អត្ថបទ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានទទួលហិរញ្ញប្បទាន ៥០ លានដុល្លារ

ភ្នំពេញ ៖ នាពេលថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចុះហត្ថលេខាទទួលហិរញ្ញប្ប ទានរយៈពេល ៣ឆ្នាំ ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិកពី ធនាគារកាថេ យូណៃធីត ហៅកាត់ថា “CUB” ។

ប្រតិបត្តិការនេះ គឺជាសមិទ្ធផលមួយដែលកើតឡើងចំពេលដំណាលគ្នាជាមួយ វីរ៉ុសកូវីដ១៩ និងសង្គ្រាមតម្លៃប្រេង រុស្ស៊ីជាមួយអារ៉ាប៊ីសាអូឌីត។

ធនាគារកាថេ យូណៃធីត ហៅកាត់ថា “CUB” បានដើរតួជាយ៉ាងសំខាន់ ក្នុងការ ជួយជ្រោមជ្រែងផ្តល់ហិរញ្ញប្បទាននេះ និងដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀតនៅអាស៊ី ដែលនេះសបញ្ជាក់អំពីគុណភាពឥណទាន និងភាពរឹងមាំរបស់អម្រឹត។ ធនាគារកាថេ យូណៃធីត គឺជាជម្រើសដៃគូសហការមួយរបស់ អម្រឹត សម្រាប់តម្រូវការហិរញ្ញប្បទាននាពេលអនាគត។

លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានបញ្ជាក់ថា ដូច្នេះថា «ប្រាក់កម្ចីនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់បេសកកម្មរបស់ អម្រឹត ដើម្បីផ្តល់ជូនដល់ក្រុមប្រជាពលរដ្ឋខ្មែរ ដែលមិនមានលទ្ធភាពទទួលបានសេវាកម្មពីធនាគារ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»។

លោកបន្ដថា អម្រឹតមានមោទនភាពចំពោះការផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវខ្ពស់បំផុតក្នុងសង្គម។

សូរំលឹកថា អម្រឹត បច្ចុប្បន្ននេះ មានអតិថិជន ជាងកន្លះលាននាក់កំពុងប្រើប្រាស់ សេវាកម្ម របស់អម្រឹត ក្នុងនោះរួមមានកសិករដែលមានប្រាក់ចំណូលទាប រហូតដល់ សហគ្រាសខ្នាតតូច និងមធ្យម ដែលប្រើប្រាស់សេវាឥណទាន សេវាប្រាក់បញ្ញើ និងសេវាកម្មផ្សេងៗ។

អម្រឹត មានសាខាចំនួន១៥៨ នៅទូទាំងប្រទេស ជាមួយបណ្តាញឌីជីថលជាច្រើនប្រភេទ ។ អម្រឹត មានបុគ្គលិកជាង ៤.៥០០ នាក់ មានទ្រព្យសកម្មជាង ១ ពាន់លានដុល្លារសហរដ្ឋ អាមេរិក និងមានប្រាក់បញ្ញើសរុបជាង ៥០០ លានដុល្លារសហរដ្ឋអាមេរិក។

អម្រឹត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យ មីក្រូហិរញ្ញវត្ថុអន្តរជាតិឈានមុខគេមួយ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ទៅកាន់ប្រជាជនដែលមានប្រាក់ចំណូលទាបនិងសហគ្រាសធុនតូចនិងមធ្យម នៅ ១០ប្រទេស ក្នុងពិភពលោក ។ FMO និង IFC គឺជាភាគទុនិកធំ២ទៀត ដែលមានទ្រព្យសកម្ម រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

To Top