ព័ត៌មានជាតិ

ព្រឹទ្ធសភាអនុម័ត លើសន្ធិសញ្ញា បំពេញបន្ថែមព្រំដែនរដ្ឋ រវាងកម្ពុជា-វៀតណាម និងរបៀបវារសំខាន់ៗ៤ផ្សេងទៀត

ភ្នំពេញ៖ ព្រឹទ្ធសភានៅថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ បានពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញ បន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី៦។

សន្ធិសញ្ញានេះ មានគោលបំណង និងផលប្រយោជន៍ ដើម្បីរក្សាការគ្រប់គ្រងដដែលលើដីធ្លី ស្រែចម្ការរបស់ប្រជាជន ដែលបាននិងកំពុងរស់នៅ ដាំដុះ បង្កបង្កើនផល ក្នុងគោលដៅធានាបាន ស្ថិរភាពជីវភាពរបស់ប្រជាជន នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លុបបំបាត់ ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាតំបន់អភិវឌ្ឍន៍ សន្ដិភាព មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ។

សន្ធិសញ្ញានេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្រ្ដ ដ៏មានសារសំខាន់បំផុត ក្នុងការទទួលយកសមិទ្ធផល ដែលប្រទេសទាំងពីរ សម្រេចបានរហូតមកដល់បច្ចុប្បន្ន មាន៨៤% ហើយក៏ជាឯកសារគ្រឹះ ការពារបានបូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែនមិនប្រែប្រួល ថែរក្សាបាននូវព្រំដែនមានសន្ដិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ដ របស់ប្រជាជនកម្ពុជា និងវៀតណាមតរៀងទៅផងដែរ ។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការព្រំដែន និងជាប្រធាន គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញ មកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤
នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឲ្យដឹងបន្ថែមថា ព្រឹទ្ធសភាអនុម័ត លើរបៀបវារៈ៤សំខាន់ៗផ្សេងទៀតរួមមាន៖

១.ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់ រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

២-ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពី ការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួល ការដឹកជញ្ជូនទំនិញឆ្លងកាត់។

៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងអាស៊ានស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។

៤-ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាព ថាមពលព្រះអាទិត្យអន្តរជាតិ៕

To Top