អត្ថបទ

មូលនិធិទឹកប្រាក់ ១លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំង កូវីដ១៩ គាំទ្រដល់​ គម្រោងថ្មីចំនួន ២ ផ្ដោតលើ ផលិតកម្ម ចំណីអាហារ និងសេវា សុខភាពផ្លូវចិត្ត

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះថា ក្រុមហ៊ុនបានផ្ដល់ជំនួយ​ មូលនិធិបន្ថែមទៀត ពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងកូវីដ-១៩ របស់ខ្លួន ដល់គម្រោងចំនួនពីរ ក្នុងគោលបំណង ជួយប្រជាពលរដ្ឋកម្ពុជា ទប់ទល់ នឹងផលប៉ះពាល់ ផ្នែកសង្គម និងសេដ្ឋកិច្ច ដោយសារតែជំងឺរាតត្បាត កូវីដ១៩។

អង្គការវឌ្ឍនភាពសហគមន៍ (Community Advancement Organization) ជាអង្គការមួយ ដែលជួយកសិករចំនួនជាង ៤៥០ គ្រួសារ ឲ្យត្រៀមខ្លួនបន្ថែម ក្នុងរបរកសិកម្ម នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង នឹងបានចូលក្នុងបញ្ជីឈ្មោះស្ថាប័ន ដែលទទួលការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីមូលនិធិ ដើម្បីប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Smart។

ស្ថាប័នមួយទៀត ដែលទទួលបានជំនួយពីមូលនិធិនេះ គឺអង្គការ ចិត្តសង្គមអន្តរវប្បធម៌ (Transcultural Psychosocial Organization) ដែលមានបំណងផ្ដល់សេវា ប្រឹក្សាពិគ្រោះយោបល់ សុខភាពផ្លូវចិត្ត ដល់ក្រុមងាយរងគ្រោះ នៅក្នុង ខេត្តបន្ទាយមានជ័យ។

ជាមួយនឹងការផ្ដល់ជំនួយ មូលនិធិដល់គម្រោងថ្មីចំនួន ២ បន្ថែមទៀត នៅពេលនេះ មូលនិធិដើម្បីប្រឆាំង ជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Smart បានកំពុងជួយគាំទ្រ ដល់គម្រោងចំនួន ១១ ផ្សេងៗគ្នា ដែលគម្រោងទាំងនោះ មានគោលដៅជួយទ្រទ្រង់ ដល់ប្រជាពលរដ្ឋកម្ពុជា នៅអំឡុងពេល នៃស្ថានភាពលំបាកនេះ។

លោក ឥន ផាន្នី គ្រូកសិកម្ម នៃអង្គការវឌ្ឍនភាពសហគមន៍ ដែលបណ្ដុះបណ្ដា លកសិករនៅក្នុងខេត្តស្វាយរៀង និងជួយបង្កើនជំនាញ ដល់កសិករទាំងនោះ បានមានប្រសាសន៍ថា៖ «មូលនិធិទឹកប្រាក់ ១ លានដុល្លា ដើម្បីប្រឆាំងកូវីដ១៩ របស់ ក្រុមហ៊ុន Smart Axiata កំពុងជួយផ្ដល់ឱកាសសេដ្ឋកិច្ច ដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋតាមទីជនបទ ដែលក្នុងនោះមានអ្នកខ្លះ បាត់បង់ការងារ ដោយសារតែវីរុស កូវីដ១៩។ មូលនិធិនេះមិនត្រឹមតែ ផ្ដល់លទ្ធភាព ដល់ក្រុមគ្រួសារទាំងនោះ ឲ្យអាចផលិតចំណីអាហារ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទ្រទ្រង់ ដល់ប្រាក់ចំណូល គ្រួសាររបស់គេផងដែរ។»

អង្គការវឌ្ឍនភាពសហគមន៍ ក៏ផ្ដល់ជាពូជដំណាំ និងសត្វចិញ្ចឹមយកសាច់ ដើម្បីជួយកសិករបង្កើន ទិន្នផលផលិតកម្ម របស់ខ្លួនផងដែរ។

វេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិអង្គការចិត្ត សង្គមអន្តរវប្បធម៌ បានមានប្រសាសន៍ថា៖ «ជំងឺកូវីដ១៩ គឺជាករណីដែលអាចប៉ះទង្គិច ផ្លូវចិត្តយ៉ាងខ្លាំង។ ជំងឺនេះប៉ះពាល់មកលើមនុស្សគ្រប់គ្នា នៅលើភពផែនដី ដោយពុំគិតពីភេទ ជាតិសាសន៍ ឬសាសនាឡើយ។ ជំងឺរាតត្បាតនេះ បានបង្កឲ្យមានការភ័យខ្លាច ភាពមិនច្បាស់លាស់ និងទុក្ខព្រួយ សម្រាប់មនុស្សជាច្រើន មិនថាក្នុងលក្ខណៈណានោះទេ។ លោកបានបន្ថែមទៀតថា សម្រាប់ប្រជាជន ដែលងាយរងគ្រោះ ក្ដីបារម្ភ និងទុក្ខព្រួយបែបនេះ អាចបង្កឲ្យមានបញ្ហាសុខភាព ផ្លូវចិត្តធ្ងន់ធ្ងរបាន»។

វេជ្ជបណ្ឌិត សុធារ៉ា បានបន្ថែមយ៉ាងដូច្នេះថា៖ «នៅពេលយើងប្រឈម ជាមួយស្ថានភាពលំបាកដូច្នេះ មិនមែនមានតែសុខភាព ផ្លូវកាយតែមួយមុខទេ ដែលយើងចាំបាច់ ត្រូវតែបារម្ភនោះ។ យើងក៏គួរយកចិត្តទុកដាក់ ឲ្យបានខ្លាំងចំពោះស្ថានភាព ផ្លូវចិត្តរបស់យើង និងសុខភាពផ្លូវចិត្ត របស់អ្នកដែលងាយរងគ្រោះ ជាងគេបំផុត។ ប្រសិនបើអ្នកមានអារម្មណ៍ថា សុខភាពផ្លូវចិត្តរបស់អ្នក កាន់តែមានសភាពតានតឹង ហើយអ្នកលែងអាចទ្រាំទ្រ នឹងស្ថានភាពបែបនោះទៀតបាន ដូច្នេះ សូមមេត្តាស្វែងរក ជំនួយពីអ្នកជំនាញ។

ដោយមានការគាំទ្រពីក្រុមហ៊ុន Smart យើងរំពឹងថា នឹងអាចពង្រីកសេវា ពិគ្រោះយោបល់ និងសេវាដំបូន្មានសុខភាពផ្លូវចិត្ត បន្ថែមទៀតនៅតាមសហគមន៍ ដែលងាយរងគ្រោះខ្លាំងជាងគេបំផុត»។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាព ដែលមានឱកាសបានជួយគាំទ្រ ដល់គម្រោងសំខាន់ៗបែបនេះ។ វិស័យកសិកម្ម ជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ច កម្ពុជា ដូច្នេះការផ្ដល់ជំនាញថ្មីៗ ដល់កសិករគឺជារឿងសំខាន់ សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយភាពវិជ្ជមាន នៃវិស័យនេះ។ វិបត្តិសុខភាពសាធារណៈ ជាសកលនាពេលនេះ ដែលពុំធ្លាប់មាន ពីមុនមកសោះនោះ កំពុងបង្កឲ្យមាន ភាពតានតឹង និងក្ដីព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់មនុស្សជាច្រើន ដូច្នេះវារឹតតែសំខាន់ថែមទៀត ដែលមូលនិធិរបស់ក្រុមហ៊ុន Smart ផ្ដល់ជំនួយ ទៅឲ្យសេវា ថែទាំសុខភាពផ្លូវចិត្ត ដែលអាចត្រូវបាន គេមើលរំលងថា បើគ្មានសេវានេះទេ នោះនឹងមានផលវិបាកគ្រោះថ្នាក់ ពិតប្រាកដដោយសារ តែវិបត្តិសកល យ៉ាងធំធេងនាពេលនេះ»។

ការផ្ដល់មូលនិធិជំនួយ ដល់គម្រោងថ្មីពីរនេះ ត្រូវបានអនុម័ត ដោយគណៈកម្មការវាយតម្លៃ ដែលមានសមាសភាពជា ភាគីពាក់ព័ន្ធចម្រុះ ក្នុងនោះរួមមានក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងតំណាងឯករាជ្យមកពីកម្ពុជា ហើយការអនុម័តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យ យ៉ាងហ្មត់ចត់ ពីសំណាក់គណៈកម្មការផ្ទៃក្នុង។

សម្រាប់ព័ត៌មានបន្ថែមអំពី មូលនិធិទឹកប្រាក់ ១ លានដុល្លាសម្រាប់ប្រឆាំងកូវីដ-១៩ របស់ ក្រុមហ៊ុន Smart Axiata សូមតាមដានលើទំព័រ Facebook របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

To Top