ព័ត៌មានជាតិ

គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» គ្រាប់ពូជដើម្បីជីវិត ភ្ជាប់ជាមួយនឹងក្តីស្រលាញ់ដ៏ជ្រាលជ្រៅ នៃប្រជាជនខ្មែរដើម្បីប្រជាជន ក្នុងគ្រាមានអាសន្ន

បាត់ដំបង៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការចុះចែក គ្រាប់ពូជបន្លែស្តាជីវភាព ជូនដល់ប្រជាកសិករដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១៦៣១ គ្រួសារនៅ ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ងួន រតនះ អភិបាល នៃគណអភិបាល ខេត្តបាត់ដំបង និង លោកឧកញ៉ា ឡេង សុគា ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តជាតិកម្ពុជា Junior Chamber International (JCI) – Cambodia។

“គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» #គ្រាប់ពូជដើម្បីជីវិត គឺបានផ្សារភ្ជាប់ជាមួយនឹងក្តីស្រលាញ់ ដ៏ជ្រាលជ្រៅនៃប្រជាជនខ្មែរ ដើម្បីប្រជាជនខ្មែរ ក្នុងគ្រាមានអាសន្ន!” នេះគឺជាការលើកឡើងរបស់ លោកឧកញ៉ា ឡេង សុគា ក្នុងឧិកាសចុះចែកកញ្ចប់ពូជបន្លែផ្ទាល់ដល់ប្រជាកសិករ។ លោកឧកញ៉ា ក៏បាន បន្ថែមថាទៀតថា “សមាជិក សមាជិកា នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាទាំង៧សាខា បានបង្ហាញពី ស្មារតីសាមគ្គីយ៉ាងខ្លាំងក្លា ដែលត្រឹម២ថ្ងៃ គម្រោងនេះ បានសម្រេចគោលដៅ រៃអង្គាស៥០%។ សកម្មភាពយើង ក៏បានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាង១លាននាក់ តាមរយៈការចែក រំលែកតៗគ្នាលើបណ្តាញសង្គម និងសារព័ត៌មាននានា។
ថ្លែងនាឧិកាសនោះដែរ លោក ងួន រតនះ ក៏បានផ្តល់ចំណាប់អារម្មណ៍យ៉ាងដូច្នេះថា “ស្មារតីរួបរួមគ្នា ក្នុងគ្រានេះ គឺបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាចេះចែករំលែកគ្នារស់ និងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការ អភិវឌ្ឍ។ ខុសពីពេលមុន ដែលយើងដណ្តើមគ្នារស់”។

សូមបញ្ជាក់ថា គម្រោងនេះបានជ្រើសរើសពូជ បន្លែអទិភាពចំនួនប្រាំពីរមុខ ដែលសមស្របទៅតាម ទីផ្សារ និងលទ្ធភាពបច្ចេកទេសរបស់កសិករ រួមមាន ត្រសក់ សណ្តែកគួរ ត្រឡាច ត្រកួន ស្ពៃជើងទារ ស្ពៃចង្កឹះ និងស្ពៃក្រញា៉ញ់ ចែកជូនដល់ប្រជាកសិករចំនួន ១៦៣១ គ្រួសារ មកកពីស្រុកចំនួន ៤ ដូចជា ស្រុកគាស់ក្រឡ ស្រុករតនមណ្ឌល ស្រុកបាណន់ និងស្រុកសំឡូត នៃខេត្តបាត់ដំបង ដែលដំណាំរបស់គាត់ត្រូវបាន បំផ្លិចបំផ្លាញដោយ ទឹកជំនន់នាពេលកន្លងទៅ នេះ។ ការចែកជូនពូជ បន្លែនេះត្រូវបានរំពឹងថាអាចជួយ ដោះស្រាយបញ្ហាជីវភាព កាត់បន្ថយចំនាយ កាត់បន្ថយចំណាកស្រុក បង្កើតការងារ ចរន្តផលិតកម្ម និង សេដ្ឋកិច្ចក្នុង សហគមន៏ជាដើម។

គម្រោង «កញ្ចប់១ ក្តីស្រលាញ់១» ដំណាក់កាលទី៣ ក្រោមអត្ថន័យ “គ្រប់ពូជដើម្បីជីវិត” គឺត្រូវបាន ផ្តួចផ្តើមឡើងដោយសភាយុវពាណិជ្ជករអន្តជាតិកម្ពុជាដោយមាន ការសហការគាំទ្រជាពិសេសពីសំណាក់ សហព័ន្ធ ស្រូវអង្ករកម្ពុជា ក្រោមការសម្របសម្រួលផ្ទាល់ពី លោកឧកញ៉ា ច្រាយ សុន អនុប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹង មន្ទីរ និងការិយាល័យកសិកម្ម ក៏ដូចជា រដ្ឋបាលស្រុកខេត្តបាត់ដំបង។

ដោយឡែក លោក លី ឧត្តម ដែលជាអនុប្រធានគម្រោង នៅក្នុងឧិកាសបង្ហាញពីខ្លឹមសារគម្រោង ក៏បាន ថ្លែងអំណរគុណ ដល់សប្បុរសជន ក្រុមហ៊ុនឧបត្ថម្ភធំ ដូចជា ក្រុមហ៊ុន Smart Cambodia, Canadia Bank, Sathapana Bank, និងក្រុមហ៊ុន Chan H uo y ក៏ដូចជាដៃគូសហការណ៍ឧបត្ថម្ភជាច្រើនផ្សេងទៀត ដែលតែងតែ ចូលរួមជាមួយ JCI Cambodia ក្នុងការធ្វើអោយមានការអភិវឌ្ឍជាវិជ្ជមាននៅកម្ពុជា តាមរយះគម្រោងជាច្រើនរាប់មិនអស់។

សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាអង្គការអន្តរជាតិមិនស្វែងរក ប្រាក់ចំណេញ មួយដែលប្រមូលផ្តុំដោយពាណិជ្ជករ និងអ្នកដឹកនាំវ័យក្មេង មានអាយុចាប់ពី ១៨ឆ្នាំដល់៤០ឆ្នាំ ដែលមានឆន្ទះ និងស្ម័គ្រចិត្តចូលរួមដោះស្រាយ អភិវឌ្ឍ និងបង្កើតនូវ ផលវិជ្ជមានជាច្រើននៅក្នុងសង្គម។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខទូរស័ព្ទលេខាធិការ៖ 093 333 000 ឬចូលទៅកាន់ហ្វេសប៊ុក JCI Cambodia៕

To Top