ព័ត៌មានជាតិ

អគ្គនាយករងក ប ប៖ ការប្រកួតប្រជែង មិនស្មោះត្រង់ នៅក្នុងទូរកិច្ចវិស័យប្រេងឥន្ធនៈអាចបង្កផលប៉ះពាល់ដល់ជីវភាព សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់

ស្វាយរៀង៖លោកឃួន សាវុធ អគ្គនាយករងនៃអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានថ្លែងថាការប្រកួតប្រជែងមិនស្មោះត្រង់នៅក្នុងទូរកិច្ចវិស័យប្រេងឥន្ធនៈអាចបង្កផលប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។

ការថ្លែងលើកឡើងរបស់លោកឃួន សាវុធ បែបនេះនៅក្នុងសិក្ខាសាលាស្តីពីការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវាច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់និងបទប្បញ្ញត្តិផ្សេងទៀតពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈដល់អាជីវករម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈក្នុងខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ២៨ខែតុលាឆ្នាំ២០២០។

សិក្ខាសាលានេះមានការចូលរួមពីលោកសុខេ រស់អភិបាលរងខេត្តស្វាយរៀង មន្ទីរពាណិជ្ជកម្មខេត្តនិងលោកផឹង និលប្រធានសាខាក ប បខេត្ត និងម្ចាស់ស្ថានីយប្រេងឥន្ធនៈនិងដេប៉ូចែកចាយនៅក្នងខេត្តស្វាយរៀងព្រមទាំងមន្ទីរជុំវិញខេត្តផងដែរ។

លោកឃួន សាវុធបានបន្តថាដើម្បីធានាការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំផ្នែកសេដ្ឋកិច្ចក៏ដូចជាការប៉ះពាល់សុខុមាលភាពសង្គម ការពង្រឹង ការអនុវត្តច្បាប់គឺជាការងារអាទិភាព។ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅប្រទេសកម្ពុជាត្រូវបានចាត់ចូលក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដូច្នេះការធ្វើអធិការកិច្ចលើស្ថានីយចែកចាយប្រេងឥន្ធនៈត្រូវបានក្រសួងពាណិជ្ជកម្មចាត់ទុកជាកម្មវិធីមួយយ៉ាងសំខាន់សំដៅធានា ការដាក់លក់ឲ្យបានត្រឹមត្រូវលើបរិមាណគុណភាពនិងថ្លៃលក់រាយ។

លោកបានបញ្ជាក់ថាគោលបំណងសិក្ខាសាលានេះដើម្បីជំរុញការអនុវត្តស្មោះត្រង់ក្នុងអាជីវកម្មធានាទីផ្សារក្នុងស្រុកប្រកបដោយទំនុកចិត្តពីអ្នកប្រើប្រាស់និងលើកស្ទួយកិត្យានុភាពជាតិ។ការធានាការធ្វើជីវកម្មប្រកបដោយសុចរិត មិនមែនជាការដាក់បន្ទុកដល់វិស័យឯកជន(មិនមានតម្រូវឲ្យបង់ថ្លៃសេវាត្រួតពិនិត្យ)ហើយគោលដៅដែលត្រូវអធិការកិច្ច គឺស្ថានីយ៍និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស។និងអនុវត្តច្បាប់ចំពោះអ្នកបំពានតាមរយៈការពិន័យអន្តរការណ៍ឬវិធានការតុលាការក្នុងករណីមិនរាងចាល។

លោកបានបញ្ជាក់ថាអាជីវករមានកាតព្វកិច្ចទទួលខុសត្រូវចម្បងលើសកម្មភាពអាជីវកម្មរបស់ខ្លួនក្នុងការដាក់លក់ ចែកចាយនិងផ្ដល់ព័ត៌មានឲ្យបានត្រឹមត្រូវលើផលិតផល ឬសេវារបស់ខ្លួនចៀសវាងអ្នកប្រើមានការភាន់ច្រឡំឬប៉ះពាល់ដល់ការប្រកួតប្រជែង(មាត្រា៤ច្បាប់ស្ដីការគ្រប់គ្រងគុណភាព  សុវត្ថិភាពលើផលិតផលទំនិញនិងសេវា)។ហើយមិនត្រូវពាក់ព័ន្ធទៅនឹងអំពើមិនសុចរិតដែលមានលក្ខណៈជាការបំភាន់ឬបោកបញ្ឆោតដល់សាធារណៈជនទាក់ទងទៅនឹងប្រភេទចរិតលក្ខណៈភាពសមតាមបំណងបរិមាណស្តង់ដារ ឬគុណភាព(មាត្រា១០ច្បាប់ស្តីពីកិច្ចការការពារអ្នកប្រើប្រាស់)ហើយរាល់អាជីវកម្មប្រេងឥន្ធនៈត្រូវមានលិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណចេញដោយអង្គភាពមានសមត្ថកិច្ច(ពាណិជ្ជកម្ម(ឧស្សាហកម្ម មហាផ្ទៃ)។

នៅក្នុងឱកាសនោះលោកសុខ រស់អភិបាលរងខេត្តស្វាយរៀងបានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីក ប បខេត្តរយះកាលកន្លងមកបានខិតខំក្នុងការត្រួតពិនិត្យតាមស្ថានីយ៍ប្រេងឥន្ធនៈនិងដេប៉ូចែកចាយក្នុងខេត្តដើម្បីពិនិត្យលើបរិមាណ គុណភាពនិងថ្លៃលក់រាយជាដើមហើយក្នុងនាមរដ្ឋបាលខេត្តសូមធ្វើការគាំទ្រដែលបានបង្កើតឲ្យមានសិក្ខាសាលានេះឡើង។

លោកអភិបាលរងខេត្តបានជំរុញឲ្យអាជីវករដែលមានស្ថានីយប្រេងឥន្ធនៈនិងដេប៉ូចែកចាយទាំងអស់នៅខេត្តស្វាយរៀងត្រូវមកសុំច្បាប់អាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវមិនត្រូវគេចវេសនោះឡើយ។ហើយសូមឲ្យមន្ត្រីជំនាញយើងចុះត្រួតពិនិត្យតាមស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈទាំងអស់ឲ្យមានប្រសិទ្ធភាពដើម្បីធានាបានដល់អ្នកប្រើប្រាស់ទាំងបរិមាណនិងគុណភាព៕

To Top