ព័ត៌មានជាតិ

មេដឹកនាំ អាស៊ាន វាយតម្លៃខ្ពស់ ចំពោះកូរ៉េ ក្នុងការជំរុញប្រកប ដោយជោគជ័យនូវ សេចក្តីប្រកាសទស្សនៈវិស័យរួម

ភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែង របស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញប្រកបដោយជោគជ័យនូវ “សេចក្តីប្រកាសទស្សនវិស័យរួម របស់ថ្នាក់ដឹកនាំសម្រាប់សន្តិភាព វិបុលភាព និងភាពជាដៃគូ” ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមនូវសាមគ្គីភាពនៅក្នុងតំបន់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន – សាធារណរដ្ឋកូរ៉េ លើក ទី ២១” បានផ្តោតកិច្ចពិភាក្សាលើ ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និង សាធារណ រដ្ឋកូរ៉េ, ការស្វែងរកដំណោះស្រាយចំពោះវិបត្តិក្នុងតំបន់ សំដៅចូលរួមទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និង ការស្តារឡើងវិញនៃស្ថានភាព សង្គម-សេដ្ឋកិច្ចនៃតំបន់ទាំង ពីរ ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញ ឲ្យប្រកបជោគជ័យនូវ “សេចក្តីប្រកាសទស្សនវិស័យរួមរបស់ថ្នាក់ដឹកនាំសម្រាប់សន្តិភាព វិបុលភាព និងភាពជាដៃគ្នា” ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមនូវសាមគ្គីភាពនៅក្នុងតំបន់
នៅក្នុងបរិបទនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ក៏បានថ្លែង អំណរគុណចំពោះ ជំនួយនៃសាធារណរដ្ឋកូរ៉េ សម្រាប់ការឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងជំនួយដទៃទៀត ដូចជា៖ជំនួយផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងការពង្រីកមូលនិធិសហប្រតិបត្តិការអាស៊ាន សាធារណរដ្ឋកូរ៉េ ជាដើម ។
លើសពីនេះទៀត ថ្នាក់ដឹកនាំ នៃប្រទេសអាស៊ាន ក៏បានគាំទ្រចំពោះ សាធារណរដ្ឋកូរ៉េ ដែលបានជំរុញ និងលើកកម្ពស់ “គោល នយោបាយភាគខាងត្បូងថ្មី ” ទៅជា “គោលនយោបាយភាគខាងត្បូងថ្មីបូក” ។

ក្នុងឱកាសនោះ លោក មូន ចេអ៊ីនប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាអនុម័ត គោលនយោបាយភាគខាងត្បូងថ្មី ក្នុងគោលដៅពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជន និង ប្រជាជននៃតំបន់ទាំងពីរ, ពង្រីកកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត , បង្កើតមូលនិធិ សហប្រតិបត្តិការតាមផ្លូវទឹក និងពង្រឹងបន្ថែមទៀតនូវស្មារតីពាណិជ្ជកម្មសេរី តាមរយៈយន្តការថ្មី និង មានស្រាប់ ដូចជា “RCEP” និង “ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន -កូរ៉េ (AKFTA)” ជាដើម។

សូមបញ្ជាក់ថា អង្គប្រជុំបានឯកភាព ក្នុង ការពង្រឹងរំហូរសេរីនៃពាណិជ្ជកម្ម និងវិនិយោគ រវាងតំបន់ទាំងពីរ សំដៅធានាដល់ចីរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់ ដែលជាកត្តាដ៏សំខាន់ ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច នៅក្នុងបរិបទនៃការងើបឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

បន្ថែមពីនេះ អង្គប្រជុំ ក៏បានស្វាគមន៍យ៉ាងរីករាយដល់ដំណើរឆ្ពោះទៅរកការបញ្ចប់ការចចារ “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP)” ដែលគ្រោងនឹងចុះហត្ថលេខា នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ខាងមុខនេះ ។ “RCEP” នេះ នឹងក្លាយជា ចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ នាអំឡុងពេលដ៏លំបាកនេះ និងនាពេលអនាគត ៕ដោយ៖ធី លីថូ

To Top