អត្ថបទ

មិត្តហ្វូន ប្រកាសដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងសាលារៀន ជូនវិទ្យាល័យចំនួន១៥០

ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសជាផ្លូវការនៃគម្រោង ការដាក់ពង្រាយប្រព័ន្ធ ព័ត៌មានវិទ្យាសម្រាប់សាលា (SIS) ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា។ ក្នុងវេទិកានេះបានកំណត់ជាអាទិភាព សម្រាប់សាលារៀនចំនួន ១៥០ ក្នុងដំណាក់កាលដំបូង។

ក្រុមហ៊ុនមិត្តហ្វូន មានកិត្តិយសដែលបានក្លាយជា ក្រុមហ៊ុនតែមួយគត់ក្នុងការអនុវត្ត គម្រោងនេះសម្រាប់ក្រសួង។ ក្នុងឱកាសនេះផងដែរ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក៏បានបង្កើតគណៈកម្មាធិការគ្រប់គ្រង និងដាក់ពង្រាយប្រព័ន្ធ SIS សម្រាប់សាលារៀន ដោយក្រសួងអប់រំ និងមិត្តហ្វូនមានគោលបំណង ដាក់អោយប្រើប្រាស់ប្រព័ន្ធនេះ សម្រាប់សាលារៀនរហូតជាង ៣០០០ កន្លែងនៅទូទាំងប្រទេស។ គណៈកម្មាធិការនេះមានការ ចូលរួមពីលោករដ្ឋមន្ត្រី ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមិត្តហ្វូន ថ្នាក់ដឹកនាំក្រសួង និង មន្រ្តីបច្ចេកទេសជាច្រើនរូបផងដែរ ។

ព្រឹត្តិការណ៍នេះគឺជាជំហានបន្ទាប់ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា រួមជាមួយក្រុមហ៊ុនមិត្តហ្វូន បានសហប្រតិបត្តិការតាមរយៈ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដែលស្តីពីការដាក់ពង្រាយ ប្រព័ន្ធអប់រំបែបឌីជីថល និងដំណោះស្រាយតាមប្រព័ន្ធ អេឡិចត្រូនិចរបស់រដ្ឋាភិបាល (e-Government) នៅក្រសួងអប់រំយុវជន និងកីឡា និងមន្ទីរគ្រប់ខេត្តក្រុង។

SIS គឺជាដំណោះស្រាយមួយ ដែលមានភាពលេចធ្លោរបស់មិត្ដហ្វូន សម្រាប់វិស័យអប់រំដែលបានដាក់ អោយប្រើប្រាស់នៅតាមវិទ្យាល័យនានា នៅក្នុងខេត្តកណ្តាលនិង ខេត្តសៀមរាប។ SIS អនុញ្ញាតឱ្យគ្រូបង្រៀនពិនិត្យ និងបញ្ចូលវត្តមានរបស់សិស្ស និងការដាក់ពិន្ទុរបស់ពួកគេ នៅក្នុងប្រវត្តិរូបអេឡិចត្រូនិកផ្ទាល់ខ្លួន ការគ្រប់គ្រងពេលវេលាសិក្សា ការបញ្ចូលពិន្ទុនៃលទ្ធផលប្រលង ការគ្រប់គ្រងថ្នាក់រៀន លើសពីនេះទៅទៀតគឺអាចមើល និងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន ហើយក៏អាចផ្ញើចេញ ឬ ធ្វើការជូនដំណឹងដល់សិស្ស និង ឪពុកម្តាយរបស់ពួកគេផងដែរ។ ម្យ៉ាងវិញទៀតសិស្ស និងឪពុកម្តាយរបស់ពួកគេ ក៏អាចពិនិត្យមើលវត្តមាន កាលវិភាគ ព័ត៌មានលំអិតនៃតម្លៃថ្លៃសេវាកម្ម និងកាលបរិច្ឆេទប្រឡងផងដែរ។ ពួកគេអាចតាមដានការសិក្សាកូនៗ របស់ពួកគេគ្រប់ពេលវេលា និងទទួលបានការជូនដំណឹង ពីលោកគ្រូ អ្នកគ្រូហើយអាចបញ្ជូនសំណូមពរ ទៅសាលារៀនបានផងដែរ។ រាល់សកម្មភាពទាំងនេះ នឹងត្រូវបានប្រតិបត្តិយ៉ាងងាយស្រួល បំផុតតាមរយៈស្មាតហ្វូន ឬកុំព្យូទ័រ។

