ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានរៀបចំពិធីបើក “ពិព័រណ៍អប់រំ និងសមិទ្ធផលស្រាវជ្រាវ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឆ្នាំ២០១៩” នៅសាលសន្និសីទអគារមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាពលោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។
យោងតាមមតិចំណាប់អារម្មណ៍ ស្វាគមន៍ក្នុងកម្មវិធីបើក របស់លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឱ្យដឹងថា ពិព័រណ៍អប់រំ និងសមិទ្ធផលស្រាវជ្រាវ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នេះ គឺនឹងដាក់តាំងបង្ហាញរយៈពេលបីខែ ពីសេវាកម្មអប់រំ សមិទ្ធផលនានា ដែលកើតចេញពីស្នាដៃបុគ្គលិក សាស្រ្តាចារ្យ និស្សិត ជាពិសេស បង្ហាញពីការគ្រប់គ្រង និងផ្តល់ សេវាកម្មអប់រំតាមបែប Digital ស្របទៅនឹងសម័យកាលឧស្សាហកម្មទី៤ ជូនដល់សាស្រ្តាចារ្យ និស្សិត និងសាធារណជនទូទៅដើម្បីជ្រាប ក៏ដូចជា ដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសជំនាញ ក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងថ្នាក់វិជ្ជាជីវៈនានា។
លោកបានបន្តទៀតថា ការរៀបចំពិព័រណ៍នេះមានគោលបំណង៖
១-ចូលរួមអបអរសាទរលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងស្វាគមន៍និស្សិត ក្នុងឆ្នាំសិក្សាថ្មី
២-ផ្សព្វផ្សាយពីសក្ដានុពល ផ្នែកឧត្ដមសិក្សា ជំរុញនិងលើកទឹកចិត្តដល់ការស្រាវជ្រាវ តាមរយៈការដាក់តាំងបង្ហាញ ពីសមិទ្ធផលស្រាវជ្រាវ របស់និស្សិត បុគ្គលិក និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាពិសេសផ្សព្វផ្សាយពីចក្ខុវិស័យ បេសកកម្ម គោលដៅ ផែនការយុទ្ធសាស្រ្ត របស់សាកលវិទ្យាល័យ និងមហាវិទ្យាល័យ សម្ភាររូបវន្ត និងកម្មវិធី បណ្តុះបណ្តាលជូនដល់និស្សិត និងសាធារណជន
៣-ចង់ឱ្យយុវជន សិស្ស-និស្សិត ទទួលបានការយល់ដឹងពីសេវាកម្មបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ មុននឹងសម្រេចចិត្តជ្រើសរើសជំនាញ ឯកទេសណាមួយ
៤-លើកទឹកចិត្តយុវជនកម្ពុជា ខិតខំអភិវឌ្ឍន៍ជំនាញរបស់ខ្លួន ឱ្យស្របតាមទីផ្សារការងារ គោលនយោបាយ របស់រាជរដ្ឋាភិបាល និងជាពិសេសភាពរីកចម្រើនយ៉ាងខ្លាំង នៃសេដ្ឋកិច្ចជាតិផង
៥-បង្កើនការទំនាក់ទំនង ដើម្បីស្វែងរកដៃគូសហការ ចែករំលែកព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ជំនាញនាពេលបច្ចុប្បន្ន និងអនាគត។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលនានាដែលកើតចេញពីស្នាដៃបុគ្គលិក សាស្រ្តាចារ្យ និស្សិត ជាពិសេសបង្ហាញពីការគ្រប់គ្រង និងផ្តល់សេវាកម្មអប់រំតាមបែប Digital ស្របទៅនឹងសម័យកាលឧស្សាហកម្មទី៤ ដែលលទ្ធផលស្រាវជ្រាវទាំងអស់នោះមានដូចជា៖ ប្រព័ន្ធសម្គាល់ផ្ទៃមុខ (Facial Recognition System) ផ្ទះឆ្លាតវៃ (Smart Home) ការប្រើប្រាស់ឯកសាររួមគ្នា (File Collaboration) កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរស័ព្ទបញ្ជូនតាមអ៊ីនធឺណិត (VoIP) ឧបករណ៍ភ្ជាប់បណ្តាញកុំព្យូទ័រ Routing and Switching ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System) ដែលមានសរុប ១១គម្រោង។ ក្រៅពីសមិទ្ធផលស្រាវជ្រាវទាំងអស់នេះ តាមបន្ទប់អនុវត្តន៍ទាំងអស់មានដូចជា សវនាការនិមិត្ត បន្ទប់អនុវត្តន៍សណ្ឋាគារ បន្ទប់អនុវត្តន៍ធនាគារ បន្ទប់អនុវត្តន៍ផ្នែកម្ហូបអាហារ និងភេសជ្ជៈ និងទីតាំងផ្សេងទៀតរបស់មហាវិទ្យាល័យ បណ្ណាល័យ ការិយាល័យនីមួយៗ ជាពិសេស ផ្នែកខាងកីឡា ក៏មានរៀបចំឱ្យមានការអនុវត្ត ដាក់បង្ហាញនូវកម្មវិធីសិក្សាសមិទ្ធផលស្រាវជ្រាវផ្សេងៗ របស់ខ្លួន ជូនដល់ លោកគណៈអធិបតី សិស្ស និស្សិត ព្រមទាំងសាធារណជន បានទស្សនា និងស្វែងយល់ផងដែរ ។
