CREATOR ដែលជាគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ គ្រោងនឹងរៀបចំកម្មវិធីធំមួយ ដែលជាការជួបជុំអ្នកនិពន្ធស្ត្រីដំបូងគេនៅកម្ពុជា។ កម្មវិធីដែលគ្រោងធ្វើនៅចុងខែកុម្ភៈនេះ ត្រូវបានប្រសិទ្ធិនាមថា “ប៉ាកកានារី” និងមានការចូលរួមពីវាគ្មិនអ្នកនិពន្ធស្ត្រីចំនួន ១១ រូប និង អ្នកចូលរួមប្រមាណ ៣០០នាក់។
កញ្ញា គឹម ឌីណា ដែលជាអ្នករៀបចំកម្មវិធី “ប៉ាកកានារី” បានឱ្យដឹងថា ជំនួបនេះធ្វើឡើងក្រោមពាក្យស្លោក “សំណេរនាង សំនៀងសង្គម”។ កញ្ញាឱ្យដឹងទៀតថា កម្មវិធីនេះមានគោលបំណង អបអរសាទរទិវាអន្តរជាតិនារី៨ មីនាឆ្នាំ២០២០ រឹតចំណងសាមគ្គីភាពរវាងអ្នកនិពន្ធស្ត្រីនិងអ្នកអាន ជំរុញ និងលើកទឹកចិត្តអ្នកអាន ជាពិសេសស្ត្រី និងក្មេងស្រីតាមរយៈការតែងនិពន្ធ។ កម្មវិធីនេះ នឹងមានការចែករំលែកបទពិសោធផ្សេងៗគ្នា នៅជុំវិញការតែងនិពន្ធ ឱកាស ឧបសគ្គ ផងដែរ។
ទាក់ទងនឹងបុព្វហេតុ ដែលនាំឱ្យមានការបង្កើត កម្មវិធីនេះឡើង កញ្ញា គឹម ឌីណា ដែលជាសហស្ថាបនិករបស់គ្រឹះ ស្ថានបោះពុម្ព និងចែកផ្សាយ CREATOR ដែលនោះ យល់ឃើញថា ការតែងនិពន្ធមិនមែនជាអាជីពដែលគេចាប់អារម្មណ៍នោះទេ។ វាគ្រាន់តែជាការងារដើម្បីរកប្រាក់ចំណូលបន្ថែម ឬដោយការស្រលាញ់តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ ឌីណាសង្កេតឃើញថា មនុស្សមួយចំនួនមិនសូវឱ្យតម្លៃអ្នកនិពន្ធក្នុងការអភិវឌ្ឍសង្គមជាតិនោះទេ។ ជួនកាល អ្នកនិពន្ធខ្លួនឯងក៏អស់សង្ឃឹមក្នុងការតែងនិពន្ធផងដែរ។
សហស្ថាបនិករបស់ CREATOR រូបនេះ បន្តទៀតថា៖ “ទោះយ៉ាងនេះក្តី យើងសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកស្រលាញ់សៀវភៅ និង អ្នកចូលចិត្តអាន បានកើនឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះ ទើបគ្រឹះស្ថានបោះពុម្ពផ្សាយ CREATOR គិតឃើញថា យើងគួរតែយកចិត្តទុកដាក់នឹងអ្នកនិពន្ធ ពិសេសអ្នកនិពន្ធស្ត្រី។ ហេតុអ្វីចាំបាច់រកចិត្តទុកដាក់នឹងអ្នកនិពន្ធស្រ្តី? CREATOR មើលឃើញសក្តានុពលដ៏ខ្លាំងក្លាក្នុងចំណោមអ្នកនិពន្ធស្ត្រី ហើយយើងជឿជាក់ថា ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការតែងនិពន្ធឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដោយភាពទន់ភ្លន់ ក្នុងសង្គមរបស់យើង។ CREATOR ជឿជាក់ថានៅពេលដែលអ្នកនិពន្ធស្រ្តីធ្វើការរួមគ្នា ពួកគេអាចចែករំលែកបទពិសោធផែ្នកតែងនិពន្ធ ស្វែងរកមធ្យោបាយលើកកម្ពស់ស្ត្រី និង អប់រំយុវជនជំនាន់ក្រោយបានល្អ” ។
កញ្ញា គឹម ឌីណា បញ្ជាក់បន្ថែមទៀតថា ទោះយ៉ាងណាក៏ដោយ ភាពជោគជ័យរបស់អ្នកនិពន្ធស្ត្រី មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់បុរស និង ស្ថាប័នពាក់ព័ន្ធនោះទេ។ ហេតុដូច្នេះហើយ ទើបកម្មវិធីយើងក៏បានអញ្ជើញអ្នក និពន្ធជាបុរស និង បុរសផ្សេងៗទៀត ចូលរួមក្នុងកម្មវិធីដើម្បីស្តាប់ការលើកឡើង និង ឈ្វេងយល់ពីអ្នកនិពន្ធស្ត្រីផងដែរ។
សូមបញ្ជាក់ថា កម្មវិធី “ប៉ាកកានារី៖ សំណេរនាង សំនៀងសង្គម” នឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ១រសៀល ដល់ ៥ល្ងាច នៅ សាកលវិទ្យាល័យបផារ៉ាហ្កន (អតីតសាកលវិទ្យាហ្សាម៉ាន់)។ កម្មវិធី នេះអាចចូលរួមដោយសេរី។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើទំនាក់ទំនង តាមរយៈលេខ 012 610 550 ឬ 015 79 10 72 និង 098 694 119 ៕