អត្ថបទ

ក្រុមហ៊ុន TADA ផ្ដល់សេវា ដឹកជញ្ជូនឥតគិតថ្លៃ ១ខែ ជាជំនួយ ដល់អាជីវករ ក្នុងការរក្សា​ ទំនាក់ទំនង និងផ្គត់ផ្គង់សេវាកម្ម ដល់អតិថិជន

ភ្នំពេញ៖ នៅខណៈដែលប្រទេសកម្ពុជា កំពុងខិតខំទប់ស្កាត់ការរាតត្បាត នៃវីរុសកូវីដ-១៩ អាជីវកម្មលក់ដូរទាំងឡាយ ក៏ប្រែជាស្ងាត់ជ្រងំ ដោយហេតុថា អតិថិជនជាទូទៅ កំពុងអនុវត្តវិធានការរក្សាគម្លាតពីសង្គម។

ក្នុងនោះផងដែរ អាជីវកម្មតូចៗ ដែលត្រូវបានអនុញ្ញាត ឱ្យបន្តដំណើរការអាជីវកម្ម ជាធម្មតានោះ ក៏កំពុងប្រឈមនឹងការលំបាក ច្រើនណាស់ដែរ ក្នុងការរក្សាទំនាក់ទំនង និងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួន ជូនដល់អតិថិជន ជាហេតុនាំឱ្យអាជីវកម្ម របស់ពួកគាត់ត្រូវធ្លាក់ចុះ ទាំងមិនមានតម្រុយថាតើ ពេលណាទើបស្ថានការណ៍ ត្រលប់មកប្រសើរដូចដើមវិញ។

ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវា កក់ការធ្វើដំណើរដ៏ពេញនិយម នៅកម្ពុជា ក្រុមហ៊ុន TADA កំពុងផ្ដល់ដំណោះស្រាយមួយ ជូនដល់អាជីវករចំពោះបញ្ហានេះ ដោយក្រុមហ៊ុនបានបើកឱ្យដំណើរ ការនូវសេវាដឹកជញ្ជូន TADA Delivery សម្រាប់ជួយឱ្យអាជីវករ អាចបន្តផ្គត់ផ្គង់សេវាកម្ម ជូនដល់អតិថិជនរបស់ខ្លួនបាន នៅគ្រប់ទិសទី ក្នុងរាជធានីភ្នំពេញ។

ជាផ្នែកមួយ នៃការបើកដំណើរការសេវានេះ ក្រុមហ៊ុន TADA នឹងបើកបម្រើសេវាកម្មនេះ ជូនដល់អាជីវករប្រើប្រាស់ ដោយឥតគិតថ្លៃ រយៈពេលមួយខែពេញ។ ដើម្បីប្រើប្រាស់សេវានេះ អាជីវករគ្រាន់តែចុះឈ្មោះងាយៗ ដោយផ្ញើសារ ទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬទូរស័ព្ទឬផ្ញើសារ ទៅកាន់គណនី Telegram របស់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ 061555643 ឬ 010555643។ សូមបញ្ជាក់ផងដែរថា សេវានេះ ចាប់បើកដំណើរការ ចាប់ពីសប្តាហ៍នេះតទៅ។

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅក្រុមហ៊ុន TADA CAMBODIA បានមានប្រសាសន៍ថា៖ “ហេតុផលដែលយើងបើក នូវសេវាកម្មដឹកជញ្ជូននេះ គឺយើងចង់ធ្វើការគាំទ្រ មិនត្រឹមតែ អ្នកបើកបរប៉ុណ្ណោះទេ គឺយើងចង់គាំទ្រ រហូតទៅដល់អាជីវករ និងអាជីវកម្ម ក្នុងស្រុករបស់យើង ដែលកំពុងជួបការលំបាក នៅក្នុងពេល កូវីដ-១៩ ព្រោះអាជីវករភាគច្រើន​ មិនមានលទ្ធភាព ក្នុងការជួលសេវាដឹកជញ្ជូន ដោយផ្ទាល់ខ្លួននោះទេ។ យើងផ្ដល់ឱ្យគាត់ក្នុង រយៈពេល ១ខែ ក្នុងការដឹកជញ្ជូនឱ្យគាត់ ដោយឥតគិតថ្លៃក្នុង ទីក្រុងភ្នំពេញ អញ្ចឹងសង្ឈឹមថា ការផ្ដល់ជូនដោយឥតគិតថ្លៃនេះ អាចជួយអាជីវករម្មគាត់ និងការទំនាក់ទំនងឡើងវិញ ជាមួយអតិថិជនរបស់គាត់។”

សេវា TADA Delivery ដំណើរការដោយប្រព័ន្ធគ្រប់គ្រង ការដឹកជញ្ជូន តាមអនឡាញដ៏ទំនើប មិនធ្លាប់មាននៅកម្ពុជា ព្រមទាំងអាចជួយឱ្យអាជីវករ កក់និងពិនិត្យ មើលលំហូរនៃការដឹកជញ្ជូនទំនិញ របស់ពួកគាត់ បានយ៉ាងងាយស្រួល។ ប្រព័ន្ធនេះ ក៏ជួយឱ្យអាជីវករ អាចគ្រប់គ្រងការបង់ប្រាក់ ថ្លៃទំនិញរបស់ខ្លួន បានផងដែរ ទាំងការទូទាត់ជាក្រដាសប្រាក់ និងទូទាត់តាមគណនី ដោយថវិកា នោះនឹងត្រូវទទួលជំនួស ដោយអ្នកបើករឺម៉កកង់បី ។