ស្ថិតក្នុងឱកាសនោះ លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលធ្វើឱ្យសម្រេចបាននូវលទ្ធផលស្នាដៃដ៏ល្អប្រសើរនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ បង្រៀន ការសិក្សាស្រាវជ្រាវ និងសកម្មភាពនានាជាច្រើនទៀត ដែលពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្សនេះ។
លោកបានគូសបញ្ជាក់ថា វិស័យអប់រំរបស់ប្រទេសកម្ពុជាយើងបានសម្រេចនូវវឌ្ឍនភាពជាច្រើន ជាក់ស្តែងការលើកកម្ពស់វិស័យអប់រំនូវគ្រប់កម្រិត មានទាំងគោលនយោបាយ ការបណ្តុះបណ្តាលគ្រូនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល និងនៅតាមគ្រឹះស្ថានសិក្សា ក្រៅពីនេះមានកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត ការស្រាវជ្រាវ គម្រោងអប់រំតាមបែបឌីជីថល សុទ្ធសឹងជាសូចនាករជាក់ស្តែងដែលបញ្ជាក់ពីកំណែទម្រង់ការអប់រំ។ ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាមានការអប់រំបែបឌីជីថល ។
ការអប់រំបែបឌីជីថលមានគោលដៅប្រើប្រាស់បច្ចេកវិទ្យាដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមក្នុង បរិបទបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតទីក្រុងវ័យឆ្លាត។ យុវជនត្រូវមានចំណេះដឹងទាំងបច្ចេកវិទ្យា ចេះស្រាវជ្រាវ ចេះដោះស្រាយបញ្ហា មានភាពជាអ្នកដឹកនាំ និងមានជំនាញទន់ (Soft Skill)។ ដំណើរឆ្ពោះទៅរកការអប់រំបែបឌីជីថលទាមទារជាចាំបាច់នូវគ្រូបង្រៀន និងបុគ្គលិកអប់រំប្រកបដោយសមត្ថភាព ការតាំងចិត្តមុះមុត និងការបន្តគាំទ្រដល់សិស្សានុសិស្សតាមគ្រប់រូបភាព។
ទីបញ្ចប់លោកគណៈអធិបតីក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទាំងអស់ ជាពិសេសដៃគូអភិវឌ្ឍន៍ ដែលបានមកសហការ ក្នុងការជួយកសាងធនធានមនុស្សជាមួយរាជ រដ្ឋាភិបាល ក្រសួងអប់រំយុវជន និងកីឡាឱ្យមានភាពរីកចម្រើន ។
លោកបានសង្កត់ធ្ងន់ថា ការដាក់តាំងបង្ហាញពិព័រណ៍អប់រំនេះ ពិតជាបានជួយដល់ការលើកទឹកចិត្ត ដល់អ្នករៀបចំ ស្រាវជ្រាវ និងផ្តល់ភាពងាយស្រួល ដល់និស្សិតក្នុង ការសម្រេចចិត្តជ្រើសរើសជំនាញ និងជួយបំពេញជំនាញផ្នែកទន់ដល់និស្សិត ដែលបានធ្វើការស្រាវជ្រាវជាក្រុមផងដែរ ។ បន្ទាប់ពីបានដើរទស្សនា តាមបន្ទប់អនុវត្តន៍ និងការិយាល័យនីមួយៗរួចមក លោកគណៈអធិបតីក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឱ្យកើតចេញជាសមិទ្ធផល ដូចដែលនឹងបង្ហាញជូនក្នុងថ្ងៃនេះ ជាពិសេសខាងផ្នែកបច្ចេកវិទ្យា ហើយលោកក៏បានផ្តាំផ្ញើឱ្យសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បន្តពង្រឹងកិច្ចសហការជាមួយដៃគូរបស់ខ្លួនក្នុងការ អភិវឌ្ឍន៍កម្មវិធីសិក្សា ពង្រឹងសមត្ថភាពបុគ្គលិក រចនាសម្ព័ន្ធ និងអភិបាលកិច្ច ទំនាក់ទំនងជាមួយគ្រឹះស្ថានជាតិ និងអន្តរជាតិ និងស្រាវជ្រាវអ្វីដែលថ្មីៗទាន់សម័យ ជាពិសេសផ្នែកបច្ចេកវិទ្យា ដើម្បីផ្ទេរ និងផ្តល់ជូនដល់និស្សិត ទាំងអស់បានទទួលយកសម្រាប់អាជីព ការងាររបស់ពួកគេនាពេល អនាគត។
គួរបញ្ជាក់ផងដែរថា សមិទ្ធផលស្រាវជ្រាវផ្នែកបច្ចេកវិទ្យាទាំងអស់ខាងលើនេះ ក្រៅពីរៀបចំសម្រាប់ប្រើប្រាស់ ក្នុងសាកលវិទ្យាល័យ ក៏មានរៀបចំសម្រាប់អង្គការ ស្ថាប័នរដ្ឋ ឯកជន និងក្រុមហ៊ុនផ្សេងៗទៅតាមតម្រូវការផងដែរ ។ ស្ថិតក្នុងឱកាសនោះផងដែរ បន្ទប់អនុវត្តន៍ជំនាញធនាគារ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមកិច្ចសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ក៏ត្រូវបានសម្ពោធដាក់ឱ្យនិស្សិត អនុវត្តន៍ចាប់ពីពេលនេះតទៅ ៕