រូបភាពស្រាបៀរកម្ពុជា កំប៉ុងថ្មីដ៏ឡូយទាន់សម័យ បានបែកធ្លាយមុនថ្ងៃកំណត់ រាប់សិបប៉ុស្តិ៍ តាមរយៈការថតរូបបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក របស់បុគ្គលិកក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជាផ្ទាល់។
ការបែកធ្លាយនេះកើតឡើង ក្រោយពីក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា បានរៀបចំពិធីអបអរសាទរ គម្រប់ខួប១០ឆ្នាំរបស់ខ្លួន នៅព្រឹកថ្ងៃទី២ ធ្នូ និងបើកបង្ហាញរូបរាងដ៏ឡូយថ្មី នៃការវេចខ្ចប់ កំប៉ុងស្រាបៀរកម្ពុជា ដើម្បីឱ្យបុគ្គលិក មានភាពភ្ញាក់ផ្អើល ជាមួយរចនាបថថ្មី ដ៏ស្រស់ស្អាតនោះ។ ប៉ុន្តែដោយការជក់ចិត្តស្រឡាញ់ ហើយទ្រាំទប់ចិត្តមិនបាន ចង់បង្ហាញនូវរូបរាងថ្មីនេះ បុគ្គលិកក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា បានបង្ហោះរូបពួកគេ អមជាមួយនឹងរូបកំប៉ុងថ្មី ដែលតាមការពិតទៅ ក្រុមហ៊ុនស្រាបៀរកម្ពុជា ចង់ធ្វើឱ្យសាធារណជន មានការភ្ញាក់ផ្អើល នៅថ្ងៃទី៣ ធ្នូទៅវិញទេ។
សូម្បីតែលោក ម៉ៃឃើល សុវណ្ណ ដែលគេស្គាល់ថា ជាប្រធានផ្នែករៀបចំកម្មវិធី និង ទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ទប់ចិត្តមិនបាន ហើយបង្ហាញឱ្យឃើញរូបលោក ជាមួយនឹងកំប៉ុងស្រាបៀរកម្ពុជាថ្មី ដោយទឹកមុខញញឹម និងសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា “រំភើបពេក អាថ៌កំបាំងត្រូវបានទម្លាយ ហើយនេះជារូបរាងថ្មី របស់ស្រាបៀរកម្ពុជា! Cheers! ។”
យ៉ាងណាក៏ដោយ ការប្រកាសសម្ពោធរូបរាងថ្មី ជាផ្លូវការរបស់ស្រាបៀរកម្ពុជា នៅតែបន្តធ្វើតាមកាលកំណត់ដដែល គឺនៅថ្ងៃទី៣ ធ្នូ ស្អែកនេះ៕