ព័ត៌មានជាតិ

អ្នកសារព័ត៌មាន​វិទ្យុ មិត្តភាពកម្ពុជាចិនកញ្ញា​ Zhang Yanping ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា ព្រះប្រទាន​ឥស្សរិយយស​មេដាយសហមេត្រី

នាព្រឹក​ថ្ងៃទី៣ ខែតុលា នៅ​ក្នុង​ពិធី​សម្ពោធ “ប៉ុស្តិ៍​សុខភាព សម្ដេច​ព្រះមហាសង្ឃរាជ បូរ គ្រី – ព្រះករុណា​ព្រះមហាក្សត្រ​ សីហមុនី” ព្រះមហាក្សត្រ​នៃ ​ព្រះរាជាណាចក្រកម្ពុជា បាន​សព្វ​ព្រះរាជហ​ឫទ័យ​ ព្រះប្រទាន​ឥស្សរិយយស មេដាយ​សហមេត្រី​ អោយ​អ្នកសារព័ត៌មាន​វិទ្យុមិត្តភាព​កម្ពុជា​ចិន​ Zhang Yanping។

​(រូបទទួល​គ្រឿងឥស្សរិយយស (មិនទាន់មាន)

កញ្ញា Zhang Yanping បាន​បញ្ចប់​ការសិក្សាជំនាញ​ភាសាខ្មែរ​នៅសាលា​ជនជាតិ​ជ័ង​ក្វាងស៊ី ប្រទេស​ចិន ​​នៅ​ឆ្នាំ​២០០៤ ហើយ​បាន​ទទួល​តំណែង​ជា​អ្នក​សារព័ត៌មាន ​នៃ​វិទ្យុ​មិត្តភាពកម្ពុជា​ចិន​ ពីឆ្នាំ​២០១២​រហូត​មកដល់​បច្ចុប្បន្ន​។ កញ្ញា Zhang Yanpingស្រឡាញ់​ចូលចិត្ត​ការងារ​​វិទ្យុ​ផ្សាយ ​​សម្លេង​ជា​ភាសាខ្មែរ​ជា​ខ្លាំង​។ កម្មវិធី​ដែល​គាត់​បាន​ចូលរួម​ផលិត និងធ្វើជា​ពិធីការិនីទទួល​បាន ​ការ​ពេញ​និយម​ចូលចិត្ត​ពី​សំណាក់​ប្រិយមិត្ត​ខ្មែរ​ នៅ​គ្រប់​មជ្ឈដ្ឋាន​។

(Zhang Yanping (ជួរក្រោយ​ទីបី​រាប់ពីស្ដាំ) ថត​រូប​ជុំគ្នា​ជាមួយ​ភ្ញៀវកិត្តិយស​កម្មវិធី​វិទ្យុ)

ក្នុង​អំឡុង​ពេល​ស្នាក់​នៅ ​ជា​អចិន្ត្រៃយ៍​នៅ​កម្ពុជា កញ្ញា​ Zhang Yanping បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ​ក្នុង​ការងារ​សម្ភាស៍ និង​ផ្សព្វផ្សាយ​កម្មវិធី​ ស្ដីពី​​ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់​ៗនៅ​ក្នុងប្រទេស​កម្ពុជា​ និង​ព័ត៌មាន​ពាក់ព័ន្ធ​រវាង ​ប្រទេស​កម្ពុជា​និង​ចិន​ និង​បាន​ចូល​រួមយ៉ាងសស្រាក់សស្រាំ ផង​ដែរ​នៅ​​ក្នុង​គ្រប់​សកម្មភាពទាំងអស់​​ដែល​រៀបចំ ​ដោយ​វិទ្យុ​មិត្តភាពកម្ពុជា​ចិន​ ដូច​ជា “កម្មវិធី​ចុះផ្ដល់​សេវាសុខភាព​តាម​សហគមន៍​” “ដំណើរ​ភាពយន្ត​ចល័តចិន-កម្ពុជា​”ជាដើម​។

(Zhang Yanping កំពុង​សម្ភាសសម្ដេច​រាជបុត្រ ព្រះរៀម នរោត្ដម​ បុប្ផាទេវី មុនពេលព្រះអង្គយាង​សោយទិវង្គត​) 
(Zhang Yanping (កណ្ដាល) ធ្វើជាពិធីការិនីក្នុង​ពិធី​សម្ពោធ “ដំណើរភាពយន្តចល័តចិន-កម្ពុជា”)

​នៅ​ចន្លោះ​ឆ្នាំ២០១៥ ដល់​ឆ្នាំ​២០១៨ ក្នុង​អំឡុង​ពេល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​ធ្វើការនៅ​ស្ថានទូត​ចិន ​ប្រចាំ​នៅ​កម្ពុជា ​ជា​បណ្ដោះអាសន្ន​ កញ្ញា Zhang Yanping ធ្លាប់​បាន​កាន់​តំណែង​ជា​លេខា និងជា​អ្នក​បកប្រែ​របស់​អគ្គរដ្ឋទូត​ចិន​ពីរអាណត្តិ​ គឺក្នុងអាណត្តិ​លោកស្រីអគ្គរដ្ឋទូត Bu Jianguo និង​លោក​អគ្គរដ្ឋទូត Xiong Bo។ សមត្ថភាព​បកប្រែភាសាខ្មែរ ​របស់​គាត់​មិន​ត្រឹមតែ​ទទួល​បាន​ការ​ទទួលស្គាល់​ពី​ថ្នាក់​ដឹកនាំ​ នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​ការ​ ស្ងើចសរសើរ​ពី​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ ព្រះរាជាណាចក្រកម្ពុជា​ផង​ដែរ​។

