បច្ចុប្បន្នភាព
លោក អាលី រ៉ាប៊ីអី (Ali Rabiei) អ្នកនាំពាក្យរដ្ឋាភិបាល អ៊ីរ៉ង់ បានព្រមានថា កងកម្លាំងឆ្មាំបដិវត្តន៍ និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ នឹងកាច់បំបាក់ឆ្អឹងខ្នង របស់សហរដ្ឋអាមេរិក មិនអោយដើរចេញរួច ពីតំបន់មជ្ឈិមបូព៌ា នោះទេ ប្រសិនបើអាមេរិក ហ៊ានវាយប្រហារលើ ប្រទេសអ៊ីរ៉ង់ ទៅតាមការការចង់ បានរបស់ប្រធានាធិបតី ជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ ។
លោក អាលី រ៉ាប៊ីអី បានព្រមានបន្ថែមថា រហូតដល់ចុងឆ្នាំ២០២០នេះ អ៊ីរ៉ង់មិនមែនជាប្រទេសអាហ្វហ្កានិស្ថាន និងអ៊ីរ៉ាក់ កាលពីជិត២០ឆ្នាំមុននោះទេ ដែលកាលនោះ អាមេរិកអាចវាយប្រហារលើប្រទេសទាំងពីរបានតាមអំពើចិត្ត ដោយសារតែអាហ្វហ្កានិស្ថាន និងអ៊ីរ៉ាក់មានទំនើបកម្មផ្នែកយោធាទន់ខ្សោយ ប៉ុន្តែពេលនេះ អ៊ីរ៉ង់មិនមែនជាប្រទេសរងគ្រោះទាំងពីរទេ ។
លោក អាលី រ៉ាប៊ីអី បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់ មានសមត្ថភាព ខាងកងកម្លាំងយោធា គ្រប់គ្រាន់ និងមានទំនើបកម្ម លើវិស័យការពារជាតិ គ្រប់គ្រាន់ដែរ ដើម្បីប្រយុទ្ធតតាំង ជាមួយសហរដ្ឋអាមេរិក និងជាមួយសត្រូវ ផ្សេងទៀត ទាំងក្នុង និងក្រៅតំបន់ ដែលមានបំណង ឈ្លានពានអ៊ីរ៉ង់ នៅពេលខាងមុខ ។
សូមបញ្ជាក់ជូនថា ការព្រមានរបស់លោក អាលី រ៉ាប៊ីអី ត្រូវបានធ្វើឡើងក្រោយពីប្រព័ន្ធផ្សព្វផ្សាយ New York Times បានចុះផ្សាយពីប្រធានាធិបតី ជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានស្នើអោយ កងកម្លាំងយោធារបស់ខ្លួន បើកការវាយប្រហារ លើមជ្ឈមណ្ឌលនុយក្លេអ៊ែរ មួយចំនួន របស់ប្រទេសអ៊ីរ៉ង់ ។ New York Times បានចុះផ្សាយកាលពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកានេះថា លោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំ ជាមួយ ក្រុមទីប្រឹក្សាសំខាន់ៗ ក្នុងការិយាល័យរបស់លោក ដូចជាលោក Mike Pompeo រដ្ឋមន្ត្រីការបរទេស លោក Christopher Miller រដ្ឋមន្ត្រីការពារជាតិថ្មី និងលោក Mark Milley មេបញ្ជាការកងទ័ព កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកាដដែលនេះ ។
បើតាម New York Times ក្រុមទីប្រឹក្សាបាន រារាំងលោក ត្រាំ មិនអោយបើកការ វាយប្រហារលើប្រទេសអ៊ីរ៉ង់ ដោយសារមានក្តីបារម្ភ ពីហានិភ័យ ដែលអាចបង្កចេញនូវជម្លោះ រីករាលដាល ទ្រង់ទ្រាយធំនៅក្នុងតំបន់មជ្ឈិមបូព៌ា និងមិនអាចគ្រប់គ្រង បាននៅពេលខាងមុខ ដែលនាំអោយប៉ះពាល់ដល់ ផលប្រយោជន៍ របស់សហរដ្ឋអាមេរិក ។ នៅទីបំផុត លោក ត្រាំ បានស្តាប់យោបល់ របស់ក្រុមទីប្រឹក្សា និងបានដកខ្លួនថយវិញ ដោយមិនសម្រេចចិត្ត វាយប្រហារលើប្រទេសអ៊ីរ៉ង់ទេ ហើយការដែលលោក ត្រាំ បានបើកកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សា និងពិចារណាពីការវាយប្រហារលើ ទីតាំងនុយក្លេអ៊ែរ សំខាន់ៗ របស់ប្រទេសអ៊ីរ៉ង់ គឺដោយសារអ៊ីរ៉ង់ នៅតែបន្តផលិត អាវុធនុយក្លេអ៊ែរ ។
ទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA) បានចេញផ្សាយរបាយការណ៍មួយ ដែលបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ កំពុងបន្តបង្កើន ការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងបរិមាណមួយ លើសពីការកំណត់ នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាច ពិភពលោក៥+១ កាលពីឆ្នាំ ២០១៥ ។
មជ្ឈមណ្ឌល នុយក្លេអ៊ែរ អ៊ីរ៉ង់ ដែលលោក ត្រាំ ចង់វាយប្រហារ គឺមជ្ឈមណ្ឌល Natanz និងទីតាំងផ្សេងទៀត ដែលក្នុងរយៈពេលជាង៤ឆ្នាំ នៃការកាន់អំណាចរបស់លោក ត្រាំ អាមេរិកបានប្រើនយោបាយ ដាក់សម្ពាធអតិបរមា លើអ៊ីរ៉ង់ក្នុងគោលដៅ ទប់ស្កាត់មហិច្ឆិតា ផលិតអាវុធនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ប៉ុន្តែនៅតែមានបញ្ហា ។
សូមរំលឹកជូនថា កាលពីឆ្នាំ២០១៨ លោក ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខាដោយមហាអំណាច៥+១មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស និងប្រទេសអាល្លឺម៉ង់ រួមទាំងប្រទេសអ៊ីរ៉ង់ ប៉ុន្តែអាមេរិកបានដកខ្លួនចេញ តែម្នាក់ឯង និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច គ្រប់បែបយ៉ាងលើអ៊ីរ៉ង់ ក្នុងបំណងបង្ខំ អ៊ីរ៉ង់ អោយចូលតុចរចាស្វែងរក កិច្ចព្រមព្រៀង ថ្មីមួយទៀត ដែលមានខ្លឹមសារ គ្រប់ជ្រុងជ្រោយ ។
ដើមចមនាំ អោយកើតរឿង
ដើមចមដែលនាំ អោយប្រធានាធិបតី ជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើកងកម្លាំងយោធារបស់ខ្លួន អោយបើកការវាយប្រហារ លើមជ្ឈមណ្ឌល នុយក្លេអ៊ែរ មួយចំនួន របស់ប្រទេសអ៊ីរ៉ង់ គឺដោយសារអ៊ីរ៉ង់ នៅតែបំពានសន្ធិសញ្ញា មិនសាយភាយ អាវុធនុយក្លេអ៊ែរ ដោយនៅតែចម្រើន សារធាតុអ៊ុយរ៉ានីញ៉ូម ។
សហរដ្ឋអាមេរិក មិនចង់ឃើញប្រទេសអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរទេ ដោយសារអ៊ីរ៉ង់គឺជាសត្រូវរបស់ខ្លួន និងជាប្រទេសមានឥទ្ធិពល ខ្លាំងក្នុងតំបន់ ហើយបើអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ ប្រទេសនេះនឹងគម្រាមកំហែង អាមេរិកខ្លាំងជាងគេ ដែលអាមេរិកអាចនឹង មានគ្រោះថ្នាក់ នៅពេលខាងមុខ ដោយសារអាវុធ នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ។
មូលហេតុមួយទៀត ដែលនាំអោយលោក ត្រាំ មានបំណងចង់វាយប្រហារលើប្រទេសអ៊ីរ៉ង់ គឺដោយសារអ៊ីរ៉ង់បង្កើនឥទ្ធិពលកាន់តែខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការដាក់ពង្រាយ ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន នៅក្នុងប្រទេសនានា ក្នុងតំបន់ ក្នុងគោលដៅពង្រឹងអំណាច ទប់ទល់ជាមួយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ។ នៅពេលបច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់បានគាំទ្រ ដល់ក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសស៊ីរី ក្រុមឧទ្ទាមហេស្បូឡា នៅប្រទេសលីបង់ ក្រុមអ៊ីស្លាម និយមហាម៉ាស់ នៅប៉ាឡេស្ទីន ក្រុមសកម្មប្រយុទ្ធ នៅប្រទេសអ៊ីរ៉ាក់ និងគាំទ្រដល់ពួកឧទ្ទាម ហ៊ូទី នៅប្រទេសយេមែន ដែលជាជំហរប្រឆាំង ឥទ្ធិពលរបស់សហរដ្ឋអាមេរិក ៕
អ៊ី ជិន