវត្តទណ្ឌកម្មអន្តរជាតិស្តីពីការហាមប្រាមលក់អាវុធឲ្យអ៊ីរ៉ង់តទៅទៀតនោះ អ៊ីរ៉ង់ ច្បាស់ជាមិនសប្បាយចិត្ត ហើយនិងអាចត្រលប់ទៅឈប់គោរព តាមការសន្យា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរតទៅទៀត។

ដើមចមនាំអោយកើតរឿង

ដើមចម ដែលនាំអោយប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ជាដើមដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក មិនបោះឆ្នោតគាំទ្រ សំណើរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មសព្វាវុធ លើប្រទេសអ៊ីរ៉ង់ ដោយបញ្ចេញសំឡេងអនុប្បវាទ ព្រោះតែប្រទេសទាំងនោះ យល់ថា សេចក្តីសម្រេចស្នើឡើងដោយអាមេរិក នឹងអាចទៅបំផ្លាញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលគេព្យាយាមការពារ ដើម្បីកុំឲ្យអ៊ីរ៉ង់អាចមានលេស ផលិតអាវុធនុយក្លេអ៊ែរ ។

ទៅតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិលើអាវុធអ៊ីរ៉ង់ ត្រូវចប់សុពលភាព នៅខែតុលាចុងឆ្នាំ២០២០នេះ ដូច្នេះហើយបានជាប្រទេស នៅអឺរ៉ុបខ្លាចថា អ៊ីរ៉ង់នឹងអាចត្រលប់ទៅផលិត អាវុធនុយក្លេអ៊ែរ និងលែងគោរពអនុវត្ត កិច្ចព្រមព្រៀងតទៅទៀត បើសិនអង្គការសហប្រជាជាតិ នៅតែបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ។

សម្រាប់អឺរ៉ុប ទណ្ឌកម្មអាវុធអ៊ីរ៉ង់គឺជារឿងចាំបាច់ ដែលត្រូវធ្វើសម្រាប់សន្តិភាពក្នុងតំបន់ ប៉ុន្តែគេមិនចាំបាច់ធ្វើក្រោមរូបភាពទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ តទៅទៀតនោះដែរ ដែលជាក់ស្តែង សហភាពអឺរ៉ុប ផ្ទាល់ក៏នៅបន្តអនុវត្តបម្រាមលក់អាវុធឲ្យអ៊ីរ៉ង់ ដែលធ្វើឲ្យអ៊ីរ៉ង់ មិនអាចបំពាក់អាវុធ តាមចិត្តនោះដែរ ដូច្នេះសម្រាប់អឺរ៉ុបសេចក្តីព្រាង របស់អាមេរិក ដែលចង់ឲ្យពន្យារ ការដាក់ទណ្ឌកម្មអាវុធលើអ៊ីរ៉ង់ មិនមែនជារឿង ដែលផ្តល់ផលប្រយោជន៍ច្រើនណាស់ណាទេ តែផ្ទុយទៅវិញ គឺមានតែបង្កកំហឹងឲ្យអ៊ីរ៉ង់ដើរ ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលគេបានចំណាយពេលរាប់ឆ្នាំ ទម្រាំបង្កើតបាននៅឆ្នាំ២០១៥កន្លងទៅ ។

សន្និដ្ឋាន ៖ តើអាមេរិកអាចឈប់ បង្ករឿងជាមួយអ៊ីរ៉ង់ទេ ?

អាមេរិក នឹងមិនអាចឈប់បង្ករឿង ជាមួយប្រទេសអ៊ីរ៉ង់ទេ ពីព្រោះនៅមុនការបោះឆ្នោត នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គេធ្លាប់បានប៉ាន់ស្មានទុករួចហើយថា សេចក្តីសម្រេចស្នើឡើង ដោយអាមេរិកនឹងមិនអាចឆ្លងផុត នៅក្នុងការបោះឆ្នោត របស់ក្រុមប្រឹក្សា សន្តិសុខនោះទេ ដោយសារអាមេរិក បានទាមទារឲ្យគេពន្យារ ទណ្ឌកម្មសព្វាអាវុធអ៊ីរ៉ង់ ឲ្យយូរតទៅទៀត ដោយគ្មានថ្ងៃកំណត់ ។

សូមបញ្ជាក់ជូនថា អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មហាមមិនឲ្យដឹកលក់អាវុធ ទៅអ៊ីរ៉ង់តាំងពីឆ្នាំ ២០០៧ ប៉ុន្តែទណ្ឌកម្មអាវុធអ៊ីរ៉ង់របស់អង្គការសហប្រជាជាតិ នឹងត្រូវអស់សុពលភាពនៅថ្ងៃទី១៨ ខែតុលាខាងមុខ ទៅតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលនៅក្នុងនោះអ៊ីរ៉ង់ បានសន្យាមិនធ្វើកម្មវិធីនុយក្លេអ៊ែរ សម្រាប់មហិច្ឆតាយោធាជាថ្នូរ នឹងការលុបចោលទណ្ឌកម្ម របស់អន្តរជាតិទៅលើអ៊ីរ៉ង់ ។

អាមេរិកដែលដកខ្លួន ជាឯកតោភាគីចេញ ពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ និងបានត្រលប់ទៅដាក់ ទណ្ឌកម្មសេដ្ឋកិច្ច សាជាថ្មីកាលពីឆ្នាំ២០១៨ បានដឹងតាំងពីប៉ុន្មាន សប្តាហ៍រួចមកហើយថា សេចក្តីសម្រេចរបស់ខ្លួន នឹងមិនអាចទទួលបានការគាំទ្រ ភាគច្រើនទេ ដែលសូម្បីប្រទេស នៅអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀត របស់អាមេរិកម្នាក់ៗ គ្មានចង់ឲ្យគេពន្យារ ទណ្ឌកម្មអាវុធអ៊ីរ៉ង់ ដែលនឹងធ្វើឲ្យអ៊ីរ៉ង់ក្តៅក្រហាយ ហែកបំផ្លាញបំផ្លាញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។

អាមេរិកដឹងរឿងនេះច្បាស់ និងបានគំរាមហើយថា បើសិនខ្លួនបរាជ័យមិនអាចឲ្យគេពន្យារ ទណ្ឌកម្មអាវុធអ៊ីរ៉ង់នោះខ្លួន នឹងប្រើវិធីសាស្រ្ត ឈ្មោះថា Snapback ដែលមានចង នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដោយអាមេរិក ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ កាលពីឆ្នាំ២០១៨ បានអះអាងថា ខ្លួននៅតែអាចប្រើសិទ្ធិ ជាអ្នកចូលរួមក្នុងកិច្ចព្រមព្រៀង ដើម្បីទាមទារប្រើ Snapback ដែលចែងថា គេអាចត្រលប់ទៅដាក់ ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ ទាំងស្រុង បើសិនគេយល់ឃើញថា អ៊ីរ៉ង់រំលោភកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ។

ប៉ុន្តែនៅត្រង់ចំណុចនេះ ភាគីអាល្លឺម៉ង់ បានលើកឡើង ពីភាពស្របច្បាប់ របស់អាមេរិក នៅក្រោយអាមេរិក ដកខ្លួនចេញ ពីកិច្ចព្រមព្រៀង រួចហើយកាលពីឆ្នាំ ២០១៨ ពោលគឺអាមេរិកមិនអាចមកទាមទារ ឲ្យគេប្រើចំណុច Snapback នោះទេ ៕
ដោយ ៖ អ៊ី ជិន

To Top