ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថា ការចុះផ្សាយព័ត៌មាន អំពីបញ្ហាប្រជាពលរដ្ឋត្រូវចាត់ទុក ជាពាក្យបណ្ដឹងមួយ ដូច្នេះមន្ដ្រីពាក់ព័ន្ធត្រូវចុះដោះស្រាយ ឲ្យពួកគាត់ឲ្យប្រសិទ្ធភាព ។
បើតានសម្តេច ក្នុងនោះក៏មានមន្ដ្រីមួយចំនួនទៀត គេចវេសមិនដោះស្រាយ ជូនប្រជាពលរដ្ឋផងដែរ។
ក្នុងសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើ សេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០ ៣០) នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចស ខេង បានណែនាំឲ្យ អភិបាល រាជធានី-ខេត្ត បង្កើតហ្វេសប៊ុក ដើម្បីទទួល មតិ និងដោះស្រាយជូនប្រជាពលរដ្ឋ។
សម្ដេចរំលឹកថា កន្លងមកមានពលរដ្ឋ មានបញ្ហាអ្វីបានផ្ដល់ព័ត៌មាន មកក្រសួង ៩០% គឺ ជាព័ត៌មានពិត ហើយក៏គ្មានការផ្ដល់ព័ត៌មាន រឿងនយោបាយដែរ។សម្ដេច ក៏បានផ្ដាំផ្ញើដល់មន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវបានដោះស្រាយជូនពលរដ្ឋ ជាបន្ដបន្ទាប់ ដើម្បីឲ្យពួកគាត់សប្បាយចិត្ត ។
សម្ដេច ស ខេង មានប្រសាសន៍ថា «ការចុះព័ត៌មានតាមការសែត ក៏ចាត់ទុកជាពាក្យបណ្ដឹងដែរ វាមិនមែនអានាមឹក ព្រោះព័ត៌មានការសែត គេមានប្រភពរបស់គេ តាម ហ្វេសប៊ុកនានា យើងដកស្រង មួយថ្ងៃបានប៉ុន្មានរឿង? ពាក់ព័ន្ធនឹងក្រសួងយើង (ក្រសួងមហាផ្ទៃ) យើងយកអាហ្នឹងមកដើម្បីឲ្យ អធិការកិច្ចធ្វើការ ឬឲ្យសមត្ថកិច្ចណាមួយ ពាក់ព័ន្ធ ធ្វើការដោះស្រាយ»។
សម្ដេចបន្ដថា ព័ត៌មានទាំងអស់ នៅតាមប្រព័ន្ធផ្សព្វផ្សាយ គឺជាពាក្យបណ្ដឹង ព្រោះបច្ចេកវិទ្យាទំនើប ដូច្នេះ ត្រូវយកព័ត៌ទាំងនោះមកដោះស្រាយ ធ្វើយ៉ាងណាឲ្យមាន ប្រសិទ្ធ។
សម្ដេចថា អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក គឺជាកិច្ចការអាទិភាពមួយដែលត្រូវរៀបចំ និងជំរុញការអនុវត្តនៅគ្រប់កម្រិតថ្នាក់នៃរដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្ដល់សេវា សាធារណៈឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនយ៉ាងឆាប់រហ័ស នូវបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។
សម្ដេចបញ្ជាក់យ៉ាងដូច្នេះថា «កុំគេច មន្ដ្រីយើងជួនអីគេច ឲ្យតែលឺរឿងនេះគេច រឿងនោះគេច គេឲ្យទទួលខុសត្រូវហើយ ទៅគេចយ៉ាងម៉េច? កុំគេច យើងជួបប្រទះបញ្ហាលំបាកច្រើនកាលណា នាំឲ្យយើងមានសមត្ថភាព ចេះដឹង យល់ដឹង មានបទពិសោធន៍យ៉ាងច្រើន»។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យមានការជំរុញការរៀបចំ និងអនុវត្តប្រព័ន្ធអេឡិចត្រូនិក ក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាបណ្ដើរៗ លើកិច្ចការសំខាន់នានា ដូចជា ទំនាក់ទំនងការងាររវាងរដ្ឋបាលនិងរដ្ឋបាល ទំនាក់ទំនងការងាររវាងរដ្ឋបាល និងប្រជាពលរដ្ឋ ការផ្ដល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍសមត្ថភាពជាដើម ៕
ដោយ ៖ អេង ប៊ូឆេង