ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត តូន ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមទាំងបុគ្គលិកនៃមន្ទីរពេទ្យជាច្រើននាក់ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈដែលតម្រូវការឈាម ក្នុងមួយថ្ងៃៗនៅតែមានការកើនឡើង ។
មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរពេទ្យជោរៃភ្នំពេញ ដែលចូលរួមក្នុងសកម្មភាព ជួយសង្គមជាច្រើនផងដែរ ជាក់ស្ដែងដូចកម្មវិធីដែលបានបង្កើតឡើង ដែលមានឈ្មោះថា «ទឹកចិត្ត មនុស្សធម៌ រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស» ។ មន្ទីរពេទ្យជោរៃភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងពិធីទឹកចិត្ត មនុស្សធម៌ រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ដែលសហការរៀបចំ ដោយមន្ទីរពេទ្យជោរៃភ្នំពេញ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី៨ កញ្ញានេះ លោកវេជ្ជបណ្ឌិត តូន ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំ មន្ទីរពេទ្យជោរៃភ្នំពេញ រៀបចំកម្មវិធីបរិច្ចាគឈាម ២ដង ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ។ ឆ្នាំនេះមន្ទីរពេទ្យជោរៃ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមចំនួន ៣ដង ដោយលើកទី៣ គ្រោងរៀបចំនៅខែធ្នូ ។ លោកថា នៅថ្ងៃនេះ ក៏មាននិស្សិតពេទ្យដែលចុះ មកស្តានៅមន្ទីរពេទ្យជោរៃ ជាច្រើននាក់ចូលរួម បរិច្ចាគឈាមផងដែរ ។
លោកវេជ្ជបណ្ឌិតបន្តថា នេះជាលើកទី៤ហើយ ដែលលោកបានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។ លោកក៏បានអំពាវនាវ ឲ្យពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះឈាមមួយប្លោក អាចជួយសង្គ្រោះអ្នកជំងឺ និងអ្នករងគ្រោះបានម្នាក់ ។ ការបរិច្ចាគឈាមនេះ គឺពុំមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពទេ តែផ្ទុយទៅវិញ គឺជួយឲ្យមានសុខភាពល្អ ។
ក្នុងឱកាសនោះដែរលោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានលើកឡើងថា សព្វថ្ងៃនេះតម្រូវការឈាម នៅរាជធានីភ្នំពេញ គឺក្នុងរង្វង់ ២០០ប្លោក ក្នុងមួយថ្ងៃ ហើយសរុបនៅទូទាំងប្រទេសគឺ មានតម្រូវការប្រមាណ ៣០០ប្លោក ក្នុងមួយថ្ងៃ ។ លោកថា អ្នកដឹងស្រាប់ហើយ លេខ១នៃតម្រូវការឈាម គឺគ្រោះថ្នាក់ចរាចរណ៍ និងលេខ២ គឺការវះកាត់ធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការប្រើប្រាស់ឈាម ។
លោកប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេសវិស័យឯកជន ក៏ចជាមូលដ្ឋានសុខាភិបាលទាំងអស់ មេត្តាចូលរួមលើកកម្ពស់ ជំរុញការបរិច្ចាគឈាម ដោយមិនគិតកម្រៃ ឲ្យបានច្រើនតទៅទៀត ។
ជាមួយគ្នានោះដែរលោក ផាន់ សុខា នាយកហិរញ្ញវត្ថុ នៃមន្ទីរពេទ្យជោរៃ ភ្នំពេញ បានលើកឡើងថា ដោយសារតែតម្រូវការឈាម មានការកើនឡើង ដូច្នេះហើយទើបនៅឆ្នាំនេះ មន្ទីរពេទ្យជោរៃ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមចំនួន ៣ដង ដែលលើកទី៣ គឺធ្វើលក្ខណៈទ្រង់ទ្រាយធំ ដោយផ្សព្វផ្សាយទៅក្រៅឲ្យបានច្រើន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមផងដែរ ។ លោកថា លើកទី៣នេះ មានផែនការធ្វើឲ្យបានពី ១០០-១៥០ប្លោក ។
លោកនាយកហិរញ្ញវត្ថុ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ព្រោះការបរិច្ចាគឈាម ជួយសង្គ្រោះជិវិតមនុស្សនេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបានទេ ជាពិសេសមិនត្រឹមតែ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពតទេ ថែមទាំងធ្វើសុខភាព និងរាងកាយល្អប្រសើរជាងមុន ៕