អត្ថបទ

Vietjet ចំណេញប្រាក់ ជាង ៣ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២០ ថ្វីដ្បិតមានបញ្ហា ជំងឺកូវីដ-១៩ ក្ដី

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅថ្ងៃទី៤ ខែសីហា ឆ្នាំ​២០២០​ បានបញ្ចេញរបាយការណ៍ លទ្ធផលអាជីវកម្ម ប្រចាំត្រីមាសទី ២ ក្នុងឆ្នាំ ២០២០ ជាពេលដែលរងផល ប៉ះពាល់ខ្លាំងបំផុត ពីជំងឺកូវីដ-១៩។

នៅក្នុងត្រីមាស ទីពីរនេះ ក្រុមហ៊ុន Vietjet បានធ្វើប្រតិបត្តិការ ហោះហើរចំនួន ១៤,០០០ ជើងហោះហើរ នៅលើផ្លូវ ហោះហើរ ក្នុងស្រុកចំនួន ៥២ ផ្លូវ ដោយបាន ដឹកជញ្ជូនអ្នកដំណើរ ចំនួនជាង ២ លាននាក់។

នៅត្រីមាសទី ២ នេះ ក្រុមហ៊ុន Vietjet ទទួលបានប្រាក់ចំណូល ពីការដឹកជញ្ជូន តាមផ្លូវអាកាស ចំនួន ១,៩៧០ ពាន់លានដុង (ប្រមាណ ៨៤.៥ លានដុល្លារ សហរដ្ឋអាមេរិក) ដែលធ្លាក់ចុះ ៥៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលស្មើនឹងទឹកប្រាក់ ១,១២២ ពាន់លានដុង (ប្រមាណ ៤៨ លានដុល្លារ)។

បើគិតត្រឹម ៦ ខែដើមឆ្នាំនេះ អាជីវកម្មដឹកជញ្ជូន តាមផ្លូវអាកាស របស់ក្រុមហ៊ុន បានខាតបង់ទឹកប្រាក់ ចំនួន ២,១១១ ពាន់លានដុង (ប្រមាណ ៩០.៥ លានដុល្លារ) ដែលត្រូវបានចាត់ទុកថា ជាការខាតបង់តិចតួច បើធៀបនឹង ឧស្សាហកម្ម អាកាសចរណ៍ សកលលោកទាំងមូល ដែលខាតបង់អស់ ជាទឹកប្រាក់រហូតដល់ ទៅជាង ៨៤ ពាន់ លានដុល្លារ។

ដើម្បីទ្រទ្រង់ដល់លំហូរ សាច់ប្រាក់របស់ខ្លួន ក្រុមហ៊ុន Vietjet បានស្វះស្វែងរកដៃគូ និងដាក់ចេញនូវ ដំណោះ ស្រាយផ្នែហិរញ្ញវត្ថុផ្សេងៗ ដូចជាការផ្ទេរទ្រព្យសកម្ម និងការវិនិយោគផ្នែកហិរញ្ញវត្ថុ ដែលទាំងអស់នេះ បានជួយ ឲ្យក្រុមហ៊ុនទទួលបាន ប្រាក់ចំណូលចំនួន ១,១៧៤ ពាន់លានដុង (ប្រមាណ ៥០.៤ លានដុល្លារ) ដោយក្នុងនោះ ប្រាក់ចំណេញ ជារួមគឺមានទំហំទឹកប្រាក់ ៧៣ ពាន់លានដុង (ប្រមាណ ៣.២ លានដុល្លារ) នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២០។

លទ្ធផលទាំងនេះ អាចសម្រេច ទៅបានក៏អាស្រ័យ ដោយសារមូលដ្ឋានហិរញ្ញវត្ថុ របស់ក្រុមហ៊ុន មានភាពរឹងមាំ ដែលក្រុមហ៊ុន បានពង្រឹងក្នុងរយៈកាល ប៉ុន្មានឆ្នាំមកនេះ។