(Zhang Yanping កំពុង​ធ្វើ​ជាអ្នក​ប្រែ​ជូន​សម្ដេចតេជោ ហ៊ុន សែន និង​លោកស្រី​អគ្គរដ្ឋទូតចិន​ Bu Jianguo) 
(Zhang Yanping កំពុង​ធ្វើ​ជា​អ្នក​បកប្រែ​ ជូន​សម្ដេច​តេជោ ហ៊ុន សែន​ និង​លោកអគ្គរដ្ឋទូត​ចិន​ Xiong Bo) 

​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២០ សម្ដេច​តេជោ ហ៊ុន សែន​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ ហេតុ​នេះ​បាន​ធ្វើ​ឱ្យសម្ដេច​តេជោក្លាយ​ជា​ ថ្នាក់​ដឹកនាំ​កំពូល​បរទេស​ដំបូង​គេ​ ដែល​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ ក្រោយ​ពី​ការ​ផ្ទុះ​ជំងឺ​កូវីត១៩។ នេះ​បាន​បង្ហាញ​ចេញ​ពី​ មនោសញ្ចេតនា​មិត្តភាព​ស៊ីជម្រៅ ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រាលំបាក​ រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ និង​ចិន។ ក្រោយពី​សម្ដេច​តេជោ​ ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ សម្ដេច​បាន​ធ្វើសន្និសីទសារព័ត៌មាន ​មួយ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ។ ក្នុង​ខណៈពេល​នោះកញ្ញា ​Zhang Yanping បានសួរ​សំណួរ​ទៅសម្ដេច​តេជោ និង​បាន​រៀបរាប់​ពី​ស្ថានភាព​ ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​អិនធីណែត​នៅ​ប្រទេស​ចិន​ បាន​ហៅ​សម្ដេច​តេជោ ហ៊ុន​ សែន​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ទៅកាន់​​ប្រទេស​ចិន​លើក​នេះ​ថា ជា “បុរស​សង្ហារ​ធ្វើ​ដំណើរ​​បញ្ច្រាសទិស”​។ កិច្ចសម្ភាស​លើក​នេះ​បាន​ទទួល​ការ​វាយ​តម្លៃ​ខ្ពស់​ ពី​សម្ដេច​តេជោ​។ វីដេអូ​សម្ភាសន៍​ មាន​អ្នក​ចុច​ទស្សនា​រហូត​ដល់ជាង​ ២លាននាក់​ ធ្វើ​អោយ​អ្នក​សារព័ត៌មាន​ចិន​កញ្ញា Zhang Yanping ក្លាយ​ជា​”តារាល្បី”នៅ​ប្រទេស​កម្ពុជា​ និង​ទទួល​បានការ​ស្រឡាញ់ ​ចូលចិត្ត​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​អិនធឺណែត​ ជាច្រើន​នៅ​កម្ពុជា​។

(រូបScreenshot វីដេអូ ​Zhang Yanping សម្ភាស​សម្ដេច​តេជោ ហ៊ុន សែន)

មិន​ត្រឹម​តែប៉ុណ្ណោះកញ្ញា Zhang Yanping បាន​ចូល​រួម​ក្នុង​កិច្ចការ​សង្គម និង​វប្បធម៌កម្ពុជា​ជា​ច្រើន​ និង​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ព្រះបរមរាជវាំង​ផងដែរ។ គាត់​បាន​ជំរុញ​ឱ្យសហគ្រាស​ចិន​នៅ​កម្ពុជា​ជាច្រើន​ ចូល​រួម​ក្នុង​គ្រប់​​សកម្មភាព ​មនុស្ស​ធម៌​របស់​ព្រះបរមរាជវាំង​ ដែល​មាន​ដូច​ជា​​ការកសាង​​ អាគារ​សាលារៀន​ និង​វត្តអារាម​ ការ​ផ្ដល់​ជំនួយ​ជូន​ក្រុមរបាំព្រះរាជទ្រព្យ​ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​​ផ្ដល់ឱកាស ​​អាហារូបករណ៍​ជូន​យុវជន​ខ្មែរ ​ទៅ​រៀន​នៅ​ប្រទេស​ចិន​ផង​ដែរ​។

(សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រាជា នុញ្ញាត ប្រោសព្រះរាជទានឱ្យ​ Zhang Yanping (ឆ្វេង) ចូល​ក្រាបថ្វាយ​បង្គំគាល់​)

​គ្រឿងឥស្សរិយយស​នៃ ​ព្រះរាជាណាចក្រកម្ពុជា​ ចែកចេញ​ជា​៤ប្រភេទរួមមាន គ្រឿងឥស្សរិយយស​ប្រភេទ មាតុប្រទេស គ្រឿងឥស្សរិយយស​ ប្រភេទ​រាជបល្ល័ង្ក គ្រឿងឥស្សរិយយស​ប្រភេទ​ការពារជាតិ និង​គ្រឿងឥស្សរិយយស​ប្រភេទ​ចម្រុះ​។ គ្រឿងឥស្សរិយយស​”សហមេត្រី” ជាគ្រឿង​ឥស្សរិយយស​ប្រភេទ​ចម្រុះ​ គឺជា​គ្រឿង​ឥស្សរិយយស​ ប្រើសម្រាប់​ប្រគល់​ជូនអង្គទូត​បរទេស រឺ​ជន​បរទេស​ណា​ដែល​បាន ​ចូលរួម​ក្នុងកិច្ចការ​មិត្តភាព​រវាង​ប្រទេស​កម្ពុជា​និង​បរទេស​៕

To Top