បន្ទាប់ពីទទួលបានជោគជ័យ នៃការសាកល្បងនៅតាមសាលាចំនួន ២រួចមក ក្រសួងអប់រំយុវជន និងកីឡា បានទទួលស្គាល់ពីសារៈសំខាន់ នៃគម្រោងនេះក្នុងវិស័យអប់រំតាមបែបឌីជីថល និងការលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មាន វិទ្យាសម្រាប់សិស្សានុសិស្សនៅកម្ពុជា។
ក្រសួងក៏បានអនុញ្ញាតឱ្យ ក្រុមហ៊ុនមិត្តហ្វូនអនុវត្តន៍នូវ ដំណោះស្រាយនេះឱ្យបានទូលំទូលាយ ដល់សាលារៀនដទៃទៀត ក៏ដូចជាបង្កើតគណៈកម្មាធិការដឹកនាំ គ្រប់គ្រងការដាក់ពង្រាយ និងតាមដានប្រសិទ្ធភាព នៃប្រព័ន្ធនេះក្នុងពេលដាក់ ឱ្យប្រើប្រាស់ទូទាំងប្រទេស។ គណៈកម្មាធិការនឹងមានទំនួលខុសត្រូវ ពេញលេញលើការដឹកនាំ និងសម្របសម្រួលធនធានទាំងអស់ ដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យ។

ថ្លែងនៅក្នុងកម្មវិធីនោះ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបញ្ជាក់ថា “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា ដែលជួយឱ្យថ្នាក់ដឹកនាំសាលាងាយស្រួល គ្រប់គ្រងព័ត៌មាននៃ ការសិក្សារបស់សិស្ស នៅក្នុងយុគសម័យឌីជីថលនេះ។ ឥឡូវនេះយើងកំពុងដាក់ពង្រាយប្រព័ន្ធនេះទៅសាលារៀនចំនួន ១៥០ នៅឆ្នាំនេះ ហើយនឹងពង្រីកដល់សាលារៀនជាង ៣០០០ កន្លែងទៀតនៅឆ្នាំក្រោយ។ ជាមួយមិត្តហ្វូនយើងរំពឹងទុក យ៉ាងមុតមាំថា នឹងពង្រឹងវិស័យអប់រំ និងអនុវត្តគម្រោងនេះដោយជោគជ័យ” ។

ជាការឆ្លើយតបលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្ត្រី ដែលបានជ្រើសរើសយកក្រុមហ៊ុនមិត្តហ្វូន ជាដៃគូសម្រាប់អនុវត្តន៍គម្រោងនេះ។

លោកបានមានប្រសាសន៍ថា “វាជាកិត្តិយសណាស់ដែលលោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី និងក្រសួងអប់រំបានជ្រើសរើសក្រុមហ៊ុនមិត្តហ្វូន ជាដៃគូតែមួយគត់ក្នុងការអនុវត្តប្រព័ន្ធ SIS សម្រាប់សាលារៀន។ យើងប្តេជ្ញាប្រឹងប្រែងអស់ពី សមត្ថភាពដើម្បីបញ្ចប់គម្រោង តាមពេលវេលាដែលបានកំណត់ និងនាំមកនូវគុណប្រយោជន៍ នៃប្រព័ន្ធដ៍ល្អនេះដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន” ។

លោកបានបន្ថែមទៀតថា “មិនត្រឹមតែ SIS ទេ ពោលមិត្តហ្វូននឹងបញ្ចូលនូវ ទម្រង់អេឡិចត្រូនិចជា បន្តបន្ទាប់ទៀតរួមមាន e-Learning, e-Library, Digital Book ដើម្បីអនុវត្ត បំលាស់ប្តូរឌីជីថលដ៏ទូលំទូលាយមួយនេះ។ ក្រៅពីនេះ មិត្ដហ្វូនក៏បានសហការជាមួយ នាយកដ្ឋានព័ត៌មានវិទ្យា ក្នុងការអនុវត្តប្រព័ន្ធស្នូលនៃវិស័យអប់រំ ដែលអាចជួយសម្រួលដល់ក្រសួង និងមន្ទីរនានា គ្រប់គ្រងក្នុងប្រតិបត្តិការ របស់ខ្លួនយ៉ាងហ្មត់ចត់” ។

ស្វែងរកព័ត៌មានថ្មីៗនៅលើ ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer និងគេហទំព័រមិត្តហ្វូន www.metfone.com.kh។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top