ប្រទេសវៀតណាម បានបើកឲ្យមានការហោះហើរ ក្នុងស្រុកឡើងវិញ កាលពីខែមិថុនា កន្លងទៅនេះ ហើយក្រុម ហ៊ុន Vietjet ក៏បានចាប់ផ្ដើម បណ្ដាញហោះហើរ ក្នុងស្រុករបស់ខ្លួនឡើងវិញ ដោយមានការហោះហើរ ចំនួន ៣០០ ជើងហោះហើរក្នុងមួយថ្ងៃ ពោលគឺបានកើនឡើង រហូតដល់ទៅ ៥ ដង បើធៀបនឹងពេលវេលា ដែលកូវីដ-១៩ កំពុងរាលដាល ពេញបន្ទុក ក្នុងប្រទេសវៀតណាម។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបន្ថែមផ្លូវហោះហើរ ចំនួន ៨ ទៀត ដើម្បីបំពេញ តាមកំណើន នៃការធ្វើដំណើរក្នុង ស្រុក ដូច្នេះ បណ្ដាញផ្លូវហោះហើរ ក្នុងស្រុកសរុប របស់ក្រុមហ៊ុន គឺមានចំនួន ៥២ ផ្លូវហោះហើរ។ កាលពីខែ មិថុនា ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរចំនួន ១.២ លាននាក់ ដែលជាការងើបឡើងវិញ ប្រកបដោយ ភាពវិជ្ជមាន សម្រាប់ទីផ្សារ ហោះហើរក្នុងស្រុក។

ក្រុមហ៊ុន Vietjet បាននិងកំពុងអនុវត្ត នូវវិធានការសន្សំការចំណាយ ដោយក្នុងនោះ ការចំណាយបានធ្លាក់ចុះជា មធ្យមចំនួន ៥៥% ដោយសារតែមាន ការកាត់បន្ថយ ទំហំប្រតិបត្តិការ ប្រមាណ ៣០%-៣៥% ហើយការចំណាយ លើសេវានានា បានធ្លាក់ចុះ ប្រមាណ ២០% – ២៥%។ ជាពិសេស កាលពីខែឧសភា ក្រុមហ៊ុន Vietjet បានស្តុក ប្រេងឥន្ធនៈទុក ដោយជោគជ័យ ក្នុងឱកាសដែលតម្លៃប្រេងធ្លាក់ចុះ ដែលជ័យដល់ការកាត់បន្ថយ ចំណាយបាន ២៥% ធៀបនឹងតម្លៃទីផ្សារ។

ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន គិតជាទឹកប្រាក់គឺ ៤៨,៣៩២ ពាន់លានដុង (ប្រមាណ ២.០៧៥ ពាន់លានដុល្លារ) ដែលក្នុងនោះ ភាគហ៊ុន របស់ម្ចាស់ក្រុមហ៊ុន គឺមានទំហំទឹកប្រាក់ ១៧,៣៣៩ ពាន់លានដុង (ប្រមាណ ៧៤៥ លានដុល្លារ) ។

ក្រុមហ៊ុនក៏មានភាពសកម្ម លើវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ដោយបានអនុវត្ត នូវដំណោះស្រាយ ជាច្រើនចាប់តាំងពីដើមឆ្នាំ ២០២០ មកម្លេះ។ ក្នុងនោះរួមមាន ការពង្រីកអាជីវកម្ម ដឹកជញ្ជូនទំនិញ បង្កើតផលិតផល SkyBoss និងសេវាកម្មបន្ទាប់បន្សំ ការផ្ដល់ប័ណ្ណ “Power Pass” ជាសំបុត្រឡើងជិះឥតដែន កំណត់ និងកម្មវិធីជាច្រើនទៀត។

ជារួម លទ្ធផលអាជីវកម្ម ដឹកជញ្ជូនតាមផ្លូវអាកាស របស់ក្រុមហ៊ុន និងសកម្មភាពអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ត្រូវបាន ចាត់ទុកថាមានភាពវិជ្ជមាន ដែលធ្វើឲ្យក្រុមហ៊ុន Vietjet ស្ថិតក្នុងចំណោម ក្រុមហ៊ុនអាកាសចរណ៍ តិចតួចប៉ុណ្ណោះ ក្នុងពិភពលោក ដែលអាចទប់ទល់បានល្អ ជាមួយនឹងជំងឺកូវីដ-១៩៕

To Top
×