អាជីវករដែលបានចុះឈ្មោះរួច បានឱ្យដឹងថា សេវា TADA Delivery ផ្ដល់ជំនួយបានច្រើន ដល់អាជីវកម្មរបស់ពួកគាត់។

កញ្ញា ភា ស្រីម៊ុម អ្នកតំណាងហាងលក់សម្ភារៈកីឡា Lifeshion បានឱ្យដឹងថា៖ “តាំងពីពេល កូវីដ-១៩ បានមកដល់ប្រទេសកម្ពុជា ការលក់នូវឧបករណ៍ ហាត់ប្រាណ មានការធ្លាក់ចុះ ហើយភ្ញៀវក៏មិនហ៊ានដើរចូល មកហាងផ្ទាល់ដែរ អញ្ចឹងដើម្បីបម្រើ ដល់អតិថិជន យើងមានការសហការណ៍ ជាមួយ នឹង ក្រុមហ៊ុន TADA សំរាប់ការ Deliveryជូនភ្ញៀវ ដែលជាសេវាកម្មរហ័សទាន់ចិត្ត”

អតិថិជនដែលជាអ្នកទិញទំនិញ ក៏នឹងទទួលបានអត្ថប្រយោជន៍ ពីសេវាដឹកជញ្ជូននេះផងដែរ ពីព្រោះពួកគាត់អាចទិញទំនិញបាន ដោយមិនចាំបាច់ ធ្វើដំណើរ ទៅកាន់ហាងដោយផ្ទាល់នោះទេ ព្រោះសេវានេះ នឹងដឹកទំនិញរបស់គាត់ ជូនដល់គេហដ្ឋានតែម្ដង។

រីឯសម្រាប់អ្នករត់រឺម៉កកង់បី ដែលជាកម្លាំងស្នូលនៃសេវា TADA Delivery វិញ ពួកគាត់យល់ឃើញថា សេវានេះពិតជាអាច ជួយសម្រាលបន្ទុក ផ្នែកសេដ្ឋកិច្ច របស់ពួកគាត់ បានមួយកម្រិតដែរ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោក ហែ ផល្លី អ្នករត់រឺម៉កកង់បីម្នាក់ បានឱ្យដឹងថា៖ “មួយរយៈនេះ ខ្សត់ភ្ញៀវ ហៅកង់បីជិះណាស់។ តែដល់ពេលមាន សេវាដឹកឥវ៉ាន់នេះ វាក៏ជួយជីវភាព ខ្ញុំបានច្រើនគួរសមដែរ។ បើសិនជាគ្មានសេវា ដឹកឥវ៉ាន់នេះទេ វាធ្វើឱ្យអ្នករត់កង់បីនេះ មានការលំបាកយ៉ាងខ្លាំង។”

ក្រុមហ៊ុន TADA បានឱ្យដឹងថា ពីដំបូងឡើយ ក្រុមហ៊ុនគ្រោង នឹងដាក់ឱ្យដំណើរការ នូវសេវាដឹកជញ្ជូននេះ នៅពីរបីខែខាងមុខឯណោះទេ។ ប៉ុន្តែដោយហេតុថា វីរុសកូវីដ-១៩ បានរាតត្បាត ពាសពេញពិភពលោក ក្រុមហ៊ុនក៏សម្រេចចិត្តពន្លឿន ពេលបើកដំណើរការ សេវានេះមុនផែនការវិញ ដើម្បីឆ្លើយតប ទៅតាមសេចក្ដីត្រូវការ ដ៏ចាំបាច់របស់អាជីវករ នាទីក្រុងភ្នំពេញ។

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅក្រុមហ៊ុន TADA CAMBODIA បានបន្ថែមថា៖ “[នេះ]គឺជាផ្នែកមួយសំខាន់ ក្នុងការចូលរួមចំណែក ក្នុងការសំរេច នូវចក្ខុវិស័យរបស់យើង ថាយើងមិនត្រឹមតែ អាចជួយដៃគូរ បើកបររបស់យើង តែប៉ុណ្ណោះទេ យើងចង់ជួយដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូររកស៊ី ជាមួយយើងទាំងអស់គ្នា ជាពិសេសហ្នឹងគឺ ចង់បន្ថែមទៅលើកិច្ចខំប្រឹងប្រែង របស់រដ្ឋាភិបាល ដើម្បីធ្វើម៉េច ស្ដារលទ្ធភាពសេដ្ឋកិច្ចយើងឱ្យដូចដើមវិញ។ មិនតែប៉ុណ្ណោះសេវាកម្ម របស់យើងនៅមានច្រើនទៀត ដែលយើងនឹងធ្វើការប្រកាស ក្នុងពេលឆាប់ៗនេះ ហើយទាំងអស់ហ្នឹង គឺជាផ្នែកមួយដែលយើងព្យាយាម ធ្វើដើម្បីរួមចំណែក ក្នុងការសំរេចបាននូវ ចក្ខុវិស័យរយៈពេលវែងរបស់យើង”៕

To Top