ស្ថានភាពជំនន់ទឹកភ្លៀង

មីជាតិ ពាំនាំសម្ភារៈបច្ចេកទេស និងស្បៀងអាហារ ជូនកងកម្លាំង សង្គ្រោះទឹកជំនន់

ភ្នំពេញ ៖ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានពាំនាំនូវសម្ភារៈសង្គ្រោះ ថ្នាំសង្កូវ សម្ភារៈបច្ចេកទេស និងស្បៀងអាហារជាច្រើន ជូនដល់កងកម្លាំងសង្គ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ដែលឈរជើងក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក ហុង សុវណ្ណ តំណាងក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានមានប្រសាសន៍ថា «ដោយមើលឃើញពីតម្រូវការចាំបាច់ របស់កងកម្លាំងសង្គ្រោះ មីជាតិ បានរៀបចំបន្ទាន់ នូវសម្ភារៈបច្ចេកទេស និងស្បៀងអាហារជាច្រើន ដើម្បីចូលរួមសម្រួលដល់ប្រតិបត្តិការសង្គ្រោះ របស់កងកម្លាំង ក្នុងស្ថានភាពគ្រោះជំនន់ទឹកភ្លៀងដ៏រហ័សនាពេលបច្ចុប្បន្ននេះ» ។
លោកតំណាងក្រុមហ៊ុន បានបន្ដថា «អំណោយទាំងនេះ គឺកើតចេញពីមូលនិធីមីជាតិ ដែលទទួលបានពីការគាំទ្រ ពីអតិថិជន និងការលើកទឹកចិត្តយ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលកម្ពុជា គឺមានន័យថា ក្រុមហ៊ុនបានដកយកថវិកាមួយផ្នែក ដែលបានពីការលក់មីជាតិ ដើម្បីចូលរួមជាមួយសង្គម ក្រោមគោលការណ៍ «ខ្មែរ ដើម្បីខ្មែរ» ។

សកម្មភាពរបស់មីជាតិ នៅថ្ងៃនេះមិនមែនជាលើកទី១ទេ ដែលមីជាតិ ចូលរួមក្នុងសកម្មភាពសង្គម ដែលកន្លងមកមីជាតិ ក៏ធ្លាប់បានរៀបចំសកម្មភាពជាច្រើន ដូចជាការផ្តល់អំណោយសប្បុរសធម៌ ដល់ប្រជាជនក្រីក្រក្នុងរាជធានី ខេត្ត និងការឧបត្ថម្ភបរិច្ចាគ ទៅឲ្យកម្មវិធីសប្បុរធម៌នានាផងដែរ ។

ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការអង្គភាពសង្គ្រោះ៧១១ ដែលកំពុងមានវត្តមាន នៅកន្លែងសង្គ្រោះបានមានប្រសាសន៍ថា «ការផ្តល់ជូនសម្ភារៈបច្ចេកទេស ទូកសង្គ្រោះ គ្រឿងឧបភោគ បរិភោគរបស់ ក្រុមហ៊ុនមីជាតិនេះ គឺជាកាយវិការសប្បុរសធម៌ដ៏ប្រពៃ ដែលបង្ហាញពីការយកចិត្តទុកដាក់ របស់វិស័យឯកជន ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលតម្រូវការ ចំពោះមុខរបស់កងកម្លាំង ដែលកំពុងប្រតិបត្តិការ សង្គ្រោះប្រជាពលរដ្ឋ រងផលប៉ះពាល់ពីការជន់លិច ដោយសារជំនន់ទឹកភ្លៀង ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានឧបត្ថម្ភជាសម្ភារៈចំបាច់ សម្រាប់ក្រុមប្រតិបត្តិការសង្គ្រោះ រួមមាន ទូក អាវភ្លៀង អង្រឹង ពិល ថ្នាំសង្កូវរាប់រយបន្ទះ មីជាតិ ទឹកពិសាវីតាល់ និងគ្រឿងឧបភោគ បរិភោគជាច្រើនកញ្ចប់ ជូនដល់កងកម្លាំង ដែលឈរជើង ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មីជាតិ ជឿជាក់ថា សកម្មភាពសប្បុរសធម៌នេះ នឹងបានរួមចំណែកសម្រាលការលំបាក របស់កងកម្លាំង ដែលកំពុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកនេះ ៕

To Top