ព័ត៌មានជាតិ

ទូតជប៉ុន ៖ ការធ្វើជំរឿនដើរ តួនាទីយ៉ាងសំខាន់ សម្រាប់អ្នកវិនិយោគជប៉ុន ស្វែងរកឱកាស វិនិយោគថ្មី នៅកម្ពុជា

ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ការធ្វើជំរឿនមាន សារៈសំខាន់សម្រាប់ជាជំនួយស្មារតី ដល់ដៃគូអភិវឌ្ឍន៍នានា ដូចជា ក្រុមហ៊ុនវិនិយោគជប៉ុន ស្វែងរកឱ កាសវិនិយោគថ្មីៗ មកកាន់កម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងផែនការ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក MIKAMI Masahiro រីករាយក្នុងការជួយជ្រោមជ្រែង និងសហការឲ្យ មានការវិនិយោគថ្មីៗទៀត ដល់កម្ពុជា។

លោកបញ្ជាក់ថា «សារៈសំខាន់នៃទិន្នន័យជាច្រើន ដែលបានមកពីការធ្វើជំរឿន រួមមាន ៖ ជំរឿនប្រជា ជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ,ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ,ជំរឿន និងអង្កេតផ្សេ ងៗទៀត ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តដើម្បីសម្រេចបាននូវប្រភពទិន្នន័យមួយ ដែលមានគុណ ភាព និងមានសារៈសំខាន់ ជាជំនួយស្មារតីដល់ដៃគូអភិវឌ្ឍន៍នានា ក៏ដូចជា ក្រុមហ៊ុនវិនិយោគរបស់ ជប៉ុន ស្វែងរកឱកាសវិនិយោគថ្មីៗទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា»។

ជាការឆ្លើយតប លោក ឆាយ ថន ក៏បានលើកឡើងថា នៅរយៈពេលដ៏ខ្លីខាងមុខ ក្រសួងផែនការ នឹងរៀបចំប្រកាសលទ្ធផលជំរឿនទូទៅ ប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ជាផ្លូវការ ហើយទិន្នន័យជំរឿននេះ គឺជាប្រភពទិន្នន័យដ៏សំខាន់ សម្រាប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងជាពិសេសក្រុមហ៊ុនវិនិយោគជប៉ុន ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។

ឆ្លៀតឱកាសនោះ រដ្ឋមន្ត្រីក្រសួងផែនការ ក៏បានថ្លែងអំណរអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល តែងតែផ្តល់ជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងស្មារតី និងស ម្ភារៈ ដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន ចំពោះសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុ ជា ដូចសព្វថ្ងៃ ជាពិសេស ក្នុងអំឡុងពេលសម័យអ៊ុនតាក់ ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ស្វែងរកសន្តិភាពនៅកម្ពុជា។

បន្ថែមពីនេះទៀត លោករដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការ ចៃកា(JICA) ក្នុងកិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយក្រសួងផែនការ ចាប់តាំងពីឆ្នាំ២០០៥ មកដល់ ដំណាច់ ឆ្នាំ២០០៥ ភាគីជប៉ុន បានចូលរួមចំណែកយ៉ាងសំខាន់ ជួយដល់ក្រសួងផែនការ រួមមាន ទាំងការបណ្តុះបណ្តាលមន្ត្រីជំនាញ ប្រមាណជាង៦០០នាក់ ,ផ្តល់នូវអគារកម្ពស់៥ជាន់ សម្រាប់ ដំណើការធ្វើជំរឿន ប្រជាជនទូទៅនៅកម្ពុជា ឆ្នាំ២០០៨ , រួមសហការគ្នាជាមួយអង្គការUNFPA ក្នុងការធ្វើជំរឿនប្រជាជន ទូទៅ នៅកម្ពុជាឆ្នាំ២០០៨ ,ការធ្វើបញ្ជីសហគ្រាសទូទាំងប្រទេសឆ្នាំ២០០៩ , ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលជាការងារជាតិ ដំបូងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមទាំង ការអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០១៣ , អង្កេតចន្លោះជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ និងជំនួយបច្ចេកទេស សម្ភារៈ ដល់មន្ទីរផែនការ នៅថ្នាក់ក្រោមជាតិ ទាំង២៥រាជធានីខេត្តផងដែរ៕

